វេទិកាអ៊ឺនធឺណិតបើកទូលាយ ក្រោមប្រធានបទ «ឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី» បានជំរុញអ្នកប្រើប្រាស់ប្រព័ន្ធអ៊ឺនធឺណិត និងបណ្តាញទំនាក់ទំនងសង្គមឲ្យមានការប្រុងប្រយ័ត្ន និងកែប្រែប្រព័ន្ធដ៏មានឥទ្ធិពលនេះជាប្រយោជន៍ដើម្បីអភិវឌ្ឍសង្គមខ្មែរ។
នៅក្នុងវេទិកាពិភាក្សា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលរៀបចំឡើងដោយ អង្គការក្រៅរដ្ឋាភិបាល មជ្ឈមណ្ឌលផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសមាគមចំនួន០៧បានបើកឱកាសឱ្យមានកិច្ចពិភាក្សាលើប្រធានបទ «ការប្រើប្រាស់អ៊ីនធឺណិតដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម»។ វាគ្មិននៅក្នុងព្រឹត្តិការណ៍អ៊ឺនធឺណិតបើកទូលាយឆ្នាំ ២០១៩ នេះបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់អ៊ីនធឺណិតតាមបណ្តាញទំនាក់ទំនងសង្គមប្រកបដោយការប្រុងប្រយ័ត្ន និងការបញ្ចេញមតិយោបល់រិះគន់បែបស្ថាបនា។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) ថ្លែងថា អភិបាលកិច្ចសំដៅទៅលើសមត្ថភាព ឆន្ទៈ តម្លាភាព គណនេយ្យភាព និងសមធម៌នៃមន្រ្តីដែលអនុវត្តការងារនៅកម្ពុជា។ លោកបានបន្តថា ពលរដ្ឋមានតួនាទីតាមដាន និងចូលរួមជាមួយការងាររបស់មន្រ្តី ដែលបំពេញការងារ ដោយបណ្តាញទំនាក់ទំនងសង្គមដើរតួជាមធ្យោបាយមួយក្នុងការតាមដាននេះ។
លោកករុណាបាននិយាយថា៖
«យើងដឹងថា ជាទូទៅតួនាទីរបស់អាជ្ញាធរ ប្រសិនបើអ្នកគេតាមដានគេដឹង។ ឧទាហរណ៍ មេឃុំគាត់ទទួលខុសត្រូវអីគេខ្លះនៅក្នុងមូលដ្ឋានហ្នឹង។ ចុះបើគាត់អត់ទទួលខុសត្រូវ យើងធ្វើម៉េច? អញ្ចឹងយើងត្រូវតាមដានពីការទទួលខុសត្រូវរបស់គាត់។ មុខងាររបស់មន្រ្តីទាំងមេឃុំក្តី សមត្ថកិច្ចដែលមានក្នុងមូលដ្ឋានហ្នឹងក្តី រហូតដល់ថ្នាក់មន្ទីរក្រសួងនានាដែលគេមានបែងចែកស្ថាប័ននោះ។ ... ក្នុងន័យហ្នឹងគឺពលរដ្ឋរួមចំណែកជាមួយ មិនមែនជាកាតព្វកិច្ចទទួលខុសត្រូវទេ។ គឺអញ្ចឹងហើយដែលយើងនិយាយថា អភិបាលកិច្ចហ្នឹងគឺ ទៅលើសមត្ថភាពដឹកនាំ អ្នកទាំងអស់ហ្នឹង តើគាត់បានឆ្លើយតបនឹងតួនាទីរបស់គាត់ឬអត់»។
ចំពោះកត្តាដែលបង្កឲ្យមានការប៉ះពាល់ទៅលើអភិបាលកិច្ចល្អ និងយុត្តិធម៌សង្គមតាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) បានមានប្រសាសន៍ថា កង្វះខាតចំណេះដឹងផ្នែកការប្រើប្រាស់ ឬការចែករំលែកព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គម ជាបញ្ហាចោទមួយ ដែលអាចបណ្តាលឲ្យអ្នកចែករំលែកព័ត៌មានប្រឈមមុខនឹងច្បាប់។
លោកបាននិយាយថា៖
