បក្ស​ប្រឆាំង​សុំ​ឱ្យ​អ្នកគាំទ្រ​ឈប់​ជេរ​ប្រមាថ​រីឯ​លោក​ហ៊ុន សែន​បង្កើន​វត្តមាន​លើ​បណ្តាញ​សង្គម

រូបឯកសារ៖ លោក កឹម សុខា (កណ្តាល) ជា​ប្រធាន​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​អ្នកគាំទ្រ​បញ្ឈប់​ការប្រើ​ប្រាស់​ពាក្យ​សម្តី​ជេរ​ប្រមាថ​អ្នកដឹកនាំ​ប្រទេស​តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ ​ក្នុង​ខណៈ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បង្កើន​ការផ្សារភ្ជាប់​ជាមួយ​នឹង​អ្នក​គាំទ្រ​តាម​បណ្តាញ​សង្គម។

គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​អ្នកគាំទ្រ​បញ្ឈប់​ការប្រើ​ប្រាស់​ពាក្យ​សម្តី​ជេរ​ប្រមាថ​អ្នកដឹកនាំ​ប្រទេស​តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ ​ក្នុង​ខណៈ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បង្កើន​ការផ្សារភ្ជាប់​ជាមួយ​នឹង​អ្នក​គាំទ្រ​តាម​បណ្តាញ​សង្គម។

ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម​ សុខា​ ចាត់​ទុក​ថា​ការ​ជេរ​ប្រមាថបាន​ធ្វើ​ឲ្យ​សង្គម​ខ្មែរ ធ្លាក់​ចុះ​យ៉ាង​ធ្ងន់​ធ្ងរ​នូវ​ភាព​ថ្លៃ​ថ្នូរ​ បាត់​បង់​កិត្យា​នុភាព​ជាតិ​ក្នុង​ពេល​កន្លង​មក។ នេះ​បើ​យោង​ទៅ​តាម លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

នេះ​ជា​ការ​ស្នើ​លើក​ទីពីរ​របស់​មេដឹកនាំ​ គណបក្ស​ប្រឆាំង​ ពីព្រោះកាល​ពី​ចុង​ខែ​ធ្នូ​កន្លងមកនោះ​ លោក​ សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិបញ្ឈប់​សកម្មភាព​ជេរ​ប្រមាថ​ ដែល​លោក​ អះអាង​ថា​បាន​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ប្រជាជាតិ​ខ្មែរ។​

រូបភាព​គេហទំព័រ Facebook របស់​លោក កឹម សុខា ដែល​បង្ហោះ​សារ​របស់​គណបក្ស​សង្គ្រោះ​ជាតិអំពាវ​នាវឲ្យ​បញ្ឈប់ការប្រើ​ប្រាស់​ពាក្យ​សម្តី​ជេរប្រមាថ​អ្នកដឹកនាំ​ប្រទេស​តាមគ្រប់​មធ្យោបាយផ្សព្វផ្សាយ។ (រូបថត៖ គេហទំព័រ Facebook របស់លោក កឹម សុខា)

លិខិត​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កឹម​ សុខា​ ចុះ​ថ្ងៃ​ទី​១៣​ខែមករា​ ឆ្នាំ​២០១៦ បាន​សរសេរ​ថា៖​ «គណបក្ស​សង្គ្រោះ​ជាតិ​ សូមអំពាវនាវ​សារ​ជាថ្មី​ ដល់​ក្រុម​ដឹកនាំ​ សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​អស់​ រក្សា​នូវ​ភាព​ថ្លៃ​ថ្នូរ​ សីលធម៌​ខ្ពស់​ ដោយ​មិនជេរ​ប្រមាថ​ មិន​ប្រើ​រូបភាព​ប្រមាថ​ ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ ឬ​ការរិៈ​គន់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ដើម្បី​ស្វែង​រកនូវ​ការ​ផ្សះ​ផ្សា​ជាតិ​ និង​ឯកភាព​ជាតិ»​។

លិខិត​នោះ​បន្ត​ទៀត​ថា៖​ «​គណបក្ស​សង្គ្រោះ​ជាតិ​ សូម​រំឮក​ថា​ គុណតម្លៃ​ដែលបាន​កំណត់​ដោយ​គណ​បក្សសង្គ្រោះ​ជាតិ​ គឺ​ការ​លើក​ស្ទួយ​ គោរព​ និង​ការ​ពារ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស។​ គោល​ដៅ​ដែល​ចង់​បាន គឺ​រក្សា​សន្តិភាព​ រក្សា​ស្ថិរភាព​ នយោបាយ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ស្វែងរក​ការ​ផ្សះ​ផ្សារ​ជាតិ​ បង្រួប​បង្រួម​ជាតិ​ ឯកភាព​ជាតិ​ ដើម្បី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា។​ គោលការណ៍​ដែល​ប្រកាន់​ ខ្ជាប់​ឥត​ងាករេ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ រួមមាន​ សន្តិវិធី​ អហិង្សា​ សីលធម៌​ សុជីវធម៌​ គុណធម៌​ ខ្មែរ​តែ​មួយ​ មិន​គុំគួន​សងសឹង​ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ»​។

