ក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើបាតុកម្មកាលពីថ្ងៃច័ន្ទ នៅទិវាទុក្ករបុគ្គលដែលជាថ្ងៃឈប់សម្រាក ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធវីរជនដែលបានពលីដើម្បីឯករាជ្យ ដោយក្នុងនោះរួមមានទាំងឪពុករបស់លោកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោតដែលត្រូវបានគេចាប់ឃុំខ្លួនផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចាប់តាំងពីយោធាបានដណ្ដើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភ: ហើយបានចាប់ខ្លួនលោកស្រី Suu Kyi និងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតនៃគណបក្សលោកស្រីមក មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ខណៈដែលយោធាបានបង្ក្រាបការធ្វើបាតុកម្មនៅតាមដងផ្លូវ និងនៅក្នុងការប៉ះទង្គិចគ្នារវាងយោធាជាមួយនឹងកងជីវពលថ្មីដែលប្រជាពលរដ្ឋទើបតែបង្កើតឡើង។
នៅក្នុងទីក្រុងរ៉ង់ហ្គូន យោធាបានរឹតបន្ដឹងការប្រារព្ធទិវាទុក្ករបុគ្គលនៅអគារមួយដែលរំឭកដល់លោក Aung San ឪពុករបស់លោកស្រី Suu Kyi និងវីរបុរសជាតិម្នាក់ទៀត ដែលត្រូវបានគេធ្វើឃាតជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៤៧។
ពួកអ្នកបើកបរក្នុងទីក្រុងរ៉ង់ហ្គូនក៏បាននាំគ្នាចុចស៊ីផ្លេរបស់ខ្លួននៅម៉ោង ១០:៣៧នាទីព្រឹកដែលជាទម្លាប់មួយដើម្បីរំឭកដល់ម៉ោងដែលមេដឹកនាំឯករាជ្យត្រូវបានគេសម្លាប់។ កាលពីឆ្នាំមុន លោកស្រី Suu Kyi បានដាក់កម្រងផ្កានៅក្នុងពិធីនេះ ប៉ុន្តែឆ្នាំនេះ មានតែសាច់ញាតិមួយចំនួនប៉ុណ្ណោះបានចូលរួមក្នុងពិធីនេះដែលក៏ត្រូវបានចូលរួមផងដែរដោយលោក Ko Ko ដែលជារដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាដែលត្រូវបានតែងតាំងដោយយោធា៕