«ពលរដ្ឋនៅកម្ពុជាយើងគាត់នៅអក្ខរកម្មនឹងបញ្ហាហ្នឹងច្រើន។ ហើយរដ្ឋាភិបាលយើងប្រើវិធានច្បាប់ ទៅចាត់វិធានការលើគាត់។ អញ្ចឹងការប្រឈមនេះ យើងអាចចូលមើលព័ត៌មានឲ្យគ្រប់ ឲ្យល្អិតល្អន់តិចទៅ។ ហើយបើសិនជាសង្ស័យ យើងអាចសួរគ្នាមើល អាចទាក់ទងទៅមើលថា តើម៉េចដែរព័ត៌មានហ្នឹង។ អ្នកណាមួយដែលយើងទុកចិត្តអាចជា អ្នកច្បាប់ក្តី ជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ឬក៏សង្គមអីហ្នឹង អាចសួរគាត់បន្ថែមទៅ។ អញ្ចឹងយើងអាចជៀសដែរ មុននឹងចែករំលែកអីបន្ថែម»។
ចំពោះការចែករំលែកព័ត៌មានដើម្បីបង្កាហានិភ័យមកលើអ្នកចែករំលែក វាគ្មិនមួយរូបទៀត លោកស្រី ហុក ណារិន អ្នកគ្រប់គ្រងគម្រោងនៃមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងថា អ្នកប្រើប្រាស់អ៊ឺនធឺណិតគួរបញ្ជៀសពីការចែករំលែកព័ត៌មាន ដែលបង្កឲ្យមានភាពចម្រូងចម្រាស ឬចលាចលនៅក្នុងសង្គម និងចែករំលែកព័ត៌មានដែលមានប្រភពច្បាស់លាស់ និងជឿជាក់បាន។
លោកស្រីណារិនបាននិយាយថា៖
«បើយើងចែករំលែកព័ត៌មានដើម្បីកុំឲ្យមានហានិភ័យគឺ ជៀសវាងព័ត៌មានណា ដែលបំផ្លាញ ឬបង្កចលាចលដល់សង្គមទៅ។ យើងអត់សូវប្រឈមទេ។ អញ្ចឹងកាលណា យើងចែករំលែកព័ត៌មាន យើងត្រូវចែករំលែកព័ត៌មានណាដែលបង្ហាញថា ព័ត៌មាននោះវាត្រឹមត្រូវមានប្រភពបង្ហាញច្បាស់លាស់។ ហើយព័ត៌មានទាំងអស់ហ្នឹងគឺចេញដោយស្ថាប័នដែលមានវីជ្ជាជីវៈ មានស្ថាប័នគេត្រឹមត្រូវ ដែលធ្វើឲ្យយើងគិតថា ពួកគេសរសេរព័ត៌មាន ដែលវិជ្ជាជីវៈ ហើយមានប្រភពមកបញ្ជាក់ផង»។
លោកស្រីបានបន្តថា៖
«ដាច់ខាតពាក្យចចាមរ៉ាម។ ពាក្យចចាមរ៉ាម គឺគ្រោះថ្នាក់ណាស់។ យើងស៊ែរតាមគ្នា។ យើងឮពីគេ។ ហើយជាពិសេសអាពាក្យញុះញង់ហ្អា។ ពាក្យញុះញង់គ្នាហ្នឹងគឺយើងស្តាប់មក។ ហើយយើងចង់រិះគន់ថ្នាក់ដឹកនាំផង។ ដល់ពេលញុះញង់ម្នាក់ហ្នឹងផង ។ ត្រូវចិត្តទៀត អាហ្នឹងហើយដែលហានិភ័យនោះ»។
បណ្តាញទំនាក់ទំនងសង្គម ជាពិសេសហ្វេសប៊ុក បានក្លាយជាមធ្យោបាយដ៏មានប្រជាប្រិយភាពមួយសម្រាប់ពលរដ្ឋកម្ពុជាក្នុងការបញ្ចេញមតិយោបល់រិះគន់ឬតវ៉ាប្រឆាំងនឹងចំណាត់ការណាមួយដែលបង្ហាញពីភាពយុត្តិធម៌នៅក្នុងសង្គមកម្ពុជា។ តួយ៉ាងដូចជា ករណីវីដេអូ ឬរូបថតពាក់ព័ន្ធហេតុការណ៍បាញ់បោះ ដែលបានបង្កឲ្យមានមនុស្សរងរបួសដោយគ្រាប់កាំភ្លើងនៅខេត្តព្រះសីហនុ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាចែករំលែក និងបញ្ចេញមតិរិះគន់យ៉ាងច្រើន។ ក្រោយមក គេឃើញរដ្ឋាភិបាលកម្ពុជាបានចាត់ចំណាត់ការបញ្ចប់មុខងារ ចៅហ្វាយខេត្តរងពីររូបប្រចាំខេត្តព្រះសីហនុ ដែលជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងហេតុការណ៍នេះ។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) បានលើកឡើងថា