ក្រុមមេធាវីការពារក្តីលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ បានពុះពារស្នើឲ្យស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌ពន្លឿននីតិវិធីជម្រះសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំងរូបនេះ ៤ ដងទៅហើយ។
មកដល់ពេលនេះគ្មានតម្រុយទេថា លោក កឹម សុខា អាចបានចូលមកតទល់នឹងក្រុមប្រឹក្សាជំនុំជម្រះក្តីជាថ្មីទៀតនោះទេ ខណៈសវនាការត្រូវបានពន្យារពេលជិតមួយឆ្នាំមកហើយ។
ភាពមិនប្រាកដប្រជាចំពោះដំណើរវិលត្រឡប់របស់លោក កឹម សុខា ចូលក្នុងសាលកាត់ក្តីនោះបានក្លាយជាការរំខាននៃការតស៊ូផ្លូវច្បាប់របស់ក្រុមមេធាវី ព្រោះតែតុលាការថា វិបត្តិជំងឺកូវីដ១៩ មិនបង្កបានជាបរិយាកាសវិជ្ជមានមួយសម្រាប់បន្តជម្រះក្តីលោក កឹម សុខា នោះឡើយ។
ចំណែកក្រសួងយុត្តិធម៌ក៏មិនមានចម្លើយទៅនឹងសំណើរបស់ក្រុមអ្នកការពារក្តីរបស់លោក កឹម សុខា នោះដែរ។ នេះជាការពណ៌នារបស់លោកស្រី ម៉េង សុភារី មេធាវីមួយរូបរបស់លោក កឹម សុខា។
«មែនទែនទៅកាតព្វកិច្ចតួនាទី របស់មេធាវីហ្នឹងគឺយើងស្នើសុំ។ យើងអត់មានសិទ្ធិសម្រេចទេណ៎ាយើងស្នើសុំ ដូច្នេះហើយយើងក៏ស្នើសុំការបើកសវនាការហ្នឹងជាច្រើនលើកច្រើនសារដែរគិតទៅបីដងបូកទាំងការសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ម្តងទៀតនោះ គឺក៏ ៤ ដងហើយដែរ។ ប៉ុន្តែយើងឃើញថាល ទ្ធផលគឺមិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ។ ដូច្នេះយើងអត់អាចថា ខ្ញុំចង់មានន័យថា យើងគ្រាន់តែជាអ្នកស្នើសុំយើងអត់មានសិទ្ធិសម្រេចទៅលើរឿងក្តីនឹងបែបណានោះទេ»។
មេធាវីរូបនេះនិយាយថា ការធ្វើសំណើផ្សេងៗទៀតនឹងមានបន្តទៀតនៅពេលខាងមុខក្រោយសំណើតាមផ្លូវច្បាប់កាលពីពេលមុនៗ មិនបានផ្លែផ្កាអ្វីសោះនោះ។
«ដូច្នេះហើយបើសិនជាការស្នើសុំបន្តសវនាការហ្នឹងនៅតែមិនបានលទ្ធផលទៀតហ្នឹង គឺយើងហ្នឹងធ្វើការស្នើសុំលើអ្វីផ្សេងបន្ថែមទៀត»។
ក្រុមអ្នកវិភាគនិយាយថា សម្តីរបស់ក្រុមមេធាវីមិនប្រៃដែលអាចទៅតថ្លៃខាងច្បាប់សម្រាប់ពន្លឿននីតិវិធីរបស់លោក កឹម សុខា ដែលត្រូវគេចាត់ទុកថាជាអ្នកទោសនយោបាយនោះឡើយ។ ហើយការប្រឹងទៅពឹងអន្តរជាតិ ឲ្យមកជួយបញ្ចប់ក្តីក្តាំលោក កឹម សុខា នោះ ក៏មិនសង្ឃឹមច្រើនដែរ។ អ្នកវិភាគលើកឡើងថា ចំណុចមួយដែលអាចសង្ឃឹមបាននោះ គឺការរួបរួមផ្ទៃក្នុងរបស់គណបក្សប្រឆាំងដែលត្រូវគេដឹងថាមានជម្លោះផ្ទៃក្នុង។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ប្រាប់ VOA ថា លោក កឹម សុខា គឺប្រៀបដូចជាអ្នកទោសនយោបាយ។ ដូច្នេះពុំមានបន្ទាត់ច្បាប់ណាអាចត្រូវបានយកមកវាស់វែងពេលវេលាថាពេលណាលោក កឹម សុខា នឹងអាចទៅតតាំងក្តីនៅមុខតុលាការបានទេ។
