គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ជំហរ​មិន​ស្ថិត​ក្រោម​ការបញ្ជា​ពី​លោក សម រង្ស៊ី ឡើយ

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)

មួយ​ថ្ងៃ​ក្រោយ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​បាន​បញ្ជាក់​ថា គណបក្ស​មិនស្ថិត​ក្រោម​កា​របង្គាប់​បញ្ជា​ពី​បុគ្គល ឬ​គណបក្ស​ណា​មួយ​ឡើយ បើ​ទោះ​លោក សម រង្ស៊ី ជា​ស្ថាបនិក​គណបក្ស​នេះ​ក្តី។

គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ឆ្លើយ​តប​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ទាម​ទារ​ឱ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​បញ្ជាក់​ពី​ជំហរ​ឱ្យ​បាន​ច្បាស់ ​អំពី​ទំនាក់​ទំនង​រវាង​គណបក្ស​ភ្លើង​ទៀន​ជាមួយ​លោក សម រង្ស៊ី ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី​សង្ស័យ​អំពីទំនាក់​ទំនង​រវាង​គណបក្ស​ប្រឆាំង​មួ​យនេះ​ជាមួយ​លោក សម រង្ស៊ី ដែល​លោក ហ៊ុន សែន ហៅ​ថា​ជា «ជន​ក្បត់​ជាតិ​ ៣​ ជំនាន់»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ គណបក្ស​ភ្លើង​ទៀន​បាន​ថ្កោល​ទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភ​បំពាន​ដល់​អង្គ​ព្រះមហាក្សត្រ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា​ គណបក្ស​ភ្លើង​ទៀន ​បា​ន​គោរព និង​អនុវត្ត​យ៉ា​ង​ខ្ជាប់​ខ្ជួន​នូវ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាន​នានា​របស់​កម្ពុជា ព្រមទាំង​លក្ខន្តិកៈ​គណបក្ស​ ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។ ហើយ​គណបក្ស​មិន​ស្ថិត​ក្រោម​ការ​បង្កាប់​បញ្ជា​ដោយ​ផ្ទាល់​ ឬ​ប្រយោល​ ពីបុគ្គល​ ឬគណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក ថាច់ សេដ្ឋា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណបក្ស​ភ្លើង​ទៀនបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍នេះ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ថ្លែង​ថា៖ «ចេញ​សេចក្តី​ថ្លែង​ការណ៍​ដើម្បីប​ញ្ជាក់ពី​ភាព​ស្អាត​ស្អំរបស់​យើង​ រួម​ទាំង​ការ​គោរព​ព្រះ​មហាក្សត្រ​ និង​បង្ហាញពី​អ្វីដែល​យើង​ធ្វើ​ក្នុង​ក្របខណ្ឌ​គណបក្ស​ភ្លើងទៀន​ ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់។ ហើយ​ដឹកនាំ​រៀប​ចំ​ដោយ​គណបក្ស​ភ្លើងទៀន​ ដោយ​ផ្ទាល់ ​មិន​មាន​ការ​បង្គាប់​បញ្ជា​ពី​អ្នក​ណា​ឡើយ»។

លោក សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​យ៉ាង​ខ្លី​ថា​ គណបក្ស​ភ្លើង​ទៀន​មាន​សេរីភាព​ក្នុ​ង​ការ​បញ្ជាក់ពី​ជំហរ​របស់​ខ្លួន។

​ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​បាន​សាទរ​ចំពោះ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍របស់​គណបក្ស​ភ្លើង​ទៀន។​

លោក ហ៊ុន សែន បង្ហោះសារ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ថា៖ «ខ្ញុំ​សូម​កោត​សរសើរ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើងទៀន​ ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​អ្នក​ទាំង​ឡាយ​ណា​ ដែល​មាន​ចេតនា​ប្រមាថ​ព្រះ​មហាក្សត្រ​ តាម​ការ​ស្នើសុំ​របស់​ខ្ញុំ​ កាល​ពីម្សិល​មិញ​ ថ្ងៃ​ ២៦​ តុលា​ ២០២២​ នៅ​ខេត្ត​កំពង់​ឆ្នាំង»។

