លោក ផន ផាន់ណា និងសកម្មជនគណបក្សប្រឆាំងដែលបានភៀសខ្លួនទៅនៅក្នុងប្រទេសថៃ ព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ក្រោយមានការបែកធ្លាយសារសំឡេងរបស់អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺលោក ហ៊ុន សែន តាមបណ្តាញសង្គម ដែលបានបញ្ជាឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃ តាមកម្ចាត់សកម្មជនបក្សប្រឆាំងក្នុងទឹកដីថៃ ឱ្យទាល់តែបាន ដើម្បីកាត់ផ្តាច់ចលនាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ។ ពាក់ព័ន្ធនឹងសារសំឡេងនេះ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា មិនមែនជាសំឡេងពិតរបស់លោក ហ៊ុន សែន នោះទេ។
លោក ផន ផាន់ណា ដែលកំពុងជ្រកកោននៅក្នុងទឹកដីថៃតាំងពីខែកក្កដា ឆ្នាំ ២០២២ និងទទួលបានឋានៈជាជនភៀសខ្លួន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រោយមានការបញ្ចេញសារសំឡេងរបស់លោក ហ៊ុន សែន លើបណ្តាញសង្គមហ្វេសប៊ុក លោកបានទទួលដំណឹងថា មានមនុស្សចុះទៅសួររករូបលោកដល់ទីកន្លែងដែលលោកស្នាក់ ក្នុងប្រទេសថៃពិតមែន កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤។
លោកថ្លែងថា៖ «ជាក់ស្តែងក្រោយពីសំឡេងមួយបែកធ្លាយហ្នឹង គឺចៃដន្យអីខ្ញុំបានចេញពីផ្ទះមុន ហើយក៏ស្រាប់តែក្រុមការងារ គាត់នៅទីនោះ គាត់ថា មានគេមករកខ្ញុំដល់បន្ទប់អីអ៊ីចឹង មានន័យថា លោក ហ៊ុន សែន បានបញ្ជូនកម្លាំងមករកខ្ញុំពិតប្រាកដមែន»។
អតីតសកម្មជនគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិរូបនេះព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនកាន់តែខ្លាំង និងចាត់ទុកថា សារសំឡេងបែកធ្លាយរបស់លោក ហ៊ុន សែន មានចរិតហិង្សា និងមានចេតនាធ្វើទុក្ខបុកម្នេញខាងនយោបាយមកលើរូបលោក។
លោកប្រាប់វីអូអេថា៖ «ខ្ញុំគ្រាន់តែមានការភ្ញាក់ផ្អើលដែលលោក ហ៊ុន សែន ប្រើអំណាចកំពូលរបស់គាត់បញ្ជាកងកម្លាំងគ្រប់ច្រកមកតាមចាប់ខ្ញុំ មិនថា ខ្ញុំស្លាប់ ឬរស់ មិនថា ក្នុងតម្លៃណា យកខ្ញុំឱ្យបាន។ ហ្នឹងវាហាក់ដូចជាស្តាប់ទៅព្រៃផ្សៃខ្លាំងពេក គ្រាន់តែខ្ញុំជាប្រជាពលរដ្ឋម្នាក់ ជាសកម្មជននយោបាយម្នាក់ ដែលគ្រាន់តែចូលរួមធ្វើនយោបាយ និងបញ្ចេញមតិ តស៊ូមតិតាមច្បាប់រដ្ឋធម្មនុញ្ញដែលបានចែង»។
លោក ផន ផាន់ណា សុំមិនផ្តល់ការអត្ថាធិប្បាយលម្អិតបន្ថែមទេ ព្រោះលោកបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងថា ប្រទេសថៃលែងជាទីសុវត្ថិភាពរបស់ជនភៀសខ្លួនដូចមុនទៀតហើយ។
លោក ផន ផាន់ណា គឺជាសកម្មជនគណបក្សប្រឆាំង ដែលបានភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសថៃកាលពីពីរឆ្នាំមុន បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់មេដឹកនាំនយោបាយជំទាស់គឺលោក សម រង្ស៊ី មកប្រទេសកម្ពុជា។