មួយវិញទៀតនោះ បើក្រឡេកទៅមើលការខិតខំរបស់ក្រុមថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រឆាំងជាច្រើនរូបទៀត ដែលកំពុងកៀរគរសម្ពាធអន្តរជាតិមកគាបសង្កត់រដ្ឋាភិបាលទីក្រុងភ្នំពេញ ឲ្យស្រាយខ្លួនលោក កឹម សុខា ចេញស្រឡះពីការចោទប្រកាន់របស់តុលាការនោះ មានភាពយឺតយ៉ាវ និងមិនសូវមានប្រសិទ្ធភាពផងដែរ។
ខណៈសម្ពាធពីសហគមន៍អន្តរជាតិមិនសូវមានឥទ្ធិពលខ្លាំងក្លា ហើយលោក កឹម សុខា នៅមិនអាចចេញច្បាំងនយោបាយនោះ ការឈ្លោះទាស់ទែងគ្នាក្នុងគណបក្សសង្គ្រោះជាតិក៏មានសភាពកាន់តែយ៉ាប់យឺនទៅ។
លោក មាស នី បន្ថែមថា ការណ៍នេះធ្វើឲ្យគណបក្សជំទាស់មួយនេះកំពុងរកកលបាត់នូវកម្លាំងនយោបាយរបស់ខ្លួន ដើម្បីទាញកន្ទ្រាក់គណបក្សកាន់អំណាចឲ្យមកអង្គុយជជែកគ្នារកខុសត្រូវតាមផ្លូវនយោបាយ។
«ខ្ញុំនិយាយនេះ មិនមែនថា ការពឹងពីខាងក្រៅហ្នឹងវាអត់មានប្រយោជន៍ទេណា ក៏ប៉ុន្តែបើយើងចំណាយពេល ទីមួយចំណាយពេល ៤០% វាយប្រហារគ្នាឯងហើយ ៤០% ទៀតសម្រាប់ពឹងទៅលើការទូតបរទេស ឬក៏មានអំនួតទៅលើការទូតបរទេសថា គេគាំទ្រយើងគេស្អីយើងហើយហ្នឹង ប៉ុន្តែចំណាយពេលតែ ១៥ ឬ ២០% រៀបចំខ្លួនរៀបចំយុទ្ធសាស្ត្រខ្លួនឯងប៉ុណ្ណឹង គឺខ្ញុំគិតថា មិនអាចទៅមុខ មិនអាចមុជទៅឆ្ងាយបានទេបាទ»។
លោកចង្អុលទៅដល់ភាពខុសគ្នានៃកម្លាំងតស៊ូខាងប្រជាធិបតេយ្យនៅកម្ពុជានិងភូមា ដែលក្រុមបក្សប្រឆាំងតទល់នឹងយោធាបានរក្សាជំហរធ្លុងមួយក្នុងការប្រយុទ្ធនឹងការបំពានអំណាចពីសំណាក់ក្រុមយោធា។
នៅកម្ពុជាលោក មាស នី ថ្លែងថា ក្រុមគណបក្សប្រឆាំងកំពុងប្រយុទ្ធគ្នាជាមួយការជេរប្រមាថក្រុមខ្លួនដែលពិបាករកផ្លូវជួយមេរបស់ខ្លួន ដែលរួតរឹតដោយចំណងច្បាប់ ហើយការហែកហួរនេះរឹតតែអំណោយផលដល់ការវាយបំបែកសំឡេងគណបក្សប្រឆាំង ដែលជាបំណងប្រាថ្នារបស់គណបក្សកាន់អំណាច។
«វាសំខាន់ក្នុងករណីហ្នឹងសំខាន់គឺទៅលើរឿងរបស់សាមីគណបក្សខ្លួនឯងទេថា តើគណបក្សខ្លួនឯងហ្នឹងបណ្តោយឲ្យខ្លួនហ្នឹងបែកគ្នាដូចគេចង់បានដែរ ឬអត់។ ខ្ញុំគិតថា សម្រាប់គូបដិបក្ខម្ខាងគេតែងតែចង់ឲ្យឃើញមេក្រុម គូបដិបក្ខម្ខាងទៀតនេះចុះខ្សោយហើយ តែថាតើគូបដិបក្ខម្ចាស់ហ្នឹង ដែលគេធ្វើបាបហ្នឹង តើបណ្តោយខ្លួនឲ្យចុះខ្សោយតាមដូចដែលគេបានគិត ឬក៏គេបានធ្វើមកលើហ្នឹងដែរឬអត់»។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ប៉ុន្តែទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទនេះជាបន្តបន្ទាប់។