មួយ​រយៈ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ដែល​បាន​ចុះ​ទៅ​ជួបប្រជា​កសិករ​រងគ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​នឹង ​លោក សម រង្ស៊ី ខណៈ​លោក ​សម រង្ស៊ី ត្រូវ​បាន​បង្ហាញ​ក្នុង​ការ​ថ្លែង​ជា​វីដេអូ​មួយ ដោយ​មាន​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា «ស្តេច​សព្វ​ថ្ងៃ​នេះ អត់​មាន​មនសិការ​ជាតិ​» ហើយ​ «ស្តេច​រាល់​ថ្ងៃ​ក្បត់​ជាតិ»។

កាល​ពីថ្ងៃទី​ ២៦​ ខែតុលា ឆ្នាំ​ ២០២២ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចោទ​សួរ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ឱ្យ​ចេញ​មុខ​បក​ស្រាយ​ថា​ តើ​គណបក្ស​មួយ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី ឬ​យ៉ាង​ណា? លោក​បន្ត​ថា គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​បង្កើត​ដោយ​លោក សម រង្ស៊ី ហើយ​លោក​ចង់​ដឹង​ថា​ ផ្តាច់​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី ​ហើយ​ឬ​នៅ?

លោក ហ៊ុន សែន ក៏​បាន​អះអាង​ថា លោក​មាន​ភស្តុតាង​មួយ​ចំនួន​អំពី​ទំនាក់​ទំនង​របស់​អ្នក​រស់​ក្នុង​ប្រទេស​ជាមួយ​ក្រុម​របស់​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួននៅ​ក្រៅ​ប្រទេស អំពី​ការ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ប្រសិន​បើ​គណ​បក្ស​ណា​មួយ​មាន​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី ដែល​លោក​ហៅ​ថា​ជា« ជន​ក្បត់​ជាតិ​ ៣ ​ជំនាន់»​ គណបក្ស​នោះ​អាច​នឹងប្រឈម​ផ្លូវ​តុលាការ​ និង​ឈាន​ទៅ​រំលាយ​ចោល​តែ​ម្តង។

អ្នក​វិភាគ​នយោ​បាយ​លោក ​សេង ​សារី ​ថ្លែង​ថា​ ការ​ចរចា​គ្នា​ជា​ជម្រើស​ល្អ​បំផុត​ ដើម្បី បញ្ចប់​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖ ​«ការ​នាំ​គ្នា​ងាក​មក​មើល​ពីវប្បធម៌​នៃ​ការ​ចរចា ​វប្បធម៌​នៃ​ការ​សន្ទនា​ឡើង​វិញ​ ខ្ញុំ​គិត​ថា​ មធ្យោ​បាយមួយ​នេះ នឹង​អាច​ឈាន​ទៅ​ដោះស្រាយ​បញ្ចាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជាបាន។ ហើយ​វាជា​ការ​បញ្ចប់​នយោបាយ​ តាម​មធ្យោបាយ​ អហិង្សា​ ហើយ​ជាការ​បញ្ចប់​ស្ថានភាព​នយោបាយ​តាម​អ្នក​នយោបាយ​សម័យទំនើប​ផង​ ជា​អ្នក​នយោ​បាយ​ដែល​ស៊ីវិល័យ»។

លោក ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះថា បញ្ហា​ដែល​អ្នក​នយោបាយ​កម្ពុជា​កំពុង​តែ​តឹង​សរ​សៃ​ក​ដាក់គ្នា​ គឺ​ជា​បញ្ហា​បុគ្គល​និង​បុគ្គល ដូច្នេះ​វា​នឹង​មិន​អាច​រក​ផ្លូវ​បញ្ចប់​ឃើញ​ឡើយ។

លោក​បន្ត​ថា​ ប្រសិន​បើ​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ ត្រូវ​បាន​រំលាយ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ នោះ​វា​នឹង​នាំ​មក​បរិយាកាស​នយោបាយ​កាន់​តែ​អាប់​អួ តានតឹង ហើយ​កម្ពុជា​អាច​ប្រឈម​នឹង​សម្ពាធ​អន្តរជាតិ៕