ការស្ទង់មតិ​បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន ចង់​ឱ្យ​ស្ថាប័ន​ឯករាជ្យ​ រក្សា​បណ្ណាសារ​សាលាក្ដី​ខ្មែរក្រហម

គម្រប​នៃ​របាយការណ៍​លទ្ធផល​នៃ​ការ​ស្ទង់មតិ​មហាជន​ថ្មី​មួយ​អំពី​ការតម្កល់​និង​គ្រប់គ្រង​បណ្ណាសារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(ECCC) ដែល​ធ្វើ​ឡើង​ក្រុមហ៊ុនBusiness Development Link (Cambodia) Co., Ltd។

លទ្ធផល​នៃ​ការ​ស្ទង់មតិ​មហាជន​ថ្មី​មួយ បង្ហាញ​ថា ប្រជាជន​ខ្មែរ​ភាគច្រើន​គិត​ថា​បណ្ណាសារ​របស់​សាលាក្ដី​ខ្មែរក្រហម គួរ​តែ​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​ស្ថាប័ន​ឯករាជ្យ​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ ដោយ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ឬ​បុគ្គល​ណាមួយ​ឡើយ។

​ដូច​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ផ្សេង​ទៀត​ដែរ លោក ប៊ូ ម៉េង បាន​បាត់​បង់​សមាជិក​គ្រួសារ​របស់​លោក​អស់​ជាច្រើន​នាក់​ក្នុង​របប​ខ្មែរក្រហម​ដោយ​រួម​ទាំង​ភរិយា​និង​កូន​ពីរ​នាក់​របស់​លោក​ផង​ដែរ។

​អតីត​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​រូប​នេះ បាន​ស្វែង​រក​យុត្តិធម៌​សម្រាប់​ភរិយា​និង​កូនៗ​របស់​លោក ដោយ​ការ​ចូលរួម​ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​នៅ​ក្នុង​ដំណើរការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​កំពុង​ធ្វើ​ឡើងដោយ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(ECCC)ឬ​ហៅ​ថា​សាលាក្ដី​ខ្មែរ​ក្រហម។​

​បច្ចុប្បន្ន ដោយ​ប្រកប​របរ​លក់​សៀវភៅ​ដែល​រៀបរាប់​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ នៅ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ លោក ប៊ូ ម៉េង ​អាយុ​៧៨ឆ្នាំ​មាន​ប្រសាសន៍​ថា ក្រោយ​ពីសាលាក្ដី​កូន​កាត់​ដែល​មាន​ការ​ចូល​រួម​ពី​អង្គការ​សហប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការងារ​របស់​ខ្លួន​ទៅ លោក​ចង់​ឱ្យ​តុលាការនេះ តម្កល់​បណ្ណាសារ​របស់​សាលាក្ដី​នេះ​ទុក​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ដែល​បាន​ធ្វើ​ការ​ងារ​ប្រមូល ចងក្រង​និង​រក្សា​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​សម័យ​ខ្មែរក្រហម​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ។​

រូបឯកសារ៖ លោក ប៊ូ ម៉េង តំណាងដើមបណ្តឹងរដ្ឋប្បវេណីផ្តល់បទសម្ភាសន៍ដល់ VOA នៅសារមន្ទីរទួលស្លែង រាជធានីភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA Khmer)

​លោក ប៊ូ ម៉េង មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទទី​១៦​ខែ​កញ្ញា​នេះ​ថា៖

«‍តាម​យោបល់​របស់​ខ្ញុំ​ គួរ​តែ​ដាក់​នៅ​បណ្ណាល័យ​នៅកន្លែង​ ឆាំង យុ ហ្នឹង​ឯង​ ពី​ព្រោះ​ដាក់​នៅ​កន្លែង​ផ្សេង​ ខ្លាច​វា​បាត់បង់ ខ្លាច​វា​អាតាត់អាតាយ​ ទីណាត់ទីណែង ពេញ​ទឹក​ពេញ​ដី បាចសាច​ពេញ​ប្រទេស​ពេញ​ទីក្រុង​ភ្នំពេញ​ហ្នឹង​គឺ​ពិបាក​រក​ណាស់។ អ្នក​ដែល​ស្គាល់ គេ​ស្គាល់​កន្លែង​ ឆាំង យុ ហើយ​ខុស​ពី​ហ្នឹង​ គេ​អត់​ស្គាល់»។

