បក្ស​ប្រឆាំង​នឹង​ធ្វើ​ពិធី​រំឭក​កិច្ច​ព្រម​ព្រៀ​សន្តិភាព​​ទីក្រុងប៉ារីស​នៅ​ទីលាន​ប្រជាធិបតេយ្យ

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ ដោយ​អ្នក​តំណាងរាស្ត្រ​បី​រូប​នៃគណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ទី​ ១៨ខែ​​ តុលា​ នេះ​ បង្ហាញ​ថា​ ពិធី​នេះ​នឹង​រៀបចំ​ឡើង​ចាប់​ពី​ម៉ោង​៧​ព្រឹក​ ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដោយ​មាន​អ្នក​ចូលរួម​ជាច្រើន​ពាន់​នាក់​។​

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ បាន​ចេញ​សេចក្តីជូន​ដំណឹង​ដល់​លោកប៉ា​ សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​អង្គារ​នេះ​ថា​ ពួក​គេ​នឹង​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២៥​ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​ តុលា​ ១៩៩១​ ​នៅ​ក្នុង​បរិវេណ​នៃ​ទីលាន​ប្រជាធិបតេយ្យ។​

សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ ដោយ​អ្នក​តំណាងរាស្ត្រ​បី​រូប​នៃគណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ទី​ ១៨ខែ តុលា​ នេះ​ បង្ហាញ​ថា​ ពិធី​នេះ​នឹង​រៀបចំ​ឡើង​ចាប់​ពី​ម៉ោង​៧​ព្រឹក​ ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដោយ​មាន​អ្នក​ចូលរួម​ជាច្រើន​ពាន់​នាក់​។​

​ការ​ប្រកាស​ជូន​ដំណឹង​ ពី​ការ​ធ្វើ​ពិធី​អបអរ​សាទរ​ខួប​នៃកិច្ច​ព្រម​ព្រៀង​ប្រវត្តិសាស្ត្រ​នេះ​ បាន​កើត​ឡើង​ នៅ​ស្របពេល​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​បាន​រៀបចំវេទិកា​មួយ​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​ដដែល​នេះ​ ជជែក​ពិភាក្សា​គ្នា​ អំពី​កិច្ច​ព្រម​ព្រៀង​ដែល​បាន​នាំមក​កម្ពុជា​នូវ​លទ្ធិប្រជា​ធិបតេយ្យ ​សេរី​ពហុបក្សម្តង​ទៀតក្នុង​ទឹកដី​កម្ពុជា​។​

លោក​ម៉ៅ​ មុន្នី​វណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​ VOA​ ​ថា​ សាលារាជធានី​ភ្នំពេញ​ នឹង​មិន​ជំទាស់ដល់​ ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួបនៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ដែល​មាន​អាយុ​២៥​ឆ្នាំនេះ​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នោះ​ទេ​ ​ដោយ​ហេតុថា​ រដ្ឋាភិបាល​ក៏បាន​បន្ត​គាំទ្រ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀងដែលបាន​រួម​ចំណែក​មួយ​ភាគធំ​ ដល់​ការ​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ​ និង​ខ្មែរ​កាល​ពី ឆ្នាំ​ ​១៩៩១។

«​តាមពិត​ទៅ​យើង​គ្រាន់​តែ​ជូន​ដំណឹង​ ហើយ​យើង​ទៅ​ពិភាក្សា​ជា​មួយ​សាលា​រាជ​ធានី​ភ្នំពេញ​ហ្នឹង​ ដើម្បី​ រួម​គ្នា​ធ្វើ​ម៉េច ការ​ពារ​សន្តិសុខ​ ជជែក​គ្នា​អំពី​សណ្តាប់​ធ្នាប់​ អីៗហ្នឹង​ ធ្វើ​ម៉េច​ ធ្វើ​ឲ្យ​កម្មវិធី​យើង​ហ្នឹង​ ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​ ហ្នឹង​ឯង​បាទ​»។​

​VOA មិន​ទាន់​អាច​ទាក់​ទង​ លោក​ មាន ចាន់​យ៉ា​ដា​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។​

កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ថ្ងៃ២៣​តុលា​ឆ្នាំ១៩៩១​បាន​ធ្វើឲ្យ​ភាគី​៤​ឈប់​បាញ់​គ្នា​ បង្ក​ឲ្យមាន​សន្តិ​ភាព​ ​ធានា​បូរណភាព​ដែន​ដី​ អធិប​តេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ​គឺ​ជា​ស្នា​ព្រហស្ថ​របស់​សម្តេចឳ​ព្រះ​នរោត្តម​សីហនុ​ដែល​ជា​ អ្នក​ផ្តួច​ផ្តើម​។​

​អ្នក​វិភាគសង្គម​ លោក​មាស​ នី ​ថ្លែង​ថា​ ការ​រំឮក​ដល់​ខួប​នៃការចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ស្ទើ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ បំភ្លេច​ចោ​ល​ម្តង​រួចមក​ហើយ​ ដោយ​រដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​មន្ត្រី​រាជការ​ឈប់​សម្រាក​នាថ្ងៃ​ទី​២៣​តុលា​នេះ។​ ប៉ុន្តែ​គ្រាដែល​កម្ពុជា​ ចាប់​ផ្តើម​ជួប​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ខាង​ រដ្ឋាភិបាល​ ក៏​បាន​ផ្តើម​រំឮក​កិច្ច​ព្រមព្រៀង​នេះ​ ​សារ​ជាថ្មី​។​ ​

​អ្នកវិភាគរូបនេះ​ បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មិន​អាច​មើល​រំលង​កិច្ចព្រមព្រៀង​នេះ​បាន​នោះ​ឡើយ ព្រោះ​វា​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ធានា​ដល់​ការ​រស់​រាន​ឡើងវិញ​របស់​កម្ពុជា ​ក្រោយ​របប​ខ្មែរ​ក្រហម។​ លោក​បន្ថែម​ថា​ រដ្ឋា​ភិបាល​ ​កំពុង​បង្ក​ឲ្យ​មាន​សកម្មភាព​នយោបាយ​មួយ​ចំនួន​ ដែល​ផ្ទុយ​ពី​ខ្លឹម​សារ​ដើម​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ នៅ​គ្រា​ដែល​តំណាង​រាស្ត្រ​ដែល​នៅ​មាន​ឯក​សិទ្ធិ​សភា​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ក្នុង​ពន្ធនាគារ​ ក៏ដូច​ជា​មន្ត្រី​ និង​សកម្មសិទ្ធិ​មនុស្ស ​ជាច្រើន​ទៀត​ដែល​ កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ប្រព័ន្ធ​តុលាការ៕