ចំពោះបញ្ហាដែលមានលក្ខណៈរំញោច ឬប្រឈមខ្លាំង លោកបានណែនាំឲ្យពលរដ្ឋស្វែងរកការពិភាក្សាជាមួយអង្គការ ឬស្ថាប័នជំនាញ ដើម្បីពិគ្រោះយោបល់ជាជាងការបង្ហោះសារនៅតាមប្រព័ន្ធបណ្តាញសង្គម។ យ៉ាងណាក៏ដោយ លោកក៏បានលើកឡើងទឹកចិត្តឲ្យមានការចែករំលែកព័ត៌មានណា ដែលមានបុព្វហេតុសម្រាប់ប្រយោជន៍សង្គម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាអយុត្តិធម៌សង្គម។
លោកបានមានប្រសាសន៍ថា៖
«កាលណាយើងអត់ចែករំលែកវាទេ។ ឃើញរូបភាពដែលអយុត្តិធម៌ វាច្បាស់ក្រឡែតអញ្ចឹងហើយ។ យើងអត់ចែករំលែកវាទេ វាប៉ះពាល់។ យើងឃើញកម្ពុជាយើងខុសពីគេ។ ខ្ញុំឧទារហរណ៍នៅបណ្តាប្រទេសផ្សេងទៀត។ បើគេឃើញរឿងអយុត្តិធម៌មួយ គេរួមគ្នាធ្វើ។ ប៉ុន្តែយើងឃើញនៅក្នុងប្រទេសយើងមួយចំនួនគឺគាត់អត់រវល់ទេ។ អ្នកខ្លះគាត់រងគ្រោះដីធ្លី ដើរពីខេត្តមកភ្នំពេញ ពីស្ថាប័នមួយទៅស្ថាប័នមួយរុញចុះរុញឡើង។... អញ្ចឹងពាក្យថា សង្គមនេះគឺគេចូលរួមគ្នាគេមើលទុក្ខធុរៈគ្នា អ្នកណាខ្លះដែលមានទុក្ខ យើងត្រូវចូលរួមគ្នា»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា (ANSA) និងជាវាគ្មិនមួយរូបទៀតនៅក្នុងការវេទិកាពិភាក្សាស្តីពី «ការប្រើប្រាស់អ៊ីនធឺណិតដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម» គាំទ្រការដាក់ឲ្យមានការប្រើប្រាស់ជាលក្ខណៈឌីជីថលនៅតាមថា្នក់អាជ្ញាធរមូលដ្ឋាននានា ដើម្បីឆ្លើយតបនឹងសំណើរផ្សេងៗពីប្រជាពលរដ្ឋ។
ដោយអាស្រ័យលើសមត្ថភាពមានកម្រិតនៃមន្រ្តី និងអាជ្ញាធរតាមមូលដ្ឋាន លោកសន ជ័យបាននិយាយថា៖
«យើងមើលទិដ្ឋភាពឱកាសនៃការឆ្លើយតប មធ្យោបាយនៃការឆ្លើយតបដូចជា នៅមានការខ្វះខាត។ ហើយពេលខ្លះវាក៏រារាំងការចូលរួមរបស់ប្រជាពលរដ្ឋដែរ។ ប្រជាពលរដ្ឋថា «ស្នើចង់ងាប់ មិនបានអីផង»។
យោងតាមមូលហេតុខាងលើ លោកសន ជ័យនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា (ANSA) ក៏បានជំរុញឲ្យឆន្ទៈនយោបាយខ្លាំងជាងមុនក្នុងចំណោមមន្រ្តី និងអាជ្ញាធរតាមមូលដ្ឋាន ក៏ដូចជា ការផ្តល់ថវិកាបន្ថែមពីថ្នាក់ជាតិដល់រដ្ឋបាលក្រោមជាតិផងដែរ។
ស្របពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់ តម្រូវការការផ្តល់ព័ត៌មានប្រាកដប្រជាតាមប្រព័ន្ធអ៊ីនធឺណិតនៅតែជាកត្តាសំខាន់ក្នុងការនាំមកនូវការឆ្លើយតបពីមន្រ្តីរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានទៅលើបញ្ហានានាពាក់ព័ន្ធនឹងអភិបាលកិច្ច និងយុត្តិធម៌សង្គម ដែលពីមុនមកធ្លាប់រងនូវមតិរិះគន់ពីសាធារណជនចំពោះភាពយឺតយ៉ាវ ឬការខកខាននានា៕