សម្រាប់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និង​សាធារណជន​ទូទៅ ពួកគេ​ស្គាល់​ឈ្មោះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(DC-Cam)​ដែលដឹកនាំ​ដោយ​លោក ឆាំង យុ ច្រើន​ជាង បើ​ប្រៀបធៀប​នឹង​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា ​(LDC) ដែល​ទើប​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៩​នេះ។

ការ​ស្ទង់មតិ​ដែល​បាន​សាកសួរ​មនុស្ស​ជាង​១៥០០​នាក់​នៅ​ក្នុង​ខេត្ត​ក្រុង​ធំៗ​ចំនួន​៥​ បាន​រក​ឃើញ​ថា ​សាធារណជន​ទូទៅ​និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ដែល​ស្គាល់​មជ្ឈមណ្ឌល​DC-Cam​ មាន​ចំនួន​២២​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ស្គាល់មជ្ឈមណ្ឌល​LDC​ ដែល​មាន​ចំនួន៦​ភាគរយ។

ប៉ុន្តែ បច្ចុប្បន្ន ឯកសារ​បណ្ណាសារ​នៃ​សាលា​ក្ដី​ខ្មែរក្រហម ​កំពុង​ត្រូវ​បាន​តម្កល់​ទុក​នៅ​មជ្ឈមណ្ឌល​LDC ដែលគ្រប់គ្រង​ដោយ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា។

រូបឯកសារ៖ លោក​ ឆាំង យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ក្នុង​អំឡុង​ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​VOA​នៅ​សណ្ឋាគារ Beacon ក្នុង​រដ្ឋ​ធានី Washington កាល​ពី​ថ្ងៃសុក្រ ទី១២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហុង ចិន្តា​/VOA)

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ DC-Cam មាន​ប្រសាសន៍​ថា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន គិត​ថា​ឯកសារ​របស់​សាលាក្ដី​ខ្មែរក្រហម គួរតែ​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្ថាប័ន​ឯករាជ្យ​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ ដោយ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ឬ​បុគ្គល​ណាមួយ​ឡើយ។

លោក ឆាំង យុ ដែល​អះអាង​ថា​លោក​មិន​បាន​ចូលរួមនៅ​ក្នុង​ការ​សិក្សា​ស្ទង់​មតិ​នេះ បាន​បន្ថែម​ថា​តាម​រយៈ​ការ​សាកសួរ​នៅ​ក្រៅ​ការ​ស្ទង់​មតិ​ទៅ​លើ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ពួកគេ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​បាត់បង់​ ខូចខាត ឬ​ការ​កែប្រែ​សំណៅ​ដើម​នៃ​ឯកសារ​របស់​តុលាការ ដែល​នឹង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ដល់​ការ​ស្វែង​រក​ការ​ពិត​និង​យុត្តិធម៌​របស់​ជន​រងគ្រោះ។

«‍ការ​ព្រួយ​បារម្ភ​ទាំង​អស់​នេះ ជំរុញ​ឱ្យ​គាត់​គិត​ថា​ឯកសារ​ទាំង​អស់​នេះ មាន​លក្ខណៈ​ស្មុគស្មាញ ទូលំទូលាយ ហើយ​លទ្ធផល​ហាក់​ដូចជា​មិន​ដូច​ជា​អ្វី​ដែល​គាត់​រំពឹង​ទុក​ អញ្ចឹង​គាត់​ផ្ដោត​ទៅ​លើ​កន្លែង​ណា​ដែល​គាត់​អាច​ទុក​ចិត្ត​បាន​ថា​មាន​តម្លាភាព​និង​ភាព​ឯករាជ្យ មិន​មាន​ពណ៌​សម្បុរ​នយោបាយ មិន​បម្រើ​ឱ្យ​បរទេស​ណាមួយ​ឬ​ក៏​អង្គភាព​ណាមួយ»។

អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​ស្ទង់​មតិ​នេះ​រួម​មាន​សាធារណជន​ទូទៅ​ អ្នក​នៅ​រស់​ពី​របប​ខ្មែរក្រហម អតីត​កម្មាភិបាល​ខ្មែរក្រហម និស្សិត​និង​សាស្ត្រាចារ្យ​នៅ​តាម​សាកលវិទ្យាល័យ ព្រម​ទាំង​អ្នក​តាម​ដាន​និង​ដឹង​រឿងរ៉ាវ​អំពី​ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ក្រហម​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ។ អ្នក​ទាំង​នេះរស់នៅ​ខេត្ត​ព្រៃវែង កណ្ដាល បាត់ដំបង កំពង់​ចាម និង​រាជធានី​ភ្នំពេញ។

​លទ្ធ​ផល​នៃ​ការ​ស្ទង់មតិ​ដែល​មាន​ចំណង​ជើង​ថា«‍មតិ​មហាជន​ស្ដីពី​ការ​ថែរក្សា​ឯកសារ​តុលាការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​‍» បាន​បង្ហាញ​ថា ប្រមាណ​៩៦​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ គិត​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ទុក​ឯកសារ​តុលាការ​ក្នុង​ទីតាំង​ដែល​មាន​សន្តិសុខ និង​សុវត្ថិភាព​ខ្ពស់ ហើយ​ងាយ​ស្រួល​ឱ្យ​សាធារណជន​ជាតិ​និង​អន្តរជាតិ អាច​ចូល​មើល​និង​ស្រាវជ្រាវ​បាន។

លោក​បណ្ឌិត​ Markus Zimmer ទី​ប្រឹក្សា​ម្នាក់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ចូលរួម​ត្រួត​ពិនិត្យ​មើល​លើ​ការសិក្សា​ស្ទង់​មតិ​សាធារណជន​នេះ បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយវីអូអេ​ថា​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ចង់​បាន​ស្ថាប័ន​ឯករាជ្យ ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ឯកសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នេះ គឺ​ដោយ​សារ​តែ​កង្វះ​ភាព​គួរ​ឱ្យ​ជឿជាក់​បាន​លើ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទៅ​លើ​បណ្ណាសារ​ទាំង​នេះ។

«‍លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ​ បង្ហាញ​ថា មាន​ការ​ខ្វះ​ការ​ជឿ​ទុកចិត្ត​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ទៅលើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ឬ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ ក្នុង​ការ​ថែ​រក្សាឯកសារ​ទាំង​នេះ និង​ការ​បើក​ចំហឯកសារ​ទាំង​នេះ​ ហើយ​និង​ការ​ធានា​ថា​មិន​មាន​នរណា​ម្នាក់ អាច​កែប្រែ ឬ​ដក​យកចេញ​ឬ​បំភ្លៃ​ឯកសារ​ទាំង​នេះ​បាន»។

សាលា​ក្ដី​ខ្មែរ​ក្រហម ធ្លាប់​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​អំពី​អំពើ​ពុករលួយ​ដែល​គេ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​ដោយ​បុគ្គលិក​ជាន់ខ្ពស់​ខាង​ភាគី​កម្ពុជា​និង​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ទៅ​ក្នុង​ដំណើរ​ការ​របស់​តុលាការ។

ការណ៍​ទាំង​នេះ បាន​ញ៉ាំង​ឱ្យ​មាន​មន្ទិល​រួច​ទៅ​ហើយ​អំពី​ឯករាជ្យភាព​និង​សុក្រឹតភាព​នៃ​ដំណើរ​ការ​ជំនុំជម្រះ​ទោស​លើ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរ​ក្រហម ដែល​បច្ចុប្បន្ន​នៅ​សល់​តែ​ជន​ជាប់ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០២​គឺ​លោក ខៀវ សំផន ​ដែល​ជា​អតីត​ប្រមុខ​រដ្ឋ​ ក្រោយ​ពី​មរណភាព​កាល​ពី​ខែ​មុន​នៃ​ជន​ជាប់ចោទ​ម្នាក់​ទៀត​ក្នុង​សំណុំរឿង​តែ​មួយ​នេះ​គឺ​លោក នួន ជា ដែល​ជា​អតីត​មេ​មនោគម​វិជ្ជា​នៃ​របប​ខ្មែរក្រហម។ ជន​ជាប់​ចោទ​ទាំង​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម។ ជន​ជាប់ចោទ​បី​នាក់​ទៀត​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​ រួម​មានលោក មាស​ មុត លោក អោ អាន និង​លោក យឹម ទិត ដែល​ជន​ទាំង​បី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​នីតិវិធី​របស់​តុលាការ​នៅ​ឡើយ។