ជុំវិញសារសំឡេងរបស់លោក ហ៊ុន សែន នោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា សំឡេងនោះមិនមែនជាសំឡេងពិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នោះទេ។
យ៉ាងណាក៏ដោយ នេះជាសារសំឡេង ដែលត្រូវបានគេយកមកបង្ហោះចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានសរសេរភ្ជាប់ថា ជាសំឡេងរបស់លោក ហ៊ុន សែន។
សារសំឡេងនេះនិយាយយ៉ាងដូច្នេះថា៖ «ឥឡូវបើតាមដឹង វាកំពុងរៀបចំអីផ្សេងៗទៀតដើម្បីបំផុសជាចលនាអ្វីផ្សេងទៀត ដែលយើងក៏មិនត្រូវឱ្យអាមួយនេះ រួចខ្លួនដែរ។ អាហួត ត្រូវទទួលខុសត្រូវលើការងារនេះ ដោយធ្វើការជាមួយនគរបាលថៃ។ ហើយក្រុមអាវក្រហមក៏ត្រូវតែចូលរួមដែរ ដែលយើងដែលមានការសហការល្អជាមួយយើង ត្រូវធ្វើសកម្មភាពនេះផងដែរ ហើយដែលត្រូវធ្វើសកម្មភាពដាច់ដោយឡែកពីនគរបាលថៃ និងកម្លាំងយើងផ្ទាល់ក៏ត្រូវតាមយកអាមួយនេះឱ្យបាន បើទោះបីដោយតម្លៃណាក៏ដោយ រស់ ឬស្លាប់ យើងអត់ដឹងទេ តែដឹងថា អាមួយហ្នឹងគឺមិនអាចទៅណា មិនឱ្យចេញទៅណាបាន។ ដូច្នេះត្រូវអនុវត្តវិធានការនេះជាបន្ទាន់ ដាច់ខាតមិនឱ្យអា ផន បញ្ញា នេះ រួចខ្លួនបានទេ។ សូមអនុវត្តភ្លាម»។
លោក ខឹម មុន្នីកុសល ប្រធានគណៈកម្មការសម្របសម្រួលជនភៀសខ្លួននៅប្រទេសថៃ និងជាសមាជិកម្នាក់របស់គណបក្សភ្លើងទៀនដែលភៀសខ្លួនទៅប្រទេសថៃ ប្រាប់វីអូអេថា សកម្មជនដែលបានភៀសខ្លួនស្នាក់នៅប្រទេសថៃ រងការយាយីខ្លាំង នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ គ្រាដែលសកម្មជនគ្រោងជួបជុំធ្វើបាតុកម្ម«ប្រឆាំងនឹងការឡើងកាន់អំណាចតពូជ»។
លោកចាត់ទុកថា ការបន្តយាយី និងការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងក្នុងប្រទេសថៃ គឺជាចេតនាបោសសម្អាតមិនឱ្យមានការតស៊ូមតិរបស់សកម្មជនពីក្រៅប្រទេស។
លោកថ្លែងថា៖ «អ៊ីចឹងការចាប់នេះ វាជាការគំរាមកំហែង ហើយរាំងខ្ទប់ការធ្វើនយោបាយរបស់ប្រជាពលរដ្ឋដែលជាជនភៀសខ្លួននៅក្នុងប្រទេសថៃនេះតែម្តង។ អាហ្នឹងគឺជាចេតនាដើម្បីបោសសម្អាតមិនឱ្យមានការតស៊ូមតិនៅក្នុងប្រទេសថៃ»។
បើតាមលោក ខឹម មុន្នីកុសល សកម្មជនដែលកំពុងស្ថិតនៅក្នុងប្រទេសថៃមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាព និងសិទ្ធិជ្រករបស់ពួកគេ។
លោក សុខ ឥសាន អ្នកនាំពាក្យជើងចាស់របស់គណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា សារសំឡេងដែលត្រូវបានចែករំលែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមជាល្បិចកលមួលបង្កាច់របស់ក្រុមប្រឆាំង។
