តុលាការ​កាត់​ទោស​សកម្មជន​គណបក្ស​ប្រឆាំង អ៊ុក ពេជ្រសំណាង ឱ្យ​ជាប់​គុក​ពីរ​ឆ្នាំ

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​កាន់​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សួន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ ២០១៣។

សាលាដំបូង​ក្រុងភ្នំពេញ​បាន​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​កាត់​ទោស​លោក ​អ៊ុក ពេជ្រ​សំណាង​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ ពីបទ​​បង្ក​ហិង្សា​ដោយ​ចេតនា​​ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​។​ ​​

សាលាដំបូង​ក្រុងភ្នំពេញ​បាន​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​កាត់​ទោស​លោក ​អ៊ុក ពេជ្រ​សំណាង​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ ពីបទបង្ក​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​។​

ការ​ប្រកាស​សាលក្រម​កាត់​ទោស​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​រូប​នេះ​ ធ្វើ​ឡើងស្រប​ពេល​ដែល​លោក​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​ ដោយ​សារ​ករណី​ដាច់​ដោយឡែក​មួយ​ទៀត​ ទាក់​ទិនសំណុំ​រឿង​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ជាប់​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ឆ្នាំ​២០១៤។

លោក ​អំ សំអាត ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ការ​ប្រកាស​សាល​ក្រម​នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ ហើយ​ថា​ការ​កាត់​ទោស​នេះ​ ជា​ការ​ដាក់​សម្ពាធនយោបាយ​មួយ​ ​ទៅដល់​អ្នក​គាំទ្រនៃ​បក្ស​ប្រឆាំង​ឯទៀត​ផងដែរ។​

«យើង​គិតថា​ ជាការដាក់​សម្ពាធ​មួយ​ ហើយ​ក៏វា​អាច​ចូល​ក្នុង​សម្ពាធ​នយោបាយ​មួយ​ ដើម្បី​បំបាក់​ស្មារតី​ទៅ​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​ ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​ផ្សេងៗ​»។​

​សាលក្រម​ដែល​ប្រកាស​ដោយ​ចៅក្រម ​អ៊ឹម វណ្ណៈ​ ក៏បាន​តម្រូវ​ឲ្យលោក ​អ៊ុក ពេជ្រសំណាង ​អាយុ​៥១​ឆ្នាំ ​បង់​ប្រាក់​ពិន័យជូន​រដ្ឋចំនួន៤លានរៀល និង​បង្គាប់​ឲ្យ​សង​សំណង​ដល់​ជន​រងគ្រោះ​៥នាក់​ជា​សន្តិសុខ​របស់​ខណ្ឌ​ដូន​ពេញចំនួន​១០​លាន​រៀល​ផងដែរ​។​

សាលក្រម​ដែល​តុលាការ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ផ្តោតទៅលើ​សំណុំ​រឿង​ទី​ពីរ​របស់​លោក​ អ៊ុក ពេជ្រសំណាង​ ដែល​បាន​កើត​ឡើង​កាល​ពីខែ​តុលា​ ឆ្នាំ​២០១៤​។​ សំណុំរឿង​នេះ​ ទាក់​ទិនហេតុការណ៍​ដែល​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បើក​ម៉ូតូ​កង់​បីដឹក​អ្នកតវ៉ា បុក​របា​ដែក​របស់​កង​សន្តិ​សុខ​ខណ្ឌ​ដូនពេញ​ ខណៈ​ដែល​លោក​និង​ប្រជាពលរ​ដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ​ព្យាយាម​ដាក់​ញ្ញតិ​មួយ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាល​ពីថ្ងៃទី២០​ ខែ​តុលា​ឆ្នាំ​២០១៤កន្លង​ទៅ។​

នៅ​ក្នុង​គ្រា​នោះ​ មាន​អ្នក​ភូមិច្រើន​ជាង១០០​នាក់​មកពី​ខេត្ត​ព្រះ​វិហារ ​ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញចេញ​ពី​លំនៅដ្ឋាន​ បាន​ព្យាយាម​ដាក់​ញ្ញតិ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ តែ​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើត​ឡើង​ បង្ក​ឲ្យ​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ចូលរួម១៨​នាក់​ផ្សេង​ទៀត​រង​របួស។​ ក្នុង​ពេល​ប៉ះទង្គិច​គ្នា​នោះ​ កង​សន្តិសុខ​បាន​យក​ដំបង​ និង​ឧបករណ៍​ឆក់​មក​វាយ​តប់អ្នក​តវ៉ា​ផង​ដែរ។​ ប្រធាន​សន្តិសុខ​ ខណ្ឌ​ដូន​ពេញ​ ​លោក ​គីម វុត្ថា​ បាន​អះអាង​នៅ​ពេល​នោះថា​ សន្តិ​សុខ​ប្រាំនាក់​បាន​រង​របួស។

លោក ​ជួង ជូងី​ មេធាវី​ការពារ​ក្តី​ឲ្យ​លោកអ៊ុក ពេជ្រសំណាង​ បាន​ហៅ​ការ​ប្រកាស​សាលក្រម​នេះ​ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូន​ក្តី​លោក​ ព្រោះ​កូន​ក្តី​លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដូចការ​ចោទ​ប្រកាន់​នោះ​ឡើយ។

«លោក ​អ៊ុក ពេជ្រសំណាង​ គាត់​ស្រែកថា​អយុត្តិធម៌​សម្រាប់​គាត់​ គឺ​ដាក់​ទោស​គាត់​ដែល​អត់មាន​កំហុស​។ អញ្ចឹង​គឺខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​គាត់​ក្នុងការ​ប្តឹង​ឧទ្ធរណ៍​ពី​ករណីហ្នឹង​»។​ ​

​លោក​ ហួត ចាន់​យូរ៉ាន់ ​អធិការ​ប៉ូលិស​ ខណ្ឌ​ដូន​ពេញ​ បដិសេធ​មិន​ធ្វើ​ការ​អត្ថាអធិប្បាយ​ ដោយ​លោក​បាន​លើក​ទូរស័ព្ទ តែដាក់ចុះ​វិញ។​ VOA​ មិន​អាច​ទំនាក់ទំនង​លោក​គីម​ វុត្ថា ប្រធាន​សន្តិសុខ​ ខណ្ឌ​ដូន​ពេញ​បាន​ទេ។​

​អ្នក​ស្រី ​ទិត្យ ណារិន ​វ័យ​៤៨​ឆ្នាំ​ ភរិយា​របស់​លោក ​អ៊ុក ពេជ្រ​សំណាង​បាន​ច្រានចោល​នូវ​សាលក្រម​នេះ​ ហើយ​ចាត់​ទុកថា​ នេះ​ជាការ​សម្រេច​យ៉ាង​អយុត្តិធម៌។​ អ្នក​ស្រី​ថ្លែង​ថា​ ចាប់​ពីពេល​ដែល​ ​លោកអ៊ុក ពេជ្រ​ សំណាង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ពន្ធនាគារ​ អ្នក​ស្រី​មាន​ការលំបាក​ក្នុងការដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ អ្នក​ស្រី​និយាយ​ថា​៖

​«ពិបាក​ខ្លាំង​ដោយសារ​ ពេល​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ប្តី​ ពី​ផ្ទះ​ទៅ​ព្រៃ​ស​ ហើយ​ខ្ញុំ​និង​ត្រូវការ​ចិញ្ចឹម​ចៅ​កំព្រា​ ដោយសារ​ខ្ញុំ​ហ្នឹងវេទនា ហើយ​កូន​ដែល​ត្រូវស្លាប់​ហ្នឹង​អ្នក​រកចំណូល​ ហើយ​ឪពុក​ក៏អ្នក​រក​ចំណូល​ ដល់​ពេល​ឥឡូវ​ហ្នឹង​ត្រូវ​ស្លាប់​ហើយ​ ត្រូវ​ជាប់​គុក​ទៀត​ ខ្ញុំ​ហ្នឹង​លំបាក​មែន​ទែន​»​។​ ​

កូន​ប្រុស​ច្បង​ក្នុងគ្រួសារ​ដ៏ក្រី​ក្រ​នៃលោក ​អ៊ុក ពេជ្រសំណាង​ ឈ្មោះ​ ហេង​ មេសា​ អាយុ​៣៥​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​មហា​រីកថ្លើម​ កាល​ពី​ខែ​កក្កដាឆ្នាំ​២០១៥។​ ការស្លាប់​របស់​លោក ​ហេង មេសា​ កើតឡើង​ ខណៈដែល​សាលា​ដំបូង​ក្រុងភ្នំពេញ​ប្រកាស​សាល​ក្រម​មួយ​ផ្សេង​ទៀត​ដល់​លោក ​អ៊ុក ពេជ្រសំណាង​ ឱ្យ​ជាប់ពន្ធនាគាររយៈ​ពេល​៧ឆ្នាំទាក់​ទង​នឹង​សំណុំរឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ៕