ការស្នើ​មិន​ឲ្យ​មានការ​ជេរ​ប្រមាថ​ ពី​លោក​ កឹម សុខា​ ត្រូវ​បានធ្វើ​ឡើង​ផង​ដែរ​ បន្ទាប់​កិច្ច​ប្រជុំ​សភា​ពេញអង្គ​ធ្វើឡើង​កាល​ពី​ថ្ងៃពុធ​ ដែល​ក្នុង​ពេល​នោះ​ លោក​ ត្រូវ​បាន​ អ្នក​តំណាងរាស្ត្រ​ក្នុង​កិច្ចប្រជុំ​នោះ​ មើល​ឃើញ​ថា​ បាន​ជជែក​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន សែន​ អស់រយៈ​ពេល​ ​ប្រមាណ​ជា​ជាង​ ៤​ នាទី។​ លោក​ ហ៊ុន សែន​ ធ្លាប់​បាន​រំឮក​កាលពី​ពេល​កន្លងទៅ ថា​ លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ជេរប្រមាថ​ ណាមួយ​ធ្វើ​ឡើង​ចំពោះ​រូបលោក និង​មេដឹកនាំ​ឯ​ទៀត​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​នោះ​ទេ។​

លោក​ សុខ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ វីអូអេ​ ថា​ គណបក្ស​ប្រជាជន​យល់ថា ការ​ចេញ​លិខិត​អំពាវនាវ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ជំហរ​ថ្មី​មួយ​របស់​គណបក្ស​ប្រឆាំង​ ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​មាន​ការសន្ទនា​ផ្នែក​នយោបាយ​ល្អប្រសើ​ជាង​មុន​ និង​បញ្ចៀស​ការកើន​ឡើង​កាន់​តែ​ខ្លាំង​នៃ​កំដៅ​នយោបាយ។​

«ខ្ញុំ​យល់​ថា​ជំហរ​ថ្មី​ របស់​គាត់​នេះ​គួរ​ជា​ទី​ស្វាគមន៍​ណាស់។​ បើសិន​ណា​ជា​គិត​ឃើញ​អញ្ចឹងតាំង​ពី​ដើម​មក​ វាអត់​មាន​បញ្ហា​ឡើង​កំដៅ​នយោបាយ​ទេ​ ឬ​មួយ​ក៏​វា​រអាក់​រអួល​ ដល់​វប្បធម៌​សន្ទនា​ទេ។​ អញ្ចឹង​ខ្ញុំ​យល់​ថា​គាត់​គិត​ឃើញ​ពីមុន​មក​ការ​ប្រព្រឹត្តិ​របស់​គាត់​ ឃើញ​ថា​ វាមានការ​ខុស​ឆ្គង​ បាន​គាត់​កែ។​ ចំពោះ​ការ​កែ​ថ្មី​នេះ​ គឺ​ជា​គំនិត​របស់​ខ្ញុំ​ផ្ទាល់​គឺ​សុំ​ស្វាគមន៍។​ ក៏ប៉ុន្តែ​ គឺយើង​មិន​ទាន់​ជឿទុក​ចិត្ត​ទាំង​ស្រុង​ទៅលើ​ទ្រឹស្តី​ទេ។​ យើង​ចាំមើល​ អំពី​ការ​អនុវត្ត​ជាក់​ស្តែង»។​

លោក​ សុខ ឦសាន​ ជាអ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ពុំអាច​ឲ្យ​ដឹង​ទេ​ថា​ លិខិត​របស់ ​លោក កឹម សុខា​ នេះ​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​សន្ទនា​ រវាង​ប្រធានស្តី​ទី​គណ​បក្សប្រឆាំង​រូប​នេះ​ និង​លោក​ នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ឯ​សភាជាតិ​កាល​ពីថ្ងៃពុធ​កន្លង​ទៅ​នេះ។​ នៅ​ពេល​ដែល​VOA ​សួរ​លោក​ អំពី​លទ្ធភាព​នៃ​ ការ​ចរចា​ ដែល​អាច​កើត​មាន​រវាង​គណបក្សទាំង​ពីរ​ ទាក់ទិន​ការ​ដោះ​លែង​មន្ត្រី​ និង​សកម្មជន​នយោបាយ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ​លោក​ សុខ​ ឦសាន​ មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​ មិន​បាន​បិទ​ផ្លូវ​របស់​វប្បធម៌​សន្ទនា​នោះ​ទេ។ ក៏ប៉ុន្តែ​ លោក ​មិន​អាច​ បញ្ជាក់​ថា​ នឹង​អាច​មាន​ការ​ជួប​ចរចា​ណា​មួយ​ ត្រូវ​ធ្វើ​ឡើង​ដើម្បី​ជជែក​ពី​បញ្ហា​ទោសទណ្ឌ​នេះ​ទេ។