លោកថ្លែងថា៖ «ករណីហ្នឹងដូចគ្មានទេ ពីព្រោះយើងមានកិច្ចព្រមព្រៀងជាមួយថៃរួចហើយ ចាំបាច់អីផ្តាំផ្ញើ ចាំបាច់អីទៅបញ្ជាថែមទៀត? អ៊ីចឹងទេ រឿងសារសំឡេង យកសំឡេងថា ជាសំឡេងរបស់សម្តេចនេះ ខ្ញុំយល់ថា គេអាចធ្វើបានអីតើ! ឥឡូវយើងមានបច្ចេកវិទ្យាទំនើប។ យើងអាចធ្វើបានសំឡេងប្រហែលៗហ្នឹង។ អាហ្នឹងចេះតែយកមកចោទ! ខ្ញុំក៏យល់ឃើញថា នេះវាមិនមែនជាការណ៍ពិតទេ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បាននៅឡើយទេ។
ដោយឡែកជុំវិញបញ្ហានេះ មន្ត្រីសិទ្ធិមនុស្សសម្តែងការព្រួយបារម្ភកាន់តែខ្លាំងពាក់ព័ន្ធលម្ហសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ ដែលកំពុងរងការយាយីជាបន្តបន្ទាប់។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា មតិជាតិ និងអន្តរជាតិតែងតែទទូចស្នើឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាពឡើងវិញ ខណៈបញ្ហាសិទ្ធិមនុស្សគឺនៅតែបញ្ហានាំឱ្យព្រួយបារម្ភ។
បើតាមមេដឹកនាំសមាគមរូបនេះ អង្គការសង្គមស៊ីវិលមិនគាំទ្រអ្នកដែលប្រើប្រាស់សេរីភាពហួសព្រំដែនទេ ប៉ុន្តែសូមឱ្យរដ្ឋាភិបាលពិនិត្យ និងអនុវត្តតាមបទដ្ឋានអន្តរជាតិ ដោយកុំពន្យល់ក្នុងលក្ខណៈចង្អៀត ដែលនាំឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលជុំវិញបញ្ហាសិទ្ធិមនុស្សនេះ។
លោកបន្ថែមថា៖ «សូមឱ្យរដ្ឋាភិបាលពិនិត្យមើលបទដ្ឋានអន្តរជាតិ ពិសេសសេចក្តីពន្យល់លេខ៣៤ និយាយអំពីសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពនៃការជួបជុំ និងសកម្មភាពនយោបាយអ្វីផ្សេងៗ ដែលរដ្ឋាភិបាល ពិសេសអាជ្ញាធរត្រូវសិក្សាឱ្យបានច្បាស់លាស់ ហើយឱ្យបានស៊ីជម្រៅ ហើយខិតខំធ្វើយ៉ាងណា បើកលម្ហសេរីភាព ព្រោះថា សេរីភាពទាំងអស់ហ្នឹង វាជួយដល់រដ្ឋាភិបាល»។
កាលពីខែឧសភា ឆ្នាំ ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញរបាយការណ៍មួយ ដោយកត់សម្គាល់ថា អាជ្ញាធរថៃបាននិងកំពុងជួយដល់រដ្ឋាភិបាលប្រទេសជិតខាងរបស់ខ្លួន រួមមានកម្ពុជាផងដែរ ដើម្បីចាត់វិធានការខុសច្បាប់ប្រឆាំងនឹងជនភៀសខ្លួន និងអ្នកប្រឆាំងមកពីបរទេស។ អង្គការនេះបញ្ជាក់ថា ការណ៍នេះនាំឱ្យប្រទេសថៃកាន់តែគ្មានសុវត្ថិភាពសម្រាប់អ្នកដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសរបស់ខ្លួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា សកម្មភាពរបស់ប្រទេសថៃបានបំពានលើច្បាប់អន្តរជាតិ ក៏ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងសន្ធិសញ្ញាផ្សេងទៀតដែលប្រទេសថៃបានផ្តល់សច្ចាប័នក្នុងការរារាំងការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅប្រទេសដើមវិញ ហើយសកម្មភាពនេះក៏បានបំពានច្បាប់របស់ប្រទេសថៃស្តីពីការទប់ស្កាត់ និងបង្ក្រាបការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ ដែលបានចូលជាធរមានកាលពីខែកុម្ភៈ ឆ្នាំ ២០២៣៕