ទាហាន​កម្ពុជា​ម្នាក់​ត្រូវ​សម្លាប់​និង​បាត់ខ្លួន​៣​នាក់​នៅ​អាហ្វ្រិក​កណ្តាល

ចាប់តាំងពី ១២ មេសា ២០០៦ ការបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព​ អ.ស.ប ក្នុងការស្វែងរកសុខសន្តិភាពជូនមុនស្សជាតិលើកពិភពលោក បានធ្វើអោយកម្ពុជាមាន កិត្តិនាម លើឆាកអន្តរជាតិ ទង់ជាតិកម្ពុជាបានបង្ហូតយ៉ាងខ្ពស់ត្រដែតជាមួយបណ្តាលប្រទេសនានាក្នុងតំបន់បេសកកម្ម។ (រូបថត និងសំណេរពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)

«ប៉ុន្តែ​ប្រសិន​បើគេ​ចាប់​ដើម្បី​ធ្វើជា​ថ្នូរ​ ជាមួយ​នឹង​អ្វីមួយ​ ស្នើឱ្យ​អង្គការ​សហ​ប្រជាជាតិ ​ដែល​ជាអ្នក​ទទួល​ខុសត្រូវ​ យក​ចិត្ត​ទុក​ដាក់ធានា​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា ​ក៏ដូច​ជា​ពលរដ្ឋ​របស់​ម៉ារ៉ុក ​ដែល​កំពុង​បាត់​ខ្លួន​នេះ»។​

ទាហាន​កម្ពុជា​បំពេញ​បេសកកម្ម​អ.ស.ប.ម្នាក់​បាន​ស្លាប់ ​ម្នាក់​រងរបួសនិង​៣​នាក់​ទៀត​កំពុង​បាត់ខ្លួន ​ក្រោយ​ការ​វាយ​ប្រហារ​មួយ​ដោយ​ពួក​ឧទ្ទាម​នៅ​អាហ្រ្វិក​កណ្តាល​ នៅយប់ថ្ងៃ​ទី៨ ​ខែឧសភា។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

​លោក​បាន​បន្ថែម​ទៀត​ថា ​ការ​វាយ​ប្រហារ​នេះ ​ក៏បាន​ធ្វើ​ឱ្យ​ទាហាន​ម៉ារ៉ុក​៥នាក់​រង​របួសធ្ងន់​ និង​ស្រាល ​ហើយ​បាត់ខ្លួន​ម្នាក់​ផង​ដែរ។​

លោក​ហ៊ុន សែន​បាន​សម្តែង​ការ​សោកស្តាយ​ថា៖

«យើង​មាន​ការ​សោកស្តាយ​មួយ ​ដែល​ខ្ញុំ​ព្រះករុណា​សូម​យក​ឱកាស​នេះ​ដើម្បី​ចូលរួម​មរណទុក្ខ​ចំពោះ​កងកម្លាំង​របស់​យើង​ ដែល​កំពុង​ស្ថិត​នៅ​អាហ្វ្រិក​កណ្តាល​ការពារ​ឲ្យ​កង​កម្លាំង​របស់​ម៉ារ៉ុក​ ត្រូវ​ក្រុម​ឧទ្ទាម​វាយ​ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នឹង​កំពុង​បាត់ខ្លួន​៣​នាក់»។​

ទាក់ទង​នឹង​ទាហាន​បាត់ខ្លួន ​លោកនាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​បាន​អំពាវនាវ​ឲ្យ​អ.ស.ប.​មានការ​យក​ចិត្ត​ទុកដាក់​ ដើម្បី​រក្សា​អាយុ​ជីវិត​របស់​ពួក​គេ​ ប្រសិន​បើពួក​គេ​នៅ​មាន​ជីវិត​ ហើយ​ត្រូវពួក​ឧទ្ទាម​ចាប់​ជំរិត ​ឬ​ចង់​ដោះដូរ​ជា​ឈ្លើយ​សឹក​ ឬ​ជា​ថ្នូរ​អ្វី​ផ្សេង​ទៀត។

«យប់មិញ​នេះ​បងប្អូន​យើង​ ម៉ោងពីរ​យប់បងប្អូន​យើង​ក៏បាន​ធ្វើ​ប្រតិបត្តិការ​រុករក​ទាហាន​បាត់ខ្លួន​ទាំង​៣​នាក់​នេះ។ ​ឥឡូវ​បញ្ហា​ចំណោទ ​តើ​បង​ប្អូន​៣​នាក់​នេះ​រត់គេច​ខ្លួន​ពី​ការ​បាញ់​ប្រហារ​ ឬ​ក៏​ត្រូវ​បាន​ចាប់​ជា​ឈ្លើយ​សឹក ​ជា​ចំណាប់​ខ្មាំង»។​

លោក​ហ៊ុន សែន​បាន​បន្ថែម​ថា៖​

«ប៉ុន្តែ​ប្រសិន​បើគេ​ចាប់​ដើម្បី​ធ្វើជា​ថ្នូរ​ ជាមួយ​នឹង​អ្វីមួយ​ ស្នើឱ្យ​អង្គការ​សហ​ប្រជាជាតិ ​ដែល​ជាអ្នក​ទទួល​ខុសត្រូវ​ យក​ចិត្ត​ទុក​ដាក់ធានា​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា ​ក៏ដូច​ជា​ពលរដ្ឋ​របស់​ម៉ារ៉ុក ​ដែល​កំពុង​បាត់​ខ្លួន​នេះ»។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែងនៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម ​៨​ ឧសភា លើក​ទី​១៥៤​នៅ​ស្នាក់ការ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក​របស់ Samdech Hun Sen, Cambodian Prime Minister)

