ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម​ រង្ស៊ី


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​មួយ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​មួយ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អាទិត្យទី​១៦ ខែសីហា​នេះ សម្រេច​ឃុំ​ខ្លួន​លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ជា​បណ្តោះ​អាសន្ន​ក្រោម​បទ​ចោទ​ប្រកាន់​បី​គឺ​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​ក្លែង​ និង​ ញុះញង់»។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អាទិត្យទី​១៦ ខែសីហា​នេះ​ សម្រេច​ឃុំ​ខ្លួន​លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ជា​បណ្តោះ​អាសន្ន​ក្រោម​បទ​ចោទ​ប្រកាន់​បី​គឺ ​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​ក្លែង​ និង​ ញុះញង់»។ ​នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​ជួង ជូងី​ មេធាវីមួយ​រូប​ក្នុង​ចំណោម​មេធាវី​បួន​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខហួរ។

ការ​ចោទ​ប្រកាន់​នេះ​ធើ្វ​ឡើង​បន្ទាប់​ពី​ការ​សួរ​ដេញដោល​ពី​តុលាការ​អស់​រយៈ​ពេល​ជាង​បួន​ម៉ោង​នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​ឯ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក​ហុង សុខហួរ​ ដែល​កាន់​សញ្ជាតិ​បារាំង​ខ្មែរ​ ត្រូវ​បាន​អមដោយ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កង​អន្តរាគមន៍​ពិសេស​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ​ក្រោយ​ពេល​លោកទទួល​បាន​ការ​ចោទ​ប្រកាន់​ពីតុលាការ។​ ក្រុម​អ្នក​តវ៉ា​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ នៅ​ពេល​លោក​ហុង សុខហួរ​ត្រូវ​បាន​ដឹក​ចេញ​ពី​តុលាការ​រាជធានី​ភ្នំពេញ។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​មុខ​ច្រក​ទ្វារ​ចូល​សាលា​ដំបូង​រាជធានី​ភំ្នពេញ​ លោក​ជួង ជូងី​មាន​ប្រសាសន៍​ថា​ លោក​ហុង សុខហួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​លោក​ព្រះរាជ​អាជ្ញារង​មាស ច័ន្ទ​ពិសិដ្ឋ​ ហើយ​ថា​ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខ​ហួរ​នឹង​ដាក់​ពាក្យ​ប្តឹង​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។​

«ខ្ញុំ​នឹង​ដាក់​សុំ​ឲ្យ​ដោះ​លែង​គាត់​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ដោយ​ដាក់​ប្រាក់​ធានា​ ពី​ព្រោះ​គាត់​នឹង​មិន​រត់​ទៅ​ណា​ទេ​ ប្រសិន​បើ​គាត់​រត់​ គាត់អត់​អាច​មកធ្វើ សមាជិក​ព្រឹទ្ធ​សភា​បាន​ទេ»។​

លោក​មេធាវី​បញ្ជាក់​បន្ថែម​ថា​ តុលាការ​ពុំ​បាន​ចោទ​ប្រកាន់​លោក​ហុង សុខហួរ​ពី​បទ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ដូច​ការ​ចោទ​ប្រកាន់របស់​លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​បួន​ថ្ងៃ​មុន​នោះ​ទេ។​

រីឯ​ភរិយា​របស់​លោក​ហុង សុខហួរ​គឺ​អ្នកស្រី​គុណ លំអង​ ប្រធាន​ចលនា​ស្រ្តី​នៃ​គណបក្ស​សង្គ្រោះ​ជាតិសម្តែងក្តី​ក្តុក​ក្តួល​នៅ​ក្រោយ​ពេល​ដែល​តុលាការ​សម្រេច​បញ្ជូន​ស្វាមី​របស់​អ្នក​ស្រី​ទៅកាន់ពន្ធនាគារ​ព្រៃ​ស ​ដោយ​អ្នកស្រីបាន​និយាយ​ជា​មួយ​និង​ដំណក់​ទឹក​ភ្នែក​យ៉ាង​ដូច្នេះថា៖​