បន្ទាប់ពីបានចំណាយពេលជាច្រើនខែ នៅក្នុងពន្ធនាគារផង និងក្នុងផ្ទះរបស់លោកផងនោះ តុលាការក្រុងភ្នំពេញបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌឲ្យលោកអាចមានសេរីភាពដើរហើរនៅក្នុងប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តែក៏ជាប់បម្រាមមួយចំនួនរបស់តុលាការ ដែលហាមមិនឲ្យលោក កឹម សុខា ធ្វើនយោបាយដាច់ខាត។
ក្រោយបានរួចពីការឃុំខ្លួនក្នុងផ្ទះលោក កឹម សុខា បានផ្តើមសវនាការការទូតជាមួយអង្គទូតនានានៅក្នុងប្រទេសនិងចាប់ផ្តើមបង្ហាញមុខក្នុងបន្ទប់សវនាការបានជាច្រើនដង ក៏ប៉ុន្តែខណៈការរាតត្បាតនៃជំងឺកូវីដ១៩ មានសភាពមិនសូវស្រួលនោះតុលាការ ក៏សម្រេចលើកពេលជំនុំជម្រះក្តីលោក កឹម សុខា ដោយមិនកំណត់ពេលវេលា ពោលគឺសវនាការរបស់លោកត្រូវអាក់ខាន គិតចាប់តាំងពីខែមីនាឆ្នាំ ២០២០ មក។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា មានប្រសាសន៍ថា គណបក្សជំទាស់កំពុងផុងក្នុងជម្លោះផ្ទៃក្នុងយ៉ាងតានតឹង ហើយជម្លោះដែលកើនកម្តៅខ្លាំងពិបាកធ្វើឲ្យកម្លាំងបែកបាក់ក្នុងបក្សជំទាស់នេះរួបរួមគ្នាវិញ។
«យន្តការនេះនៅក្នុងផ្ទៃក្នុងខ្ញុំគិតថាលំបាកចេញរួបរួមគ្នាណាស់ ព្រោះពួកគាត់គ្រាន់តែស៊ីនំបញ្ចុកស៊ីមិនបានផង។ អាហ្នឹងគឺជាហេតុផលមួយលំបាកណាស់។ អ៊ីចឹងមានតែការជ្រោមជ្រែងពីនយោបាយការបរទេសរបស់ខ្លួនទៅសហគមន៍អន្តរជាតិ ហើយមានតែសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឲ្យលម្ហសេរីភាពសិទ្ធិនយោបាយហ្នឹងបើកលម្ហឡើងវិញទេ ទើបបក្សប្រឆាំងហ្នឹងអាចមានឱកាសរស់ឡើងវិញ។ អាហ្នឹងវាជាហេតុផលមួយ»។
ការបែកបាក់ផ្ទៃក្នុងជារឿងមួយ ប៉ុន្តែការដើរចេញរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សជំទាស់ទៅកសាងបក្សថ្មីនោះជារឿងដោយឡែកមួយទៀត ដែលរឹតតែធ្វើឲ្យគណបក្សជំទាស់បាត់បង់ការសាមគ្គីសម្រាប់តស៊ូក្នុងសមរភូមិនយោបាយ។
លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការលាបពណ៌និងការវាយប្រហារគ្នាទៅវិញទៅមករវាងអ្នកស៊ូទ្រាំជ្រោងទង់អតីតបក្សសង្គ្រោះជាតិ និងអ្នកដើរចេញពីបក្សបានបន្សាបថាមពលរបស់បក្សប្រឆាំងដ៏ធំមួយនេះ។ លោកបន្តថា ការណ៍នេះនឹងសង្កត់មេបក្សប្រឆាំងមិនឲ្យរើខ្លួនរួចពីការចោទប្រកាន់របស់តុលាការ ដែលចងភ្ជាប់ដោយចំណងនយោបាយ។
នៅពេលរងការរិះគន់ថា គណបក្សប្រឆាំងជួបវិបត្តិប្រេះឆាផ្ទៃក្នុងលោក កឹម សុខា ដែលសិទ្ធិនយោបាយរបស់លោក ត្រូវបានដកហូតនោះកម្រមានវោហារសព្ទនយោបាយ ដើម្បីពន្លត់ភ្លើងនៃជម្លោះផ្ទៃក្នុង ឬក៏ទទូចដោយខ្លួនលោកផ្ទាល់ឲ្យតុលាការពន្លឿនរឿងក្តីលោកផងដែរ។
