ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថាមនុស្សម្នាក់ទៀតជាជនជាតិចិនបានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈមនុស្សជាង៦០នាក់ទៀតបានឆ្លងជំងឺកូវីដ១៩។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងសុខាភិបាលបានឲ្យដឹងថាបុរសជនជាតិចិន អាយុ៤២ឆ្នាំ រស់នៅApartment Prince Tower សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា វេលាម៉ោង១០យប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ក្រសួងបន្តថាអ្នកជំងឺត្រូវបានរកឃើញផ្ទុកវីរុសជំងឺកូវីដ១៩ កាលពីថ្ងៃទី២៧ ខែមីនា ហើយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង។
ក្រសួងបញ្ជាក់ថាបុរសជនជាតិចិននោះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរនិងរលាកសួតសងខាង ក្រោយវាយប្រហារដោយជំងឺកូវីដ១៩។
គិតត្រឹមព្រឹកថ្ងៃទី៥ ខែមេសា ករណីស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២១នាក់ ក្នុងនោះមានជនជាតិចិន២នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្ស៦៣នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនាំឲ្យករណីឆ្លងសរុបមានទៅដល់២.២២២នាក់ ចាប់ពីផ្ទុះឆ្លងថ្ងៃទី២០ ខែកុម្ភៈ។ ករណីឆ្លងថ្មីនេះ ភាគច្រើនមាននៅរាជធានីភ្នំពេញនិងខេត្តស្វាយរៀង។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តនេះ សាលារាជធានីភ្នំពេញបានចេញបម្រាមហាមឃាត់ការធ្វើដំណើរក្នុងទីតាំងភូមិសាស្រ្តទីក្រុងភ្នំពេញ ចាប់ពីម៉ោង៨យប់ដល់ម៉ោង ៥ទៀបភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១៕