ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន ខណៈ​កម្ពុជា​សម្រុក​ដោះ​មីន​​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥

រូបឯកសារ៖ សញ្ញា«ប្រយ័ត្នគ្រាប់មីន‍» ត្រូវបាន​ដាក់​នៅ​លើ​ផ្លូវ​លំមួយ ខណៈពេលដែលទាហានកម្ពុជាកំពុងរក​គ្រាប់មីនដែលនៅសេសសល់ នៅ​ជាង​ខេត្ត​ប៉ៃលិន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៩។ (REUTERS/Adrees Latif)

ខណៈ​អាជ្ញាធរ​មីន​កម្ពុជា​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​បោស​សម្អាត​មីន​ឱ្យ​អស់​ពី​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​២០​២៥ ដើម្បី​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​បន្ត​ទៀត ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​នៅ​តែ​ក្លាយ​ជា​ជនរង​គ្រោះ​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​សល់​ពី​សម័យ​សង្រ្គាម។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣​ មាន​ករណី​ផ្ទុះ​គ្រាប់​មីន នៅ​ចំណុច​ភ្នំ​ណងទឹម​ ភូមិ​ឈើ​ទាល​គង​ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​ម្នាក់ គឺ​លោក និល ចាន់ អាយុ​៤២​ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​ចំនួន​៧​នាក់ បាន​រង​របួស​ជើង​ធ្ងន់​ធ្ងរ។ នេះ​បើ​តាម​ព័ត៌​មាន​ដែល​ផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​មីន​កម្ពុជា។ បុរស​ម្នាក់​នោះ​បាន​ដើរ​ចូល​ព្រៃ​រុក​រក​បន្លែ​ផ្លែឈើ​ ហើយ​ក៏​ជាន់​មីន​ផ្ទុះ បណ្តាលឱ្យ​ដាច់​ក​ជើង​ខាង​ស្តាំ និង​ត្រូវ​បាន​បញ្ជូល​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​១៦​មករា ខេត្ត​ព្រះវិហារ​ ដោយ​អាជ្ញាធរ​បញ្ជាក់​ថា​ករណី​ផ្ទុះ​មីន​នេះ​មិន​បាន​ឈាន​ទៅ​ដល់​ស្លាប់​ឡើយ។

កម្ពុជា​បាន​ដាក់​ផែន​ការ​បោស​សម្អាត​មីន​ឱ្យ​អស់ ឬ​ហៅ​ថា​កម្ពុជា​គ្មាន​មីន នៅ​ឆ្នាំ​២០​២៥ ដែល​នឹង​ត្រូវ​បោស​សម្អាត​លើ​ផ្ទៃ​ដី​មាន​មីន​ប្រមាណ​ជាង​៧០០​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត។ ការ​ចំណាយ​ថវិកា​មាន​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ទៀត​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​មីន។

កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០២២​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ និង​អ្នក​ពាក់​ព័ន្ធយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សម្អាត​មីន ​ឬបង្ហើយ​ការ​ងារ​ដោះ​មីន​ឱ្យ​បាន​ឆាប់​ ដើម្បី​ប្រកាស​ថា​ខេត្ត​ ស្រុក ​ឃុំ​របស់​កម្ពុជា​គ្មាន​មីន។