ប៉ុន្តែនៅពេលឆ្នាំ ២០២១ មកដល់ លោកបានចេញសារដោយអធិប្បាយថា លោកចង់ឃើញ «ការបង្រួបបង្រួមជាតិឯកភាពជាតិ និងសាមគ្គីជាតិ»។
លោក កឹម សុខា ក៏រក្សាការជួបសន្ទនាជាមួយអង្គទូតនានាក្នុងប្រទេសកម្ពុជា និងបានចុះទៅជួបពលរដ្ឋជាលក្ខណៈឯកជនតាមបណ្តាខេត្តក្នុងប្រទេស ហើយលោកក៏ត្រូវគេសង្កេតឃើញមិនបានបង្ហាញការឆ្លើយឆ្លងទៅដៃគូរបស់លោកគឺលោក សម រង្ស៊ី ដែលរស់នៅប្រទេសបារំាង និងកំពុងប្រឈមមុខនឹងបទចោទឧក្រិដ្ឋជាច្រើនករណីនៅតុលាការកម្ពុជា។
សម្រាប់លោក មាជ សុវណ្ណារ៉ា កាលៈទេសៈនេះមិនមែនជាវេលាល្អឲ្យលោក កឹម សុខា ឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ដើម្បីបន្ធូរភាពតានតឹងនៃជម្លោះផ្ទៃក្នុងបក្ស។ ក៏ប៉ុន្តែអ្នកដែលនៅមានភក្តីភាពជាមួយគណបក្សសង្គ្រោះជាតិគួរតែលាក់កំហឹងរបស់ខ្លួន និងត្រិះរិះរកផ្លូវទៅជួយមេដឹកនាំខ្លួន។
«ខ្ញុំប្រៀបធៀបទៅនឹងគណបក្សលោកស្រី អោង សានស៊ូជី។ កាលលោកជាប់គុកលើកទីមួយ រយៈពេលជាង ១៥ ឆ្នាំ គណបក្សគេនៅនឹងថ្កល់គេនៅស្តាប់មេស្តាប់កើយ។ ហើយយើងនេះគឺថា អត់ទេមេពីរហ្នឹង គឺថាម្ខាងៗប្រមាថនេះ ប្រមាថមេនោះហើយយើងអត់គោរពឪពុកម្តាយឯង។ តើយើងឲ្យគណបក្សខ្លាំងយ៉ាងម៉េច? ដែលមេឪពុកម្តាយឯង កំពុងតែរងគ្រោះកំពុងតែជាប់ចំណងនយោបាយគេចង ហើយយើងអត់រកវិធីឆ្លាតថា តើជួយមេដឹកនាំទាំងពីរហ្នឹងរបៀបយ៉ាងម៉េច? ជជែកគ្នារកវិធីណាផ្លូវណា? ឬក៏យើងនៅស្ងៀមស្ងាត់ទៅ! ដើម្បីថារង់ចាំពេលវេលា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាគ្មានឥទ្ធិពលទៅលើការចាត់ចែងរបស់តុលាការ។
លោកបដិសេធថា គណបក្សប្រជាជនកម្ពុជាគ្មានចេតនាប្រើប្រាស់រឿងក្តីលោក កឹម សុខា ទៅបំបែកសំឡេងបក្សប្រឆាំងឲ្យបែកខ្ញែកថែមទៀត ព្រោះលោកនិយាយថា គ្មានទៀតទេសំឡេងរបស់គណបក្សនេះនៅប្រទេសកម្ពុជា។
«វាអត់មានគណបក្សប្រឆាំងទៀតទេ។ គណបក្សប្រឆាំងបានងាប់បាត់តាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ អ៊ីចឹងការចង់ចរចាណា គឺប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានបញ្ជាក់ច្បាស់ៗហើយ»។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាផងនោះ អះអាងថា គណបក្សសង្គ្រោះជាតិមិនអាចស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ឲ្យមកដាក់សម្ពាធរដ្ឋាភិបាលទីក្រុងភ្នំពេញ ដើម្បីជាថ្នូរនឹងផលប្រយោជន៍នយោបាយរបស់ខ្លួននោះឡើយ។