លោក អ៊ូ វីរៈ​ ប្រធាន​វេទិការ​អនាគត​ បាន​ហៅ​ការ​ផ្លាស់​ប្តូរ​ជំហរ​នៃ​ការ​ជេរប្រមាថ​របស់​ គណបក្ស​ប្រឆាំង​ ថា​ ជា​យុទ្ធ​សាស្ត្រ​នយោបាយ​ថ្មី​មួយ​របស់​គណបក្ស​នេះ។​ លោក​ បញ្ជាក់​ថា​ ៖​

«ខ្ញុំ​មើល​ទៅ​បើតាម​ខ្ញុំ​ដឹង​ គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កាត់​បន្ថយ​ការ​ជេរ​ប្រមាថ​ ប៉ុន្តែ​មក​រក​ធ្វើ​ការ​រិៈគន់​ផ្នែក​គោលនយោបាយ​វិញ​ បើ​សិន​ជា​ករណី​អញ្ចឹង​មែន​ គឺ​ជារឿង​ល្អ»​។​

ការ​ចេញ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើត​ឡើង​ នៅ​ចំដែល​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ត្រូវ​គេដឹង​ថា​ បាន​បង្កើន​ការ​ឃ្លាំមើល​របស់​លោក​ ទាក់ទិន​សកម្ម​ភាព​នានា​ ដែល​បាន​កើត​ឡើង នៅ​លើ​បណ្តាញ​សង្គម​ ជាពិសេស គឺ​ Facebook ​ជា​បណ្តាញ​សង្គម​ដ៏ពេញ​និយមមួយនៅក្នុង​ប្រទេស​កម្ពុជា។​ សកម្មភាព​ទាំង​នោះ​ អាច​មាន​ជា​សារ​សំណូមពរ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ព្រឹត្តិការណ៍​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ជាដើម។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ ហ៊ុន​ សែន​ បាន​អំពាវនាវ​នៅ​លើ​ ទំព័រ​ ហេ្វសប៊ុក របស់​លោក​ ឲ្យ​អ្នក​ប្រើ​ទូរស័ព្ទ​ទំនើប​ដែល​ស្រឡាញ់​ពេញចិត្ត​លោក​ ទាញ​ យក ​App (iOS)​ ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់​លោក។​

លោក​ ហ៊ុន សែន​ បាន​សរសេរ​ថា​ ៖​ «​មាន​ App​ខ្ញុំ​ គឺ​នៅ​ជិត​ខ្ញុំ​ជានិច្ច​ និង​ទទួលបាន​ព័ត៌​មាន​អំពី​ខ្ញុំ​បាន​ឆាប់​រហ័ស។​ ខ្ញុំ​សន្យា​នៅ​ក្បែរ​បងប្អូន​ជន​រួម​ជាតិ​និង​បន្ត​ថែរក្សា​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ដើម្បី​ ប្រទេស​ជាតិ​យើង​កាន់​តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត»។​

យ៉ាង​ណាក៏ដោយ​ លោក​ យ៉ែម ប៉ុញ្ញឬទ្ធិ​ អ្នក​នាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ លិខិត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​ មិន​មាន​ការ​រង​ឥទ្ធិពល​អ្វី​ ពីការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ លោក​ ហ៊ុន សែន​នោះ​ទេ។​ លោក​ថា​ លិខិត​នេះ​ ធ្វើ​ឡើង​ សម្រាប់​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ទូទៅ​ទាក់ទិន​ការប្រើ​ពាក្យ​សំដី​ ឬ​រូបភាព​មិន​សមរម្យដែល​កំពុង​កើតមានលើ​បណ្តាញ​សង្គម។​ ​

«មិន​ទេ។ ​ វា​ជារឿង​មួយ​ដែល​យើង​មើល​ទិដ្ឋ​ភាព​ទូទៅ​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​ បណ្តាញ​ហ្វេសប៊ុក​ ប​ណ្តាញ​ សង្គម​ដែល​យើង​សង្កេត​ឃើញ​នោះ»។

លោក​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​បន្ត​ការរិៈគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដដែល។​ លោកថា​ ការរិៈគន់​នេះ​ មិន​ជា​ការរិៈគន់​បែប​បន្ទុច​បង្អាក់​នោះ​ទេ​ តែ​ជា​ការ​រិៈគន់​បែប​ស្ថាបនា៕