លោក Zimmer ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១០​ហើយ​មាន​មន្ទិល​អំពី​លទ្ធភាព​នៃ​ការ​ជ្រៀតជ្រែក​របស់​មន្ត្រី​រដ្ឋាភិបាល​ទៅ​ក្នុង​ដំណើរការ​តុលាការ​កូន​កាត់នេះ បាន​បញ្ជាក់​បន្ថែម​ថា ស្ថាប័ន​ដែល​តម្កល់​បណ្ណាសារ​សាលាក្ដី​ខ្មែរ​ក្រហម​បច្ចុប្បន្ន​នេះ មិន​មាន​ប្រវត្តិ​យូរ​លង់​ដែល​គេ​អាច​តាមដាន​មើល​ពី​សកម្មភាព​របស់​ខ្លួន​បាន​ក្នុង​នាម​ជា​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ចងក្រង​និង​តម្កល់​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​សម័យ​ខ្មែរក្រហម​នោះ​ទេ។

«‍មិន​មាន​ប្រវត្តិ​ដែល​បង្ហាញ​ថា​មជ្ឈមណ្ឌល​LDC អាច​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ក្នុង​ការ​គ្រប់គ្រង​ឯកសារ​ទាំង​នេះ​ឡើយ»។

រូបឯកសារ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​នៅ​ទី​ស្នាក់​ការ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​២៤ ខែ​តុលា ឆ្នាំ​២០១៥។ (VOA)


ប៉ុន្តែ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេថា​ការ​គ្រប់គ្រង​បណ្ណាសារ​គឺ​ជា​កិច្ចការ​របស់​រដ្ឋាភិបាល។

«‍យោង​តាម​ការ​អនុវត្ត​ជា​សាកល​ នៅ​លើ​ពិភព​លោក​គឺ​បណ្ណាសារទាំង​អស់​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ របស់​រដ្ឋាភិបាល​ ដើម្បី​ធានា​ថា​វា​មាន​និរន្តរភាព​នៅ​ក្នុង​ការ​អភិរក្ស​និង​ថែ​រក្សា​ក៏​ដូច​ជា​ធានា​ទៅ​លើ​សិទ្ធិ​នៃ​ការ​ទទួល​បាន​និង​ការ​ចូល​សិក្សា​ស្រាវជ្រាវ​ពី​សាធារណ​ជន​ដែរ»។

អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​រូប​នេះ​ ​បាន​លើកឡើង​ទៀត​ថា ការ​ស្ទង់​មតិ​មហាជន​របស់​មជ្ឈមណ្ឌល ​DC-Cam មិន​បាន​អនុវត្ត​តាម​វិធីសាស្ត្រ​ស្រាវជ្រាវ​ប្រកប​ដោយ​វិជ្ជាជីវៈ​នោះ​ទេ។ ហេតុដូច្នេះ លោក​ថា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ឡើយ។

«‍ខ្ញុំ​យល់​ថា ការ​ព្រួយបារម្ភ​ មិន​មែន​ជា​ការ​ព្រួយបារម្ភ​ពិត​ប្រាកដ​របស់​ប្រជាជន​ខ្មែរ​ទេ ប៉ុន្តែ​អាច​ជា​ការ​ព្រួយបារម្ភ​របស់​ស្ថាប័ន​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ឱ្យ​មាន​ការ​ស្ទង់​មតិ​នេះ»។

ការស្ទង់​មតិ​សាធារណជន​នេះ ត្រូវ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន បណ្ដាញ​អភិវឌ្ឍន៍​ជំនួញ (Business Development Link Co. Ltd) ​ដែល​ជា​ក្រុម​ហ៊ុន​ស្រាវជ្រាវ​មួយ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ឆាំង យុ មាន​ប្រសាសន៍​ថា​ ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ហើយ​វិធីសាស្ត្រ​ស្រាវជ្រាវ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ដោយ​សាស្ត្រាចារ្យ​សកលវិទ្យាល័យ​ធំៗ​ចំនួន​៩ ដើម្បី​ធានា​សុក្រឹតភាព​និង​ភាព​គួរ​ឱ្យ​ជឿជាក់​បាន​ខ្ពស់​បំផុត​នៃ​ការ​សិក្សា​ស្ទង់​មតិ​នេះ។