លោកបញ្ជាក់ថា អតីតគណបក្សប្រឆាំងមួយនេះកំពុងស្ថិតក្នុងស្ថានភាព «ប្រកាច់រកកលនឹងរលត់រលាយរចនាសម្ព័ន្ធរបស់ខ្លួនទាំងស្រុង»។
«វាគ្រាន់តែប្រកាច់គេហៅថា ខ្មោចវាជិតងាប់ ឬងាប់ទៅហើយ វានៅប្រកាច់ត្រដរខ្យល់ តែប៉ុណ្ណឹងទេបាទ។ អត់មានការចាប់អារម្មណ៍អីពីគណបក្សប្រជាជនកម្ពុជាទេ ពីព្រោះយើងបច្ចុប្បន្ននេះ គឺយើងកា្តប់អំ[ណាច] ពេញដៃហើយយើងខិតខំធ្វើយ៉ាងម៉េចរួបរួមសាមគ្គីជាតិទាំងមូល ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានប្រជាជន ១៦ លាននាក់ហើយ និងកងទ័ពកម្មករនិយោជិតគ្រប់ជាន់ថ្នាក់ទាំងអស់រួមគ្នា ការពារសន្តិភាពស្ថិរភាពនយោបាយ ហើយនិងទប់ស្កាត់កុំឲ្យមានសកម្មភាពអមិត្តណាពីខាងក្រៅ ឬខាងក្នុងណាកើតឡើងបានទេដាច់ខាត»។
មិនខុសពីអ្វីនឹងការអធិប្បាយរបស់លោក សុខ ឥសាន នោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកថា ការអធិប្បាយរបស់ក្រុមអ្នកវិភាគមានបំណងចងភ្ជាប់សំណុំរឿងលោក កឹម សុខា ទៅនឹងរឿងនយោបាយ។
លោក ជិន ម៉ាលីន ដែលជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ផងនោះ មានប្រសាសន៍ថា មានតែចៅក្រមទេដែលអាចសម្រេចជោគវាសនាក្តីក្តាំរបស់លោក កឹម សុខា។
«បាទរឿងការបកស្រាយការវិភាគអីដោយភ្ជាប់ជាមួយទិដ្ឋភាពនយោបាយ អាហ្នឹងជារឿងរបស់អ្នកវិភាគអ្នកបកស្រាយ។ ក៏ប៉ុន្តែសំខាន់តុលាការធ្វើម៉េចអនុវត្តទៅតាមនីតិវិធីច្បាប់ ដែលមានជាធរមាន ហើយការណ៍ដែលមិនទាន់អាចបើកសវនាការបានតុលាការ បានធ្វើការបង្ហាញពីហេតុផលរួចហើយហើយសុទ្ធតែជាហេតុផលផ្លូវច្បាប់ទាំងអស់។ អ៊ីចឹងសំខាន់គឺតុលាការអនុវត្តន៍ទៅតាមបញ្ញត្តិនិងនីតិវិធីច្បាប់ដែលមានជាធរមានទៅបានហើយ»។
មេធាវីរបស់លោក កឹម សុខា គឺលោកស្រី ម៉េងសុភារី មានប្រសាសន៍ថា ក្រុមមេធាវីមិនទាន់អស់សង្ឃឹមនៅឡើយចំពោះការតតាំងក្តីតាមផ្លូវច្បាប់។ បន្ថែមលើសមរភូមិច្បាប់នោះ អ្នកការពារក្តីឲ្យលោក កឹម សុខារូបនោះ និយាយថា សំណើឲ្យមានការសម្របសម្រួលខាងនយោបាយនឹងជាជម្រើសចុងក្រោយមួយ សម្រាប់ស្រោចស្រង់លោក កឹម សុខា ពីការចោទប្រកាន់ទាំងឡាយរបស់តុលាការ។
លោកស្រីបញ្ជាក់ថា៖ «ដោយសារយើងជាមេធាវីដូច្នេះយើងស្នើសុំអី ដែលទៅតាមតែនីតិវិធីនៅតាមតុលាការ។ ដោយឡែក ដោយសារតែមជ្ឈដ្ឋានទូទៅមើលឃើញថា ករណីហ្នឹងគឺជាករណីរឿងនយោបាយ ជាជាងផ្លូវច្បាប់ អ៊ីចឹងយើងក៏មានតែការស្នើសុំឲ្យអ្នកនយោបាយទាំងអស់ ទាំងគ្រប់ភាគីធ្វើការផ្សះផ្សាគ្នារកដំណោះស្រាយមួយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិទាំងអស់គ្នា»៕