លោក​ហ៊ុន សែន​សន្និដ្ឋាន​ថា​ គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម ​គឺសំដៅ​រំដោះ​ឈ្លើយ​សឹក​ដែល​ចាប់​បាន ​ហើយ​នៅ​ជិត​នឹង​ទីតាំង​ដែល​កងទ័ព​ របស់​កម្ពុជា​ស្នាក់នៅ ​ដូច្នេះ​ប្រហែល​ជា​ពួក​ឧទ្ទាម​អាច​នឹង​ធ្វើការ​ទាមទារដោះដូរ​ជាថ្នូរ​ រវាង​ឈ្លើយ​សឹក​របស់​គេ។​

លោក​ហ៊ុន សែន​ថ្លែង​ដូច្នេះនៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សាលា​ខេត្ត ​អគាររដ្ឋបាល ​និង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នៅទីរួម​ខេត្តត្បូង​ឃ្មុំ ​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី៩ ​ខែ​ឧសភា​នេះ។​

លោក​បញ្ជាក់​ថា​ ទាហាន​មួកខៀវ​កម្ពុជា​ ដែល​បាន​បាត់បង់​ជីវិតក្នុង​ការវាយ​ប្រហារ​នោះ​គឺឈ្មោះ​អ៊ឹម សំ ជា​អនុសេនីយ៍​ទោ ​មាន​ស្រុក​កំណើត​នៅ​ខេត្តសៀមរាប​ ជាអ្នក​បើក​បរ​ប៊ុលដូស៊ែរ។​

ទាហាន​ដែល​បាត់​ខ្លួន​រួមមាន​អនុសេនីយ៍​ឯក​ធុច​ ធីម ​អនុសេនីយ៍ឯក​ម៉ៅ អេង ព្រិន្ទបាលទោស៊ាង នរិន្ទ ព្រិន្ទបាលទោ​មុំ តុលា។

ក្រៅពី​បង្ហាញ​ការចូលរូម​មរណទុក្ខ ​និង​សារៈសំខាន់​របស់​បេសកកម្ម​អ.ស.ប.​ ​លោកប៉ុល ហំម ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ធ្លាប់​បម្រើការ​អ.ស.ប.​នៅ​ក្រៅ​ប្រទេស​ បាន​មាន​ប្រសាសន៍​ថា ​បេសកកម្ម​អ.ស.ប.​ច្រើន​ប្រឈម​មុខ​គ្រោះថ្នាក់​ផ្សេងៗ​គ្នា។​ លោក​និយាយ​ថា ​ទោះបី​បេសកកម្ម​អ.ស.ប.​រក្សា​សន្តិភាព​នៅកម្ពុជា​ក៏មាន​គ្រោះថ្នាក់ខ្លះដែរ ថ្វី​បើភាគីនានា​បាន​ចុះហត្ថលេខាកិច្ច​ព្រមព្រៀង​ហើយ​ក៏ដោយ។

«វា​មាន​តិច​ឬ​ច្រើន​វា​មិនខុសគ្នា​ប៉ុន្មាន​ទេ ​តែ​បេសក​កម្ម​អ៊ុនតាក់​មក​ស្រុក​យើង​នោះ​មិនមែន​មក​ច្បាំង​ទេ ​មក​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ចម្បាំង​បាទ។​ ប៉ុន្តែទោះ​ជា​យ៉ាងណាក៏ដោយ​ ក៏នៅ​មាន​គ្រោះថ្នាក់​ខ្លះ​ដែរ»។​ ​

​លោក​ប៉ុល ហំម ​ដែល​ជា​មន្ត្រី​ព័ត៌មាន​សម័យ​អ៊ុនតាក់ ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ថែម​ថា​ បេសក​កម្ម​ទាហានខ្មែរ​ទៅ​ដោះមីន​នេះ​ក៏គ្រោះ​ថ្នាក់​ណាស់​ដែរ។

កម្ពុជា​បាន​បញ្ជូន​ទាហាន​ទៅ​បំពេញ​បេសកកម្មអង្គការ​សហ​ប្រជាជាតិ ​ជា​បន្ត​បន្ទាប់ ​ដូចជា​បេសកកម្ម​សង្រ្គោះ ​និង​ដោះមីន​នៅ​ប្រទេស​មួយ​ចំនួន។​របាយ​ការណ៍​បាន​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​១០​ឆ្នាំនេះ ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួកខៀវ​ចូលរួមបេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ចំនួន​ជាង​៣.៥០០​នាក់​ដើម្បី​ទៅ​បំពេញ​បេសក​កម្ម​បោស​សម្អាតមីន​ និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​នៅតាម​បណ្ដា​ប្រទេស​នានា ​ដូចជា​ប្រទេស​ស៊ូដង់ ​ សូដង់ខាងត្បូង​ ឆាដ-សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ​លីបង់​ ស៊ីរី​ ម៉ាលី ​និង អាហ្វ្រិក​កណ្ដាល​នេះឯង៕