លោក ហ៊ុន សែន៖ វ៉ាក់សាំង​១​លាន​ដូស​របស់​ចិន​នឹង​មក​ដល់​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ក្រហម

បុរសម្នាក់កំពុងទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដល់​ប្រជា​ពលរដ្ឋនៅ​តំបន់​ក្រហម ទោះ​បី​ជាវ៉ាក់សាំង​មិន​ទាន់​គ្រប់​នា​ពេល​នេះ ដោយ​លោក​ថា ​វ៉ាក់សាំង​របស់​ចិន​នឹង​ត្រូវ​បញ្ជូន​មកដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​ នៅ​សប្តាហ៍​ក្រោយ​នេះ។

នៅ​ក្នុង​សារ​ជាសំឡេង​មួយ​ ដែលបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​នាយ​ករដ្ឋមន្រ្តី​នៅ​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​លើក​ឡើង​ថា ​វ៉ាក់​សាំង​ចំនួន ៥០ ​ម៉ឺន​ដូស​ទៀត​របស់​ចិន ​នឹង​មក​ដល់​កម្ពុជានៅ​ថ្ងៃ​ទី ​១១ ខែ​ឧសភា ហើយ​ចំនួន​ ៥០​ ម៉ឺន​ដូស​បន