ក្រោយមានសំណើរបស់មេធាវីលោក កឹម សុខា និងមេធាវីតំណាងរដ្ឋាភិបាលក្នុងសំណុំរឿងចោទប្រកាន់ថា «ក្បត់ជាតិ» សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកពេលសវនាការដែលគ្រោងនឹងធ្វើនៅថ្ងៃពុធ ទី២៥ ខែមីនា ស្អែកនេះ។
ក្រុមមេធាវីរបស់លោក កឹម សុខា និងមេធាវីតំណាងរដ្ឋាភិបាល បានដាក់លិខិតមួយច្បាប់ កាលពីថ្ងៃទី២៣ ខែមីនា ទៅតុលាការ ដោយស្នើសុំលើកពេលសវនាការដែលគម្រោងធ្វើនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈមានការព្រួយបារម្ភអំពីការឆ្លងវីរុសកូរ៉ូណា នៅពេលមានការប្រជុំមនុស្សច្រើន។
បើតាមចំណារនៅលើលិខិតស្នើសុំដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ លោក កូយ សៅ ប្រធានអង្គជំនុំជម្រះ បានសរសេរថា៖ «ឯកភាពតាមពាក្យសុំដោយឲ្យពន្យារពេលរហូតដល់មានការជូនដំណឹងអំពីកាលបរិច្ឆេទសវនាការជាថ្មី»។
មេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកស្រីថា សវនាការលើសំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតុលាការលើកពេលតាមពាក្យសុំរបស់មេធាវីទាំងសងខាង រហូតដល់មានការជូនដំណឹងថ្មី។
សវនាការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ពីបទ«សន្និដ្ឋិភាពជាមួយបរទេស» ឬបទក្បត់ជាតិ ត្រូវបានចាប់ផ្តើមកាលពី១៥ ខែមករា ឆ្នាំ២០២០ និងប្រកាសថាអាចប្រើពេលរហូតដល់ទៅ៣ខែ។ ជាធម្មតាសវនាការនេះ ដំណើរការនៅថ្ងៃពុធ និងព្រហស្បតិ៍ រៀងរាល់ពីរសប្តាហ៍ម្តង។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេសក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា«ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ៕