តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពន្យារពេលការចុះឈ្មោះបោះឆ្នោត និងបង្កើតឲ្យមានការិយាល័យចល័តដល់តំបន់ដាច់ស្រយាល ស្របពេលដែលប្រជាពលរដ្ឋជាង២លាននាក់ទៀត នៅមិនទាន់បានចុះឈ្មោះ ខណៈការបិទបញ្ចប់ការចុះឈ្មោះកាន់តែខិតជិតមកដល់ ។
របាយការណ៍បណ្ដោះអាសន្នរបស់ គ.ជ.ប បង្ហាញថា ការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋដែលមានអាយុ១៨ឡើងនៅទូទាំងប្រទេស គិតរហូតមកល្ងាចថ្ងៃទី២២ ខែវិច្ឆិកា មានជាង៧លាននាក់ ឬស្មើនឹង៧៧% ដែលបានចុះឈ្មោះ ខណៈពលរដ្ឋជាង២លាននាក់ទៀត នៅមិនទាន់ចុះឈ្មោះនៅឡើយ។
ការចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ គ្រោងនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៩ខែវិច្ឆិកានេះ។
ថ្លែងក្នុងសន្និសីទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំងលើកឡើងថា វិធានការក្នុងការជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប មិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាង២លាននាក់ មិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ។
លោក យឹម សុវណ្ណ បន្ថែមថា គ.ជ.ប ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតឲ្យកាន់តែច្រើន តាមរយៈការពន្យារថ្ងៃចុះឈ្មោះបោះឆ្នោត ការដាក់ការិយាល័យអចិន្ត្រៃយ៍ និងការបង្កើតឲ្យមានការិយាល័យចល័តសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាល ឲ្យបានចុះឈ្មោះគ្រប់ៗគ្នា។
«សុំឲ្យពន្យារការចុះឈ្មោះ។ កន្លែងខ្លះ ឧទាហរណ៍ឃុំសង្កាត់ខ្លះដែលរៀងរាល់ថ្ងៃមានប្រជាពលរដ្ឋទៅចុះឈ្មោះលើសពី៥០នាក់ យើងត្រូវតែពន្យារពេលមួយរយៈ។ មួយសប្ដាហ៍ ពីរសប្ដាហ៍ ឲ្យគាត់ចុះទាំងអស់។ សូមឲ្យដាក់ការិយាល័យចុះឈ្មោះអចល័ត នៅតែមួយកន្លែងទៅដាក់ទៅ តាមស្រុក និងតាមខេត្ត។ ហើយឥឡូវបញ្ចប់ការចុះឈ្មោះតាមឃុំសង្កាត់ហើយ ក៏ប៉ុន្តែត្រូវមានចល័ត មានជាអចិន្ត្រៃយ៍ មានការិយាល័យជាអចិន្ត្រៃយ៍។ បើអ្នកខ្លះ គាត់មិនទាន់បានចុះឈ្មោះ ឲ្យគាត់អញ្ជើញទៅចុះឈ្មោះទៅ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ VOA ថា ការពន្យារពេលក្នុងការចុះឈ្មោះបោះឆ្នោត នឹងត្រូវសម្រេចថាពន្យារ ឬមិនពន្យារ បន្ទាប់ពីថ្ងៃបិទបញ្ចប់មកដល់ ដើម្បីឲ្យដឹងពីចំនួនសរុបនៃអ្នកដែលបានចុះឈ្មោះជាមុនសិន។
លោកបន្ថែមថា សម្រាប់ការបង្កើតការិយាល័យដើម្បីសម្រួលដល់ការចុះឈ្មោះរបស់ប្រជាពលរដ្ឋនេះ គឺជាគោលការណ៍រួមមួយដែល គ.ជ.ប បាននិងកំពុងណែនាំទៅគ្រប់ការិយាល័យបោះឆ្នោត ដើម្បីអាចរកចំណុចរួមមួយ ក្នុងការជួយឲ្យប្រជាពលរដ្ឋអាចទៅចុះឈ្មោះបានគ្រប់គ្នា។
