មនុស្សម្នាក់ ត្រូវបានគេបាញ់ស្លាប់នៅក្នុងទីក្រុង Kenosha រដ្ឋ Wisconsin នៅក្នុងយប់ទី ៣ នៃការធ្វើបាតុកម្មតវ៉ាលើករណីប៉ូលិសបាញ់បុរសស្បែកខ្មៅម្នាក់ កាលពីថ្ងៃអាទិត្យ។
ជនរងគ្រោះ ស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ដែលត្រូវបានគេបាញ់ និងរងរបួស នៅពេលដែលការតវ៉ាបានអូសបន្លាយពីយប់ថ្ងៃអង្គារ ឈានចូលព្រឹកថ្ងៃពុធនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការបាញ់ប្រហារនេះ កើតឡើងក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងក្រុមអ្នកឈរមើលជាច្រើននាក់។ ហេតុការណ៍នេះ បានកើតឡើងនៅម្ដុំតុលាការក្រុង ដែលជាកន្លែងដែលក្រុមបាតុករប្រឈមមុខដាក់គ្នាជាមួយប៉ូលិសអស់រយៈពេលជាច្រើនម៉ោង រហូតដល់ពួកគេត្រូវបានបង្ខំឲ្យចាកចេញពីទីនោះ។
វីដេអូថតដោយទូរស័ព្ទដែលគេបង្ហោះនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើអ៊ីនធឺណិត បង្ហាញថា បុរសម្នាក់បានបាញ់ទៅលើហ្វូងមនុស្ស បន្ទាប់ពីបុរសនោះ បានដួលទៅលើដី។
ការតវ៉ាហិង្សាកាលពីថ្ងៃអង្គារ បានកើតឡើងប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីឪពុករបស់លោក Jacob Blake ដែលជាបុរសស្បែកខ្មៅអាយុ ២៩ ឆ្នាំ ដែលត្រូវប៉ូលិសបាញ់កាលពីថ្ងៃអាទិត្យ បាននិយាយថា កូនប្រុសរបស់លោកពិការមួយកំណាត់ខ្លួនចុះក្រោម៕