មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​និង​គណ​បក្ស​កាន់​អំណាច​ជួបគ្នា

លោក ជា ស៊ីម (កណ្តាល) ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ជួប​ជាមួយមេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ លោក ​សម រង្ស៉ី​ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ ទី៦ ខែតុលា ឆ្នាំ២០១៤។

មេ​ដឹក​នាំ​គណបក្ស​ជំទាស់​និង​គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ជំនួប​ដ៏​កម្រមួយ​ ក្រោយ​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត។ ជំនួប​នេះ​ជា​ជំនួប​ធម្មតា​រវាង​មេ​ដឹកនាំ​ទាំង​ពីរ។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់ គឺ លោក ​សម រង្ស៉ី​ បានជួប​ជាមួយ​លោក ​ជា ស៊ីម​ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ដ៏​កម្រមួយ​ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ តែ​ក្រុម​មន្ត្រី​ចាត់ទុក​ថា ​នេះ​ជា​ជំនួប​ធម្មតា​រវាង​មេដឹក​នាំ​ទាំង​ពីរ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​អេង ឆៃអ៊ាង ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

«ដូច្នេះ​ការ​សម្តែង​ការ​គួរសម​ ហើយនឹង​ការ​សួរ​សុខទុក្ខ​រវាង​មេ​ដឹកនាំ​គណបក្ស​ មួយ​ទៅ​មេ​ដឹកនាំ​គណបក្ស​មួយទៀត​គឺ​ជា​រឿង​ធម្មតា ​ហើយ​រឿង​នេះ​ជា​វប្បធម៌​ ជា​ប្រពៃណី​របស់​ខ្មែរ​យើង»។​

លោក​ឆៃអ៊ាង​បាន​អះអាង​ថា​ ក្នុង​ជំនួប​នៅឯ​គេហដ្ឋាន​របស់​លោក​ជា ស៊ីម​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ​ មេដឹកនាំ​ទាំងពីរ​មិន​បាន​ពិភាក្សា​អំពី​បញ្ហា​នយោបាយ​ទេ​គឺ​គ្រាន់តែ​បាន​សួរ​សុខ​ទុក្ខគ្នា​ទៅវិញ​ទៅមក​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។​ លោក​ថា​ ការ​មិន​ពិភាក្សា​រឿង​នយោបាយ​នេះ​គឺ​ដោយសារ​លោក​សម រង្ស៉ី​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​អំពី​បញ្ហា​នយោបាយ​និង​បញ្ហា​ចរចា​គ្នា​រឿង​កែ​ទម្រង់បោះឆ្នោត​នោះ​រួច​ហើយ ​ដែល​កើត​ឡើង​កាលពី​ដើម​ខែ​តុលា​ក្នុង​សភា។​

លោក​ជា ស៊ីម​ត្រូវ​គេ​ដឹង​ថា​ មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ ហើយ​លោក​មិន​សូវ​ចេញ​មុខ​ញឹក​ញាប់​ជា​សាធារណៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

លោក​អេង ឆៃអ៊ាង​បាន​បន្ថែម​ថា​ នេះ​ជា​ជំនួប​ដំបូង​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​រវាង​មេ​ដឹកនាំ​ទាំង​ពីរ។​

ជំនួប​នេះ​កើត​ឡើង​ក្រោយ​ពេល​គណបក្ស​ទាំងពីរ​បាន​ចុះ​កិច្ចព្រម​ព្រៀង​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​ក្នុង​សភា​និង​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំៗ​ កែ​ទម្រង់ប្រព័ន្ធ​បោះឆ្នោត​ជាដើម។​

លោក​ជា ស៊ីម ​ជា​ប្រធាន​ព្រឹទ្ធសភា ​ហើយ​បើ​តាម​ច្បាប់​របស់​ប្រទេស​លោក​ក្លាយ​ជា​ប្រមុខ​រដ្ឋស្តី​ទីម្តងម្កាល​ នៅ​ពេល​ព្រះ​មហាក្សត្រ​អវត្តមាន។

លោក​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិច​ដែល​ឃ្លាំមើល​នយោបាយ​ បាន​អះអាង​ថា ​ជំនួប​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ​និង​ជា​ជំនួប​ដ៏​កម្រ។​

«កន្លង​មក​គណបក្ស​ទាំង​ពីរ​អត់ព្រម​និយាយ​អ្វី​ជា​រឿង​ល្អ​របស់​ភាគី​ម្ខាងទៀត​ទេ ​សូម្បី​តែ​ល្អ​មែន​ក៏អត់​បាន​និយាយ​ផង។​ ប៉ុន្តែ​ក្រោយ​ពី​កិច្ចព្រម​ព្រៀង​ឃើញ​ថា ​គណបក្ស​ទាំង​ពីរ​មានការ​ប្តូរ​យុទ្ធ​សាស្ត្រ ​ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​តែ​ម្តង។​ យើង​ឃើញ​ថា​ គាត់​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​របៀប​ការជួប​ជា​មួយ​នឹង​មេ​ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ដែល​កំពុង​កាន់​អំណាច»។​

ជំនួប​នេះ​កើតឡើង​ក្នុង​ដំណាក់​កាល​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ចរចា​គ្នា​ក្នុង​គោល​បំណង​បញ្ចប់​ច្បាប់​បោះឆ្នោត​ ច្បាប់​ជ្រើស​រើស​តំណាងរាស្ត្រ​នៅ​ដំណាច់​ឆ្នាំ​នេះ៕