គណបក្ស​ប្រឆាំង​នៅ Kenya ​និយាថា ​ការបោះឆ្នោត​ថ្មី​ត្រូវ​រៀបចំ​ឲ្យ​បាន​ត្រឹម​ត្រូវ

រូបភាព​ឯកសារ៖ មេដឹក​នាំ​គណបក្ស​ប្រឆាំង​លោក​ Raila Odinga នៃ​បក្ស​សម្ពន័្ធ​ជាតិ (NASA) បាន​មកដល់​ក្នុង​វិហារ St. Stephen​ ក្នុង​ទីក្រុង​ណៃរ៉ូប៊ីកាលពីថ្ងៃទី​០៣ កញ្ញា ២០១៧។

គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ប្រទេសKenya ​និយាយ​ថា ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នឹង​ធ្វើនៅ​ថ្ងៃទី១៧​តុលា​ ​ប៉ុន្តែលោក​ Raila Odinga ​មេ​ដឹកនាំក្រុម​ប្រឆាំង ​បាន​បដិសេធ​ ដោយ​ទាមទារ​ឲ្យ​​ស៊ើប​អង្កេត​មន្ត្រី​បោះឆ្នោត​ និង​បណ្តេញ​ពួកគេ​ពីការងារ​ មុន​ធ្វើការ​បោះឆ្នោត​ជាថ្មី។​

ក្រោយពី​តុលាការកំពូល​ប្រទេស​ Kenya ​លុបចោល​លទ្ធផលនៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពីខែ​មុន​ដែល​បង្ហាញ​ថា ​លោក​ Uhuru Kenyatta ​ប្រធានាធិបតី​កំពុងកាន់​តំណែង​ឈ្នះ​លោក​ Raila Odingaបក្ខជន​មកពី​គណបក្សប្រឆាំង ​ដោយ​បាន​សន្លឹកឆ្នោត​លើស​ប្រហែល​១លាន៤​សែន​សំឡេង​នោះ គណៈកម្មការ​បោះ​ឆ្នោត​ឯករាជ្យ​ប្រទេស​នេះ​ បាន​ប្រកាស​កាលពី​ថ្ងៃចន្ទថា​ ការ​បោះឆ្នោត​ថ្មីនឹងធ្វើ​នៅថ្ងៃ​ទី​១៧​ខែ​តុលា។​ប៉ុន្តែលោក ​Odinga ​និង​ក្រុមចម្រុះ​របស់លោក​ បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា ​ពួកគេចង់​ឲ្យ​ការបោះឆ្នោត​ថ្មីនេះ​ធ្វើឡើង​នៅ​ថ្ងៃទី២៤​ឬថ្ងៃទី​៣០ខែ​តុលា ​ដោយ​លើក​ឡើងថា ​ត្រូវមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បីដោះ​ស្រាយ​បញ្ហាក្នុង​គណៈ​កម្មការ​រៀបចំការ​បោះឆ្នោត​ដែល​ជា​ការចាំបាច់​មុន​ការ​បោះឆ្នោត​ថ្មី។​

«យើង​មិនទាន់ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅថ្ងៃ​ទី១៧ខែតុលា​ ដោយ​មិន​មាន​ការធានា​ខាង​នីតិវិធី​និង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ​ព្រោះថា​ គេមិន​អាច​ធ្វើ​កំហុស​ដដែលជាលើក​ទីពីរ ​ហើយ​រំពឹង​ថា បាន​លទ្ធផល​ខុសគ្នា​នោះ​ទេ»។

លោក ​Odinga ​និយាយថា ​មន្ត្រីគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ចំនួន​គួរត្រូវ​បណ្តេញ​ចេញ​ពីការងារ ​ហើយ​កាត់ទោស​ ​គឺមិន​ត្រូវ​អនុញ្ញាតឲ្យ​ពួក​គេ​រៀបចំ​ការ​បោះ​ឆ្នោត​ម្តង​ទៀត​នោះទេ។ ​

«អ្វីដែល​យើង​បារម្ភ​នោះ​គឺមិនមែន​ថ្ងៃ​ ឬកាល​បរិច្ឆេទ​ទេ។ ​ក្តីបារម្ភ​នោះ​គឺ​ថា​ ក្នុង​ការរៀបចំ​ការ​បោះឆ្នោតអ្វីដែល​សំខាន់​សម្រាប់​យើងគឺ​ការ​ត្រៀម​រៀបចំ​ឲ្យ​បាន​សមស្រប។ គេ​ត្រូវ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​បានធ្វើ​កន្លងមក។ គេត្រូវ​ចាប់​ផ្តើម​ដោះ​ស្រាយ​បញ្ហា​អ្នក​ដែល​បាន​បង្កើតភាព​មិន​ប្រក្រតី​ទាំងនោះ​ ហើយ​ផ្ទៀងផ្ទាត់​កំហុស​ទាំង​នោះ»។​

អ្នកនាំពាក្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ប្រាប់​វីអូអេ​ថា​ ការ​ឆ្លើយតម​នឹងធ្វើ​ឡើង​ក្នុង​ពេល​ខាង​មុន។ ​វីអូអេ​បាន​ទាក់ទង​អ្នក​នាំពាក្យ​របស់លោក​ប្រធានាធិបតី Kenyatta ​ដើម្បី​សុំការ​ឆ្លើយតបតែ​មិនអាច​ទាក់ទង​បាន​ទេ។​

តុលាការ​កំពូល​បាន​លើក​ឡើង​ក្នុង​សេចក្តី​សម្រេច​កាលពី​ថ្ងៃសុក្រ​ថ​ា គណៈ​កម្មការរៀបចំ​ការ​បោះឆ្នោត​ត្រូវទទួល​ខុសត្រូវ​បញ្ហា​ភាពមិន​ប្រក្រតី​និង​សកម្មភាព​ខុសច្បាប់​ក្នុង​ការ​ផ្សាយលទ្ធផល​ឆ្នោត​ ​ប៉ុន្តែតុលាការ​នេះមិន​បាន​បញ្ជា​ឲ្យចាត់​វិធានការ​ជាក់លាក់​ប្រឆាំង​នឹង​មន្ត្រី​បោះឆ្នោត​ទេ។​

លោក​ David Maraga ​ប្រធាន​តុលាការ​កំពូល​បាន​ប្រាប់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថា ​តាម​រដ្ឋធម្មនុញ្ញ​ ការ​បោះឆ្នោត​ថ្មី​ត្រូវ​ធ្វើ​ក្នុងពេល​៦០​ថ្ងៃ​គិត​ចាប់​ពីថ្ងៃធ្វើការ​សម្រេច​លើ​បញ្ហា​នេះ។ ​ សេចក្តី​សម្រេច​ទាំងស្រុង​របស់​តុលាការ​នឹង​បញ្ចេញ​ឲ្យ​ដឹង​ក្នុង​ពេល​២១​ថ្ងៃ​ ក្រោយ​ការ​សម្រេច​ចិត្ត៕ ​

ប្រែសម្រួលដោយ ទុំ ម្លិះ