«‍អញ្ចឹង​ក្រុម​ហ៊ុន​នេះ គឺ​គ្មាន​ហេតុផល​នយោបាយ​ គ្មាន​ទំនាក់ទំនង​ជាមួយ​យើង ជាមួយ​ម្ចាស់​ជំនួយ​ទេ។ គឺ​ជា​ជំនាញ​របស់​គេ​ដែល​ធ្វើ​ការ​នៅ​ស្រុក​យើង​ជាង​២៥​ឆ្នាំ​ហើយ​យើង​ក៏​តឹងតែង​ដែរ គឺ​យើង​បាន​ដាក់​លក្ខខណ្ឌ​ជាក់លាក់​អំពី​បញ្ហា​ទាំង​អស់​នេះ»។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មហាជន​ស្តីពី​ការ​ថែរក្សា​ឯកសារ​តុលាការ​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម បង្ហាញ​ថា​ស្ថាប័ន​ដែល​អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ ស្គាល់​ច្រើន​ជាង​គេ​គឺ​បណ្ណាល័យ​ជាតិ។ ស្ថាប័ន​ដែល​គេ​ស្គាល់​ច្រើន​បន្ទាប់​បន្ទាប់​មក​ទៀត​គឺ​មជ្ឈមណ្ឌល​DC-Cam បណ្ណាល័យ​ ហ៊ុន សែន និង បណ្ណាល័យ​ក្រសួង​យុត្តិធម៌។

លោក ឆាំង យុ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​មតិ​របស់​ពលរដ្ឋ​ដែល​ចង់​តម្កល់​ឯកសារ​របស់​សាលា​ក្ដី​ខ្មែរ​នៅ​ច្រើន​កន្លែង​ ជាជាង​នៅ​កន្លែង​តែ​មួយ។

​«‍រឿង​ប្រល័យ​ពូជសាសន៍​នេះ វា​មិន​មាន​ជា​រឿង​របស់​កម្ពុជា​តែ​មួយ​ទេ ប៉ុន្តែ ជា​រឿង​របស់​ពិភពលោក។ ហើយ​វា​ក៏​ជា​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​ដែល​ជា​ភាគី​ចូលរួម​បង្កើត​តុលាការ​នេះ​ដែរ។ ដូច្នេះ ខ្ញុំ​គិត​ថា​អង្គការ​សហប្រជាជាតិ​និង​សាលាក្ដី​ខ្មែរក្រហម​គួរ​ពិនិត្យមើល​អំពី​នីតិវិធី​ថា​តើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​មាន​ភាព​ស្របច្បាប់»។

នាយក​រង​រដ្ឋបាល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហប្រជាជាតិ គឺ​លោក Knut Rosandhaug មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​បទសម្ភាសន៍​ជាមួយ​VOA​ទេនៅ​ត្រឹម​ថ្ងៃ​អង្គារ​នេះ។

ចំណែក ​លោក ក្រាញ់ តូនី នាយក​ស្ដីទី​នៃ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា បដិសេធន៍​មិន​ផ្ដល់​អត្ថាធិប្បាយ​ណាមួយ​ទេ​អំពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មហាជន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ ដោយ​លោក​ថា​លោក​មិន​មាន​អ្វី​បន្ថែមលើស​ពី​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​នេះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​លោក ឆាំង យុ មាន​ប្រសាសន៍​ថា​ទាំង​អង្គការ​សហប្រជាជាតិ​ទាំង​សាលាក្ដី​ខ្មែរ​ក្រហមគួរ​តែ​ស្ដាប់​សំឡេង​និង​មតិ​របស់ប្រជាជន​ដែល​ជា​ជនរងគ្រោះ ដោយ​សារ​ស្ថាប័ន​ទាំង​ពីរ​នេះ​ សុទ្ធតែ​អះអាង​តាំង​ពី​ដំបូង​មក​ថា​ពួកគេ​នឹង​សួរ​មតិ​និង​ស្ដាប់​យោបល់​របស់​ពលរដ្ឋ​ ដើម្បី​យក​ទៅ​ពិចារណា៕