អនុ​ប្រធាន​ទី​១​របស់​អាជ្ញាធរ​មីន លោក លី ធុជ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​សមត្ថភាព​ធនធាន​មនុស្ស ឧបករណ៍​ក្នុង​ការ​ប្រើ​ប្រាស់​បោស​សំអាត​មីន​ បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ និង​បញ្ហា​ថវិកា​ជាដើម។ លោក​បន្ថែម​ថា​ផ្ទៃ​ដី​ប្រមាណ​២៥០០​គីឡូ​ម៉ែត្រ​ក្រឡា ត្រូវ​បាន​បោស​សម្អាត​មីន​រួច​ហើយ​ ដែល​ជួយ​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «យើង​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ឆ្នាំ​២០២៣​នេះ​ យើង​ត្រៀម​បោស​សម្អាត​ជាង​៣០០​គីឡូម៉ែត្រ​ក្រឡា​ ជា​ឆ្នាំ​ដែល​យើង​ត្រៀម​បោស​សម្អាត​ធំ​ជាង​គេ​ ក្នុង​មួយ​ឆ្នាំ​នេះជា​ឆ្នាំ​ដ៏​សំខាន់​គឺ​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា​យើង​បាទ។ យើង​មាន​ក្តី​សង្ឃឹម និង​ជំនឿ​[ចិត្ត]​ខ្ពស់ និង​ពោរ​ពេញ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង ធ្វើ​ម៉េច​ឱ្យ​២០២៥​នេះ សម្រេច​ឱ្យ​បាន​ជោគ​ជ័យ​តាម​ចក្ខុវិស័យ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​របស់​យើង»។

លោក​បន្ត​ថា​កន្លែង​ដែលសម្បូរ​មីន​ច្រើន​ជាង​គេ គឺ​តំបន់​ដែល​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ ហើយ​អាជ្ញាធរ​មីន​កម្ពុជា​កំពុង​តែ​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅ​ប្រតិបត្តិ​ការ​បន្ថែម។

លោក លី ធុជ ក៏​បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​កុំ​ចូល​ទៅ​តំបន់​ណា​ដែល​មិន​ដឹង​ប្រវត្តិ​ច្បាស់​លាស់ និង​ត្រូវ​សាក​សួរ​អាជ្ញាធរ​មូលដ្ឋាន​ជាមុន​សិន។ លោក​បន្ថែម​ថា​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ និង​ប្រតិបត្តិករ​បោស​សម្អាត​មីន នៅ​ពេល​ប្រទះ​ឃើញ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ​ឆ្នាំ​២០២២ ​បុគ្គលិក​ជំនាញ​ដោះ​មីន​របស់​អង្គការ​ដោះ​មីន​កម្ពុជា ​(Cambodia Self Help Demining ឬ​ CSHD) ​ឬ​គេ​ស្គាល់​ឈ្មោះ​ថា​អង្គការ​អាគីរ៉ា ​មាន​គ្នា​៤​នាក់ បាន​ចុះ​ទៅ​ប្រតិបត្តិការ​បោស​សម្អាត​ និង​ដោះ​មីន​នៅ​ក្នុង​ឃុំ​មរកត​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ។ ​ខណៈ​កំពុង​ប្រតិ​បត្តិ​ការ​ដោះ​មីន​តោន​នោះ ​ស្រាប់​តែ​មីន​ផ្ទុះ ​បាន​បណ្តាលឱ្យ​បុគ្គលិក​៣​នាក់​ស្លាប់​និង​ម្នាក់​រង​របួស​ធ្ងន់។

បើ​តាម​លោក លី ធុជ ប្រទេស​ដែល​បាន​ផ្ដល់​ជា​មូលនិធិ​មក​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មីន រួម​មាន​ជាង​១០​ប្រទេស ក្នុង​នោះ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៩២​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​នេះ។

កាល​ពី​ចុង​ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បានស្នើឱ្យ​កង​ទ័ព​ចិន​ជួយ​ដោះ​មីន​នៅ​កម្ពុជា ដែល​លោក​ថា​នៅ​សល់​ប្រមាណ​៥%​លើ​ផ្ទៃ​ដី​ប្រទេស។ លោក ហ៊ុន សែន​ ក៏​បាន​ប្រកាស​កៀរ​គរ​ជំនួយ​ថវិកា​ពី​សប្បុរស​ជន​ ដើម្បី​សម្រេច​គោល​ដៅ​នៃ​ការ​សម្អាត​មីនឱ្យ​អស់​ត្រឹម​ឆ្នាំ​ ២០២៥។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យ​ដឹង​ថា​ចំនួន​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន បាន​ថយ​ចុះ​ពី​៤៣២០​នាក់​ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៤១នាក់​ក្នុង​ឆ្នាំ​២០២២ និង​មក​នៅ​ក្រោម​១០០​នាក់​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ៕