មេធាវី​គណបក្ស​ភ្លើង​ទៀន លោក សំ សុគង់ សម្រេច​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ចេញពី​ស្តាប់​ការប្រកាស​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​សមាជិក​គណៈកម្មការ​អចិន្រ្តៃយ៍​មួយ​រូប លោក សំ សុគង់ បាន​ប្រកាស​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើ​តាម​ឃ្លីប​វីដេអូ​របស់​លោក សំ សុគង់ ដែល​ជា​មេធាវី​គណបក្ស​ជំទាស់​ច្រើន​ឆ្នាំ​មក​ហើយ និង​លិខិត​មួយ​ច្បាប់​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

តាម​ឃ្លីប​វីដេអូ​ដែល​មាន​រយៈ​ពេល​ជិត​២​នាទី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ លោក សំ សុគង់ លើក​ឡើង​ថា​ការ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច​នេះ ដោយ​សារ​តែ​លោក​ពេញ​ចិត្ត​នឹង​គោល​នយោ​បាយ​ផែន​ការ​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ាណែត និងការ​ចាប់​ផ្តើម​ដឹង​ពី​គុណតម្លៃ​នៃ​ការ​តស៊ូ និង​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន។

លោក សំ សុគង់​ថ្លែង​ក្នុង​វីដេអូ​នោះ​ថា៖ «...ដោយ​មើល​ឃើញ​គោលនយោបាយ​ផែនការ យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​ថ្មី​ដែល​មាន​សម្តេច​មហាបវរ​ធិបតី​ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ខ្ញុំ​បាទ សុំ​ចូល​រួម​ជា​មួយ​គណបក្ស​ប្រជាជន​ចាប់​ពី​ពេល​នេះ​តទៅ។

ហើយ​ខ្ញុំ​បាទ​សុំ​ថ្កោល​ទោស​ និង​អំពាវ​នាវ​ដូច​តទៅ៖ ទីមួយ​ខ្ញុំ​សូម​ថ្កោល​ទោស​ចំពោះ​ក្រុម​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​តែង​តែ​ប្រើ​ពាក្យ​ញុះញង់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​កា​រអភិវឌ្ឍ​ប្រទេស​ជាតិ​ ហើយ​និង​សុំ​អំពាវ​នាវ​ឱ្យ​បងប្អូន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​វិល​មក​ចូល​រួម​ជា​មួយ​ជីវភាព​ជា​មួយ​គណបក្ស​ប្រជាជន ដើម្បី​កសាង​ប្រទេស​ជាតិ​សម្រាប់​ថ្ងៃ​អនាគត​ខាង​មុខ​នេះ​បាទ»។

ក្រោយ​ការ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច អតីត​នាយករដ្ឋ​មន្រ្តី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​របស់​លោក​ដោយ​សរសេរ​ជា​សារ​អក្សរ​ថា​៖ «ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​លោក​មេធាវី សំ សុគង់ ដែល​បាន​ស្នើ​សុំ​មក​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ សូម​ជូន​ពរ​លោក​មេធាវី សំ សុគង់ សូម​ជួប​តែ​សេចក្តី​សុខ​សេចក្តី​ចម្រើន»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សំ សុគង់ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ខេត្ត​ព្រៃវែង​របស់​គណបក្ស​ភ្លើង​ទៀន​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ជីវភាព​នយោបាយ​របស់​លោក សំ សុគង់ និង​ចាត់​ទុកថា​នេះ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​នយោ​បាយ​របស់ លោក​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «រឿង​នេះ​ទី​មួយ​ជា​សិទ្ធិ​នយោបាយ​របស់​លោក សំ សុគង់ ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​ប្រឆាំង។ គាត់​បាន​រួម​រស់​ជា​មួយ​នឹង​ភ្លើង​ អំបិល ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ជា​មួយ​គណបក្ស​ប្រឆាំង​ ហើយ​នៅ​ទីបំផុត​ក៏​ឆ្អែត​ជា​មួយ​នឹង​គណបក្ស​ប្រឆាំង​ ដូច្នេះ​គាត់​ប្រើ​សិទ្ធិ​របស់​គាត់​ដែល​មាន​យ៉ាង​ទូលំ​ទូលាយ​សម្រេច​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង​ហ្នឹង​មក​រស់​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា»។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​លោក សំ សុគង់ នឹង​ទទួល​បាន​តំណែង​អ្វី​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ឡើយ ដូច​ការ​ចុះ​ចូល​របស់​អ្នក​នយោបាយ​ជំទាស់ និង​សកម្មជន​នយោបាយ​ផ្សេង​ទៀត។