«ខ្ញុំ​គិត​ថា​ ខុស​នីតិ​វិធី។​ ប្តី​ខ្ញុំ​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​នៅ​ឡើយ​ យក​គាត់​ទៅ​ព្រៃ​ស»។​

អ្នក​ស្រី​គុណ លំអង​បន្ត​ថា​ អ្នកស្រី​ពុំ​បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ទៅ​លើ​ស្វាមី​អ្នកស្រី​នោះឡើយ ​ហើយ​បានស្រែក​ដង្ហោយឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​គោរព​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«ខ្ញុំ​អត់​ដឹង​ថា​ ចោទ​ពី​បទ​អី​ខ្លះ​ទេ។​ ប៉ុន្តែ​ចំពោះ​ខ្ញុំ​គឺ​ថា​ធ្វើ​នេះ​ ទង្វើ​នេះ​គឺ​ឃោរឃៅ​ ខុស​នីតិ​វិធី​ទាំង​ស្រុង។​ ប្តី​ខ្ញុំ​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​នៅ​ឡើយ​ ហើយ​រឿង​អី​គាត់​ អភ័យ​ឯក​សិទ្ធិ​របស់​ព្រឹទ្ធសភា​ អត់​ទាន់​ដក​ទេ។​ ហើយ​ថ្ងៃ​នេះ​ឮ​ថា ​បញ្ជូន​ទៅ​គុក​ព្រៃ​ស។ ​សូម​បងប្អូន​ជួយ​គិត​មើល​ចុះ​ ថា​តើ​យុត្តិធម៌​នៅ​កន្លែង​ណា?​ ខ្ញុំ​សូមទាមទារ​អង្វរ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​សុំ​ធ្វើ​តាម​ច្បាប់។​ នេះ​មិនមែន​ច្បាប់​ទេ​គឺ​ខុស​ពី​នីតិ​វិធីហើយ​ សូម​ឲ្យ​គិត​គូរ​ឡើង​វិញ»។

ការ​ចាប់​ និង​ឃុំ​ខ្លួន​លោក​ហុង សុខហួរ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​តុលាការ​កើត​មានឡើងបន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​មាន​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​លោក​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់​រូប​នេះ​ជាបន្ទាន់។​ ការ​បញ្ជា​នេះ​ធើ្វឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​ឯ​វិទ្យា​សា្ថន​ជាតិ​អប់រំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​បាន​ចោទ​លោក​ហុង សុខហួរថា​ ​បាន​កាឡៃ​ខ្លឹម​សារ​ដើម​នៃ​សន្ធិ​សញ្ញា​សន្តិភាព ​មិត្តភាព ​និង​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ដែល​បាន​ចុះ​នៅ​ឆ្នាំ​១៩៧៩​ ហើយ​ថា ការ​ប្រព្រឹត្ត​របស់​លោក​ហុង សុខហួរ​ជា​«អំពើ​ក្បត់​ជាតិ»។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ដូច្នេះ​នៅពេល​លោក​បើក​ទូរស័ព្ទ​ដៃ​មើល​បណ្តាញ​សង្គម​ Facebook​ ដែល​មាន​បង្ហោះ​វីដេអូ​បទ​បង្ហាញ​របស់​លោក​ហុង សុខហួរ​អំពី​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម។​

ក្នុង​ការ​បង្ហាញ​នោះ​ លោក​សមាជិក​ព្រឹទ្ធ​សភា​ក៏​បាន​បង្ហាញ​សន្ធិ​សញ្ញា​រវាង​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​និង​សាធារណ​រដ្ឋ​សង្គម​វៀតណាម​ចុះ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩​ផង​ដែរ។​ ក្នុង​បទ​បង្ហាញ​របស់​លោក ​លោក​ហុង សុខហួរ​បង្ហាញ​ថា​ វៀតណាម​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។​

