បក្ស​ភ្លើង​ទៀន​បដិសេធ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត

ស្លាក​សញ្ញា​គណបក្ស​ភ្លើងទៀន​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ថ្ងៃទី​ ២៦​ខែកក្កដា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ បាន​ច្រាន​ចោល​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​យក​ឈ្មោះ​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​មួយ​ចំនួន​ មក​ប្រើប្រាស់​ក្នុង​គោល​ដៅ​បង្ក​ការ​មិន​ទុក​ចិត្ត​គ្នា​ និង​ភាព​ស្អប់ខ្ពើម​គ្នា​នៅ​ក្នុង​សង្គម។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្សចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ គណបក្ស​បដិសេធ​មិន​ទទួល​ស្គាល់​ ព្រម​ទាំង​មិន​ទទួល​ខុស​ត្រូវចំពោះ​សកម្មភាព​របស់​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​បាន​ប្រឌិត​ព័ត៌មាន​មិន​ពិត​ និងផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នានា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បុគ្គល​ ឬ​ឥស្សរជន​នយោ​បាយ​ណា​មួយ​ឡើយ។

សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ក្នុង​ន័យដើម​ថា​៖ «​គណបក្សភ្លើងទៀន​ សូមបញ្ជាក់​នូវ​ជំហរ​របស់ខ្លួន​ជា​សាធារណៈ​ថា​គណបក្ស​ភ្លើង​ទៀន​ធ្វើ​សកម្ម​ភាព​នយោ​បាយ​ដោយ​អហិង្សា​ និង​គោរព​ អនុវត្ត​យ៉ាងខ្ជាប់​ខ្ជួន​ នូវ​រដ្ឋធម្ម​នុញ្ញ​ និង​ច្បាប់​ជាធរមាន​នានា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ​ ព្រម​ទាំង​លក្ខន្តិកៈ​គណបក្ស​ ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ»។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ អ្នក​គាំទ្រ និង​សកម្មជន​គណបក្ស​ជំទាស់​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ហៅ​សាកសួរ ឬ​ចោទ​ប្រកាន់ បញ្ជូន​ទៅ​តុលាការ ក្រោយ​ផ្សព្វផ្សាយ​ឬ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម​របស់​ពួកគេ។

គណបក្ស​ភ្លើង​ទៀន​ក៏​អំពាវនាវ​ឱ្យ​សមាជិក​របស់​ខ្លួន​ទាំង​អស់​គោរព​ទៅ​តាម​ច្បាប់ និង​កុំ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតនានា៕