លោក សុខ ឥសាន បញ្ជាក់​ថា​ការ​ប្រគល់​តួនាទី​ឬ​ភារកិច្ច​ទាំង​អស់​នោះ​ មិន​មែន​ចេះ​តែ​ផ្តល់​ជូន​នោះ​ទេ។

លោក​ថ្លែង​ថា​៖ «ការ​ប្រគល់​តួនាទី​ភារកិច្ច​ណា​មួយ​នៅ​ក្នុង​ជួរ​រដ្ឋ​អំណាច​រដ្ឋាភិបាល​ វា​អាស្រ័យ​ទៅ​លើ​សកម្មភាព​ការងារ​ ហើយ​និង​គុណ​សម្បត្តិ​របស់​សាមី​ជននោះ​តែ​ម្តង​បាទ»។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ ដែល​ទើប​លាលែង​ពី​គណបក្ស​ភ្លើង​ទៀន​ទៅ​ឈរ​ឈ្មោះ​ចូលរួម​ជា​មួយ​គណបក្ស​ឆន្ទៈ​ខ្មែរ អះអាង​ថា​ការ​ចាក​ចេញ​របស់​លោក សំ សុគង់ គឺជា​សិទ្ធិបុគ្គល​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ជា​ធម្មតា អ្នក​នយោបាយ​ជំទាស់​ដែល​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែ​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ផ្សេង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រធាន​គណ​បក្ស​កែ​ទម្រង់​កម្ពុជា យល់​ឃើញ​ថា​ការ​ចាក​ចេញ​របស់​លោក សំ សុគង់ អាច​មក​ពី​បញ្ហា​សម្ពាធ​ផ្លូវ​ចិត្ត ក្រោម​មូលហេតុ​ថា​អ្នក​ដែល​នៅ​ជា​មួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មាន​ការ​លះបង់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​មាន​ជា​លទ្ធផល​អ្វី​ធំដុំ​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មើល​ឃើញ​ការ​សម្រេច​ចិត្ត​នេះ​ក្រៅ​ពី​សម្ពាធ​ផ្លូវ​ចិត្ត​អាច​នឹង​មាន​បញ្ហា​ឈរ​ឈ្មោះ​ឈរ​អី​ហ្នឹង​ មិន​មាន​សង្ឃឹម​ថា​បាន​ជាប់​បាន​អី​អ៊ីចឹង​។ ដូច្នេះ​អាច​នឹង​មាន​ការ​ប៉ះទង្គិច​អី​ផ្ទៃ​ក្នុង​អី​ជា​ដើម។ តែ​ខ្ញុំ​មិន​ហ៊ាន​សន្មតសន្និដ្ឋាន​ថា​វា​មាន​បញ្ហា​ផ្ទៃ​ក្នុង​ទេ ជា​ពិសេស​អ្នក​ដែល​តស៊ូ​ជា​មួយ​យូរៗ​ហ្នឹង​អាច​នឹង​មាន​ការ​ទទួល​បាន​ការ​សន្យា​ពី​ការ​ឈរ​អី​ជា​ដើម​អ៊ីចឹង ក្រែង​មិន​បាន​វិញ​ទៅ ក៏​ខក​ចិត្ត​អី​ទៅ​មាន​ការ​ផ្លាស់​ប្តូរ​ជំហរអ៊ីចឹង​ទៅ»។

លោក​ឱ្យ​ដឹង​ទៀត​ថា​បុគ្គល​ដែល​ចូលរួម​ជា​មួយ​គណបក្ស​កាន់​អំណាច​តែង​តែ​ប្រមែ​ប្រមូល​រក​បក្ស​ពួក​គ្នា​បន្ថែម​ទៀត​ឱ្យ​ចូល​រួម​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គណបក្ស​កាន់​អំណាច៕