ក្នុងពេលដែលការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបិទបញ្ចប់តែក្នុងរយៈពេលប្រាំថ្ងៃទៀត សកម្មជនសិទ្ធិមនុស្សមើលឃើញថាពលករចំណាកស្រុកបានប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការវិលត្រឡប់មកចុះឈ្មោះ។
លោក ឌី ថេហូយ៉ាមន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់បានវាយតម្លៃថាមានពលករតែ១០ភាគរយប៉ុណ្ណោះក្នុងចំណោមជាងមួយលាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃបានចុះឈ្មោះ។
លោកបានលើកឡើងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា៖
«យើងមានការព្រួយបារម្ភចំពោះការដែលពលរដ្ឋដែលជាម្ចាស់ប្រទេសជាម្ចាស់វាសនាប្រទេសជាតិដែលលោកខកខានមិនមានឱកាសក្នុងការចុះឈ្មោះបោះឆ្នោតដោយហេតុផលច្រើនយ៉ាង»។
Your browser doesn’t support HTML5
ក្នុងចំណោមហេតុផលទាំងនោះលោកថេហូយ៉ាបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើសំណើផ្លូវការណាមួយជាមួយនឹងភាគីថៃដើម្បីអនុញ្ញាតឱ្យពលករមានឱកាសផ្លាស់វេនដើម្បីវិលត្រឡប់ចូលមកប្រទេសវិញមកចុះឈ្មោះទេ។ ទន្ទឹមគ្នានោះដែរក៏មិនមានការរៀបចំជាយន្តការត្រឹមត្រូវដើម្បីសម្រួលឱ្យពួកគាត់មកចុះឈ្មោះទេ។
លោកឌី ថេហូយ៉ាបានបន្ថែមថា៖
«ខ្ញុំមើលឃើញថាវាជារឿងមួយដែលយើងអត់បានរៀបចំផែនការជាក់លាក់ច្បាស់លាស់ដើម្បីឱ្យពលករទទួលបានការចុះឈ្មោះបោះឆ្នោត»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតតាំងពីថ្ងៃទី១ខែកញ្ញាហើយនឹងបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ។
លោកឆាយ សឺត ពលករធ្វើការនៅរោងចក្រសាច់មាន់ក្នុងខេត្តឈុនបូរី ប្រទេសថៃបានបញ្ជាក់ថាលោកតែងតែជួយបំផុសឱ្យពលករក្នុងរោងចក្ររបស់លោកមកចុះឈ្មោះនៅចុងសប្តាហ៍ប៉ុន្តែជួបការលំបាកជាច្រើន។
លោកឆាយ សឺតលើកឡើងថានៅពេលដំបូងៗមានការចុះឈ្មោះឱ្យដោយងាយស្រួលប៉ុន្តែក្នុងរយៈពេលក្រោយមកដោយអាជ្ញាធរដឹងថាមានពលករមកចុះឈ្មោះច្រើនពេកក៏មិនអនុញ្ញាតឱ្យចុះឈ្មោះដោយលើកហេតុផលថាពួកគេមិនមានទីលំនៅនៅតំបន់នោះទេ។
ក៏មានការចាប់ឃាត់ពួកគេតាមច្រកព្រំដែនដើម្បីវាយត្រាចេញចូលតាមផ្លូវច្បាប់ដោយតម្រូវឱ្យបង់ប្រាក់ជាច្រើន។ នេះបើតាមការលើកឡើងរបស់លោកឆាយ សឺត។
លោកបានបន្ថែមទៀតថា៖
«នេះគឺជាបញ្ហាចម្បងដែលឃើញថាពេលដែលគាត់ធ្វើអីចឹងធ្វើឱ្យបងប្អូនយើងមួយចំនួនដែលគាត់កំពុងតែនឹងរៀបចំចុះទៅគាត់ខ្លាច។ នេះជាបញ្ហាដែលយើងជួបប្រទះ»។
លោកឆាយ សឺតបន្ថែមថាដោយហេតុនេះហើយបានជាក្នុងចំណោមពលករជាង៣០០០នាក់នៅក្នុងរោងចក្ររបស់លោកគឺមានតែជាង៧០០នាក់ប៉ុណ្ណោះបានមកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មី។
ពលករម្នាក់ឈ្មោះឈួន ឆេង បានចំណាយពេលដល់ទៅបីលើកទម្រាំចុះឈ្មោះបាន។
លោកឈួន ឆេងដែលមានលំនៅអចិន្ត្រៃយ៍នៅក្នុងខេត្តកំពង់ធំបានព្យាយាមចុះឈ្មោះនៅខេត្តបន្ទាយមានជ័យនិងបាត់ដំបង។ លោកបានបន្ថែមទៀតថាក្នុងពីរលើកដំបូងគឺអាជ្ញាធរមិនព្រមចុះឱ្យទេប៉ុន្តែការព្យាយាមលើកទីបីនៅខេត្តប៉ៃលិនទើបអាចចុះឈ្មោះបាន។
លោកបន្ថែមថា៖
«ច្រើនតែមានការរារាំងពីអាជ្ញាធរមេភូមិមេឃុំគាត់មិនព្រមឱ្យយើងចុះទេព្រោះគាត់ថាយើងមិនមែនជាអ្នកនៅអចិន្ត្រៃយ៍នៅហ្នឹងហើយយើងមិនមែនអ្នកស្រុកភូមិនៅហ្នឹងគាត់អត់ព្រមគឺគាត់ចេញក្រដាសបដិសេធចោលតែម្តង»។
លោកក៏ធ្លាប់ត្រូវមន្ត្រីប៉ូលិសច្រកព្រំដែនចាប់ឃាត់ដកយកលិខិតឆ្លងដែនដើម្បីវាយត្រាចេញចូលនិងទារប្រាក់ចំនួន១០០០បាតផងដែរ។
តួលេខចុងក្រោយបង្ហាញថាមានពលរដ្ឋចំនួន ជាង៧,៤លាននាក់បានចុះឈ្មោះរួចហើយក្នុងចំណោមពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតចំនួន៩,៦លាននាក់៕