«សប្ដាហ៍ចុងក្រោយនេះគឺជាពេលវេលាមួយទៀតដែលអាចថាពួកគាត់មិនបានចុះឈ្មោះហ្នឹង គាត់នឹងបានរួសរាន់មកចុះឈ្មោះ។ ហើយបើសិនជាពន្យារ ហើយចេះតែពន្យារទៅ អ្នកដែលអត់មានបំណងចុះឈ្មោះផង ហើយច្បាប់ក៏មិនតម្រូវឲ្យគាត់មានកាតព្វកិច្ចត្រូវតែចុះឈ្មោះដែរ។ អញ្ចឹងការពន្យាររបស់ គ.ជ.ប នឹងក្លាយទៅជាឥតប្រយោជន៍ទៅវិញ ហើយការចំណាយក៏ប៉ះពាល់ដល់ថវិកាចំណាយសម្រាប់បោះឆ្នោតដែរ»។
លោក ហង្ស ពុទ្ធា បន្ថែមថា ការដែលប្រជាពលរដ្ឋជាងពីរលាននាក់មានភាពយឺតយ៉ាវក្នុងការចុះឈ្មោះបោះឆ្នោត និងមិនបានចុះឈ្មោះបោះឆ្នោត ដោយសារមានបញ្ហាមួយចំនួនដែលពួកគេកំពុងជួបប្រទះ ជាពិសេសការចំណាកស្រុករបស់ពលករដែលមានចំនួនជាងមួយលាននាក់។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ប្រាប់ VOA ថា ការពន្យារពេលសម្រាប់ការចុះឈ្មោះបោះឆ្នោតគឺជាវិធីសាស្ត្រល្អដែលអាចជំរុញ និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត បានកាន់តែច្រើន។
លោកបន្ថែមថា អង្គការរបស់លោកនិងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ក៏កំពុងតែជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលមិនបានទៅចុះឈ្មោះបោះឆ្នោត។
លោក គល់ បញ្ញា បន្ថែមថា គ.ជ.ប គួរតែធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការចុះឈ្មោះ និងការបោះឆ្នោតរបស់ពលករចំណាកស្រុក អ្នកជាប់ឃុំដែលមិនទាន់ក្លាយជាទណ្ឌិត និងប្រជាពលរដ្ឋផ្សេងៗទៀតដែលមានបញ្ហាប្រឈម ដើម្បីឲ្យពួកគេអាចក្លាយជាពលរដ្ឋដែលមានសិទ្ធិ និងកាតព្វកិច្ចពេញលេញ។
«រដ្ឋាភិបាល ត្រូវតែខិតខំរកមធ្យោបាយ ការទទួលខុសត្រូវដើម្បីធានាដល់ប្រជាពលរដ្ឋទាំងពីរភេទហ្នឹង បានមានសិទ្ធិបោះឆ្នោត។ ហើយបើគាត់អត់បានចុះឈ្មោះបោះឆ្នោត មានន័យថាគាត់អត់បានបោះឆ្នោតទេ។ អញ្ចឹងរដ្ឋាភិបាលយើង អត់បានបំពេញការអនុវត្តរដ្ឋធម្មនុញ្ញយើងបានពេញលេញ អាហ្នឹងជាចំណុចមួយដែលយើងខ្វះខាត។ ទី២ ប្រជាពលរដ្ឋនឹងបាត់បង់សិទ្ធិបោះឆ្នោត ជាម្ចាស់ អំណាច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អ្នកតំណាងរាស្ត្រ ឬក៏ការបោះឆ្នោតផ្សេងៗទៀត»។
កន្លងមកគណបក្សប្រឆាំង និងសង្គមស៊ីវិល តែងទាមទារចង់ឲ្យរដ្ឋាភិបាលបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែន និងតាមស្ថានទូត និងស្ថានកុងស៊ុលប្រទេសកម្ពុជាប្រចាំនៅប្រទេសដែលពលករកម្ពុជាបានចេញទៅបំពេញការងារ។ ប៉ុន្តែ ការទាមទារនេះត្រូវបានមន្ត្រីជាន់ខ្ពស់គ.ជ.ប លើកឡើងថា អាចសម្រេចទៅបានលុះត្រាតែកម្ពុជាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី៕