មេធាវី​ថា​លោក កឹម សុខា មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ដែល​លោក សម រង្ស៊ី បាន​ប្រកាស

រូបឯកសារ៖ លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី (ស្ដាំ) មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។

ការ​ពិចារណា​លើ​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មួយ​ ដែល​ជា​ប្រកាស​ដោយ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​អំឡុង​ខែ​កក្កដា នឹង​មិនមែន​ជា​ការ​ចង់​បាន​របស់​លោក ​កឹម សុខា​ នោះ​ទេ។ នេះ​ជា​ការ​បក​ស្រាយ​របស់​មេធាវី​មួយ​រូប​របស់​លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ។

លោក ​ចាន់​ ចេន​ មេធាវី​របស់​លោក កឹម សុខា បាន​ថ្លែង​ថា​លោក កឹម សុខា មិន​ចង់​ឲ្យ​យក​ឈ្មោះ​របស់​លោក​ទៅ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ​ទេ បើ​ទោះ​លោក​ជា​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ។

លោក​បាន​ប្រាប់វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម(Telegram)​នៅ​ថ្ងៃ​ចន្ទ​ថា៖ «ឯកឧត្តម​ កឹម សុខា​ មិន​ជាប់​ពាក់ព័ន្ធ មិន​គាំទ្រ​ និង​មិន​ចូលរួម​ក្នុង​ការ​គ្រោង​ និង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ ដែល​ប្រកាស​ដោយ​លោក​ សម រង្ស៊ី​ កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ។ ជាពិសេស​ ឯកឧត្តម ​កឹម សុខា ​ក៏​មិន​អនុញ្ញាត​ឲ្យ​យក​ឈ្មោះ​គាត់​ទៅ​ប្រើប្រាស់​ និង​ភ្ជាប់​ជាមួយ​នោះ​ឡើយ»។​

​នៅ​ពេល​សួរ​អំពី​ហេតុផល​នៅ​ពី​ក្រោយ​ប្រតិកម្ម​របស់​លោក​ កឹម សុខា​ ថា​នឹង​មិន​ភ្ជាប់​ខ្លួន​គាត់​ទៅ​នឹង​ការ​ពិចារណា​ឲ្យ​មាន​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដូច​ការ​លើកឡើង​របស់​លោក ​សម រង្ស៊ី នោះ​ លោក​ ចាន់ ចេន មិន​ផ្តល់​ការ​អធិប្បាយ​បន្ថែម​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា៖ «នេះ​ជា​គោល​ជំហរ​របស់​កូន​ក្តី​ខ្ញុំ​បាទ​ ឯកឧត្តម​ កឹម សុខា​ មិន​មាន​អ្វី​ត្រូវ​បញ្ជាក់​បន្ថែម​ទៀត​ទេ»។

ក្រៅ​ពី​ដក​ខ្លួន​ចេញ​ពី​ការ​គិតគូរ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​នោះ​ លោក​មេធាវី​អធិប្បាយបន្ត​ថា​លោក ​កឹម សុខា​ ក៏​បដិសេធ​ផ្តល់​ការ​គាំទ្រចំពោះ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ជា​បន្តបន្ទាប់​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ។​

លោក​ ចាន់ ចេន​ លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖«​ជាថ្មី​ម្តង​ទៀត​ ខ្ញុំ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម​ កឹម សុខា​ ក៏​មិន​ពាក់​ព័ន្ធ​ មិន​គាំទ្រ​ និង​មិន​នៅ​ពី​ក្រោយ​ ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ ដោយ​បុគ្គល​ ឬ​ក្រុម​ណា​នោះ​ទេ»។

កាល​ពី​ថ្ងៃ​ពី​១៧ ​ខែ​កក្កដា លោក​ សម រង្ស៊ី​ ដែល​កំពុង​រស់នៅ​ឯ​ប្រទេស​បារាំង និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ក្នុង​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​លោក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ ដែល​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ធ្វើ ក្រោយ​ពួក​មន្ត្រី​យោធា​នៅ​ប្រទេស​នោះ​ បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នក​ស្រី​អង់​ សានស៊ូជី ដែល​ជា​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​ NLD។

ក្នុង​សារ​ជា​វីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈពេល​ជាង​៤​នាទី លោក សម រង្ស៊ី ថ្លែង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ ហើយ​ងាក​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​បាន​លើក​យក​ករណី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា​រដ្ឋាភិបាល​ជាច្រើន​ទៀត​នឹង​ឈប់​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​យោធា​ដោយ​បែរ​ខ្នង​មក​ចង​មេត្រី​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែល​ជា​កម្លាំង​ប្រជាធិបតេយ្យ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា៖ «យើង​នៅ​ប្រទេស​កម្ពុជា​ ក៏​ត្រូវ​ដើរ​តាម​ផ្លូវ​ហ្នឹង​ដែរ​ គឺ​អាច​មាន​រដ្ឋាភិបាល​មួយ​បង្រួប​បង្រួម​ជាតិ​ ដែល​មាន​កម្លាំង​ប្រជារាស្ត្រ​គាំទ្រ​ពេញ​ទំហឹង​ ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ ឈរ​ខាង​ប្រជារាស្ត្រ​ អត់​ឈរ​ខាង ហ៊ុន សែន ​ទៀត​ទេ​ ឈរ​ខាង​ប្រជារាស្ត្រ​ ដូច្នេះ​រដ្ឋាភិបាល​បែប​ហ្នឹង​ ខ្ញុំ​ជឿ​ថា​ នឹង​មាន​ការ​គាំ​ទ្រ​យ៉ាង​ធំធេង​ ពី​ប្រជារាស្ត្រ​ខ្មែរ​ផង​ ពី​សហគមន៍​អន្តរជាតិ​ផង បន្ទាប់​ពី​ការ​វិវឌ្ឍ​ដូចគ្នា​នៅ​ប្រទេស​ភូមា»។ ​

លោក ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថា​សេចក្តី​អំពាវនាវ​របស់​លោក​ សម រង្ស៊ី គ្រាន់​តែ​ជា​«ការ​ស្រមើស្រមៃ»។

«​ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ​ថា​ ការ​គិត​ក្នុង​ការ​បង្កើត​របស់​ដែល​ហៅ​ថា​ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​ហ្នឹង​ វា​ជា​ការ​ស្រមើ​ស្រមៃ​ទេ​ វា​មិន​អាច​បង្កើត​បាន​ទេ​បាទ។ ឥឡូវ​នេះ​ គឺ​មតិ​ជំទាស់​ បដិសេធ​មិន​ចូលរួម​របស់​ កឹម សុខា​ គឺ​វា​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ ស្អី​គេ​នោះ​ គឺ​មិន​អាច​កើត​មាន​ទេ»។

លោក ​អ៊ូ ចន្ទរ័ត្ន​ អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត«គណបក្ស​កែ​ទម្រង់»យល់​ថា​គំនិត​របស់​លោក​ សម រង្ស៊ី​ ជា​អ្វី​ដែល​មិន​អាច​ធ្វើទៅ​បាន​ឡើយ ព្រោះ​បើ​យោង​លើ​ហេតុ​ផល​សំខាន់​មួយ​នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មែន​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ទេ។

«ទីពីរ​ យើង​មើល​ចរន្ត​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំង​ទាហាន ទាំង​មន្ត្រី​រាជការ​អី​ហ្នឹង​ តើ​អាច​ទេ? ហើយខ្ញុំ​មើល​ទៅ​មិន​អាច​ ដោយ​សារ​លោក​មិន​មាន​ឆន្ទៈ​ទៅ​ធ្វើ​អី​ចឹង​ទេ​ មិន​មាន​ទំនុក​ចិត្ត​អី​ទៅ​ធ្វើ​របៀប​ហ្នឹង​ ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​មិន​អាច​ទេ»។

លោក​បន្ថែម​ថា​ការ​ឆ្លើយ​តប​របស់​លោក កឹម សុខា​ ទៅ​នឹង​វោហារសព្ទ​នយោបាយ​របស់​លោក សម រង្ស៊ី ​ធ្វើ​ឡើង​ ដោយសារ​លោក​នៅ​ជាប់​ក្តីក្តាំ​នៅ​តុលាការ​នៅ​ឡើយ​ ដូច្នេះ​ លោក​មិន​ចង់​យក​ខ្លួន​លោក​ទៅ​ពាក់​ព័ន្ធ​ជាមួយ​នឹង​អ្វី​ដែល​ជា​ការ​ប្រកូក​ប្រកាសរបស់​លោក​ សម រង្ស៊ី នោះ​ទេ៕