មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានឱ្យដឹងថា គណបក្សនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកលមួយ នាពេលខាងមុខ ដោយនឹងជ្រើសរើសយកគណបក្សនយោបាយអាទិភាពណាមួយដែលស្ថិតក្នុងសម្ពន្ធភាពរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ថ្លែងថាគណបក្សកម្លាំងជាតិដែលទើបបង្កើតឡើងដោយអតីតមន្រ្តីគណបក្សភ្លើងទៀនមួយរូប ក៏អាចជាជម្រើសមួយក្នុងការចូលរួមប្រកួតប្រជែងផងដែរ ក្រៅពីគណបក្សដែលចងសម្ពន្ធភាពកាលពីកន្លងទៅ។
លោកបញ្ជាក់ថា៖ «ហើយនៅក្នុងនោះដែរ ទើបតែមានគណបក្សកម្លាំងជាតិ ដែលក្រសួងមហាផ្ទៃបានផ្តល់បញ្ជីការឱ្យថ្មីៗហ្នឹង ទោះបីគណបក្សកម្លាំងជាតិមិនទាន់ជាសមាជិកសម្ពន្ធឆ្ពោះទៅអនាគតក្តី ក៏វាជាជម្រើសមួយសម្រាប់គណបក្សភ្លើងទៀន ហើយវាជាអាទិភាពផងដែរ»។
កាលពីពេលថ្មីៗនេះ គណបក្សនយោបាយចំនួន៤ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានបង្កើតសម្ពន្ធភាពឆ្ពោះទៅអនាគតរួមគ្នា ក្នុងគោលបំណងដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា។
នៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនខកខានមិនបានចូលរួមឈរឈ្មោះបោះឆ្នោត ដោយសារគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
លោក រ៉ុង ឈុន អនុប្រធានគណបក្ស បញ្ជាក់ថា គណបក្សនៅតែមានបំណងចូលរួមការបោះឆ្នោតព្រឹទ្ធសភាដែលអង្គបោះឆ្នោតជាក្រុមប្រឹក្សាជាប់ឆ្នោតដោយផ្ទាល់ ខណៈគណបក្សបានកំពុងតែរិះរកដំណោះស្រាយពាក់ព័ន្ធនឹងលិខិតចុះបញ្ជីគណបក្ស។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់វីអូអេថាគណបក្សដែលបានចុះបញ្ជីស្របតាមច្បាប់គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខនេះ។
លោកថ្លែងថា៖ «គណបក្សភ្លើងទៀន ប្រហែលជាអាចឱ្យគណបក្សសម្ពន្ធមិត្តរបស់គាត់ហ្នឹងមួយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយគាត់ហ្នឹងឱ្យសមាជិកគណបក្សរបស់គាត់ហ្នឹង ដែលជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងតំណែងបោះឆ្នោតឱ្យគណបក្សសម្ពន្ធមិត្ត ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។ អញ្ចឹងករណីនេះមិនខុសច្បាប់ទេក្មួយ»។
លោក សោម សូរីដា អះអាងថា បើគ្មានលិខិតដើមនៃការចុះបញ្ជី គណបក្សភ្លើងទៀននឹងមិនអាចចូលរួមការបោះឆ្នោតព្រឹទ្ធសភាបានឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍រាល់គណបក្សទាំងអស់នៅក្នុងការចូលរួមការបោះឆ្នោត។
លោកថ្លែងថា៖ «បើទុកក្រុមប្រឹក្សាគាត់ហ្នឹងបោះឆ្នោតឱ្យគាត់មួយរយភាគរយ ក៏នៅតែចំនួនដែលបានជាសមាជិកព្រឹទ្ធសភាតែ៦ទៅ៧នាក់ប៉ុណ្ណឹង។ បារម្ភស្អី!»។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា លោកនឹងឈរឈ្មោះជាបេក្ខជនមួយរូបសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងជ្រើសរើសសមាជិកជាង៦០រូប។ លោកបន្ថែមថា លោកនឹងក្លាយជាប្រធានព្រឹទ្ធសភានៅឆ្នាំ២០២៤។
គួរបញ្ជាក់ថា កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ គណបក្សភ្លើងទៀនទទួលបានអាសនៈប្រមាណ២.២០០ ក្នុងចំណោមអាសនៈសរុបប្រមាណ១១.៦០០ ដែលចំនួននេះត្រូវបានប៉ាន់ស្មានថា គណបក្សភ្លើងទៀននឹងទទួលបាន៦អាសនៈនៅក្នុងព្រឹទ្ធសភា។ នេះបើតាមលោក រ៉ុង ឈុន៕