លោក សម រង្ស៊ី ​និង​លោក ស​ ខេង ​ពិភាក្សា​តាម​ទូរស័ព្ទ​រឿង​លោក ​មាជ សុវណ្ណារ៉ា

ថ្លែង​នៅក្នុង​ពេល​ការប្រមូលផ្តុំ​គ្នា​មួយ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ការបង្ក្រាប​ដោយ​ប៉ូលិស​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា​ ពិត​ជាមាន​ជំនួប​តាម​ទូរស័ព្ទ​រវាង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិត​ប្រាកដ​មែន​ដើម្បី​ស្វះសែ្វង​រក​អន្តរាគមន៍​សុំ​ឲ្យដោះ​លែង​លោក​មាជ សុវណ្ណារ៉ា។​

លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ខណៈពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ទីស្នាក់​ការ​របស់គណបក្ស។

លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្នុង​ថ្ងៃ​តែ​មួយ​ពី​បទ៖​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ​មាន​ប្រសាសន៍​ថា​ កាល​ពីល្ងាច​ថ្ងៃ​ពុធ ​លោក​សម រង្ស៊ី​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ស ខេង​អំពី​ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ចាប់​ខ្លួន​សកម្ម​ជន​បឹងកក់​ និង​ព្រះ​សង្ឃ​ផង​ដែរ។​ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ខ្លឹម​សារ​លទ្ធផល​នៃ​ជំនួប​នេះ​ទេ។​

លោក​រំពឹង​ថា ​លោក​មាជ សុវណ្ណារ៉ា​ និង​ត្រូវ​បាន​ដោះ​លែង​ដូច​អ្នក​នយោបាយ​ឯ​ទៀតៗ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​លើក​មុនៗ​ដែរ។​

លោក​និយាយ​ថា៖​ «ជា​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ ករណី​នេះ​មិន​មាន​អ្វី​ប្លែក​ទេ។​ករណី​ដដែលៗ​ ដូចករណី​ប៉ុន្មាន​ដែល​បាន​ដោះ​ស្រាយ​រួច​ក្នុង​ពេល​ថ្មីៗ​ហ្នឹង​ឯង»។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ចាក​ចេញ​ទៅ​ប្រទេស​បារាំង​កាល​ពី​យប់​ថ្ងៃ​ពុធ ហើយវីអូអេមិន​អាច​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​អំពី​លទ្ធផល​នៃ​ជំនួប​នេះ​បាន​ទេ។ ​ចំណែក​លោក​នាយក​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​និយាយ​ថា​ លោក​កំពុង​ជាប់​រវល់​ប្រជុំ។​

លោក​និយាយ​ថា៖​ «បង​កំពុង​ជាប់​ប្រជុំ»។​

តាម​ការ​សម្រប​សម្រួល​នយោបាយ​ អ្នក​តំណាង​រាស្ត្រ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ត្រូវ​បាន​តុលាការ​សម្រេចដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ក្រោយ​ពី​បាន​បង់​ប្រាក់​ធានា។​ ក៏​ប៉ុន្តែ​តុលាការ​បាន​ដាក់​ឲ្យស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​នៅ​ឡើយ​ ​ទាក់ទង​នឹង​សំណុំ​រឿង​ទីលាន​ប្រជា​ធិបតេយ្យ​ដូច​គ្នា​នេះ​ដែរ។ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​កន្លង​ទៅ​នេះ​ ក្នុង​ខណៈពេល​ដែល​សកម្ម​ជន​ និងអ្នក​តំណាង​រាស្ត្រ​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​ស្រី មួរ សុខហួរ​បាន​ទាម​ទារ​ឲ្យដោះ​លែង​សួន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នោះ​ ក៏មាន​ការ​ប៉ះ​អង្គិច​គ្នា​រវាង​កង​កម្លាំងសន្តិសុខ​ខណ្ឌ​ដូនពេញ​ និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​៦០​នាក់​បាន​រង​របួស។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ មិន​រំពឹង​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ចុង​ក្រោយ​នេះ នឹង​ត្រូវតុលាការ​ដោះ​លែង​ឆាប់ៗ​ទេ​ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​លែង​មាន​ថ្នូរ​សម្រាប់​ដោះ​ដូរជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​មុន​ទៀត​ហើយ។

លោក​និយាយថា៖​«ខ្ញុំ​ថា​មុនៗ​មក​វា​មាន​ជា​ថ្នូរ។​ បើ​សិន​ចង់​បាន​ឲ្យរួច​ខ្លួន ​វា​ត្រូវ​ឲ្យថ្នូរ​ទៅ​គណបក្ស​កាន់​អំណាច។​ ​មាន​ថ្នូរ​សព្វ​ថ្ងៃ​នេះ​ វា​ពាក់​ព័ន្ធ​ពី​រឿង​ការ​ចរចា​គ្នា​ពី​រឿង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំបោះ​ឆ្នោត»។​

លោក​បាន​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ទី​បំផុត​ អាច​នឹង​ដើរ​ចេញ​ពី​សភា ​ដោយ​សារ​តែ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​គោរព ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់​ទៅ​រក​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​សារធារណៈ​សារជា​ថ្មី។​

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​និយាយ​ថា ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ក្នុង​ពេល​កិច្ច​ប្រជុំ​កំពូល​វាង​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិនោះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពេល​នោះ​បាន​និយាយ​ប្រាប់​ថា ​លោក​មាជ សុវណ្ណារ៉ា​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃការ​ចាប់​ខ្លួន​ដែរ។​

រហូត​មក​ដល់​ពេល​នេះ​ ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​ជាង​៤​ខែ​ ​លោក​មាជ សុវណ្ណារ៉ា​ក៏ត្រូវ​បាន​ចាប់​ខ្លួន។​

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​បាន​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​លោក​មាជ សុវណ្ណារ៉ា​ នេះ​អាច​ជា​ការ​ដៅ​ទុក​ជាមុន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក៏​ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ធ្លាប់​និយាយ​ថា ​រឿង​នេះ​ជា​កិច្ច​ការ​របស់​តុលាការ​តែ​ប៉ុណ្ណោះ៕