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញប័ត្រ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចំអក​ឲ្យ​លោក​ហុង សុខហួរ​ថា ស្រឡាញ់​ពន្ធនាគារ។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​ព្រមាន​ប្រើ​រថក្រោះ​ផង​ដែរ​ ប្រសិន​បើ​មាន​ការ​តបត។​

«អា​គាត់​នេះ​ គាត់​ស្រឡាញ់​គុក។​ បើ​គាត់​មិន​ទៅ​ជាប់​គុក​ គុក​មក​តាម​សួរ​សុខ​ទុក្ខ​គាត់​ រួច​ហើយ​ថា ​ស្អី​ឡើង​ប្រើ​ប្រព័ន្ធ​តុលាការ​ ប្រើ​ទាហាន​ ប្រើ​ប៉ូលិស។​ អុញ!​ ចុះ​បើ​ធ្វើ​រាជ​រដ្ឋាភិបាល​មិន​ប្រើ​ទាហាន​ ប្រើ​ប៉ូលិស​ ប្រើ​នរណា?​ ហើយ​តែ​មាន​រឿង​អី​ទៅ​ប្តឹង​តុលាការ​ហើយ ​ហើយ​តែ​ធ្វើ​ខុស​គេ​ចាប់​ហើយ។​ វា​មាន​ស្អី!​ ហើយ​នរណា​ចាប់?​ វា​មាន​តែប៉ូលិស​យុត្តិធម៌​ នគរបាល​យុត្តិធម៌​របស់​គេ! អា​ហ្នឹង​គេ​បញ្ចេញ​រថក្រោះ​ហើយ​ អាហ្នឹង​រឿង​មាន​តែ​អញ្ចឹង»។​

លោក​កោ វណ្ឌី​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បដិសេធ​មិនធ្វើ​ការ​អធិប្បាយ​ ហើយ​បាន​បង្វែ​សំណួរ​ទៅ​លោក​មាស ច័ន្ទ​ពិសិដ្ឋ។​ ​លោក​មាស ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយដែរ​ ដោយ​លោក​ពុំ​មាន​ការ​អនុញ្ញាត​ពី​តុលាការឲ្យ​ផ្តល់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ។​

លោក​ហុង សុខហួរ​អាច​នឹង​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ពី​៥​ទៅ​១០ឆ្នាំ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​លោកបាន​ប្រព្រឹត្ត​ដូចការ​ចោទប្រកាន់​នេះ​មែន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​មេធាវីជួង ជូងី។​

ដោយ​ឡែក ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​វិល​ត្រឡប់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អាទិត្យនេះដែរ​ ពុំបាន​ធ្វើ​ការ​អធិប្បាយ​ច្រើន​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​នោះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទេ​ ដរាបណា​មិន​ទាន់​បាន​លទ្ធផល​ជា​វិជ្ជមាន​ទេ។​ ខ្ញុំ​មក​នេះ​ ខ្ញុំ​មាន​គម្រោង ហើយ​មាន​បំណង​ផ្តួច​ផ្តើម​គំនិត​ខ្លះ​ណ៎ា​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​អ្នក​ដែលជាប់​ឃុំឃាំង​ទាំង​អស់​បាន​ត្រូវ​គេ​ដោះ​លែង»។​

លោក​សម រង្ស៊ី​ ដែល​ជាប្រធាន​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​ជាតិ និង​ជា​ដៃ​គូ​សន្ទនា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​បញ្ជាក់​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្ថែម​ថា​ តំណាងរាស្រ្ត​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ពិចារណា​ទៅ​លើ​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិសាធនកម្មមាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បី​កំណត់​ឲ្យ​ជាក់​លាក់​នូវ​ការ​ប្រើ​ប្រាស់​ផែន​ទី​របស់​ព្រះ​រាជាណា​ចក្រកម្ពុជា៕

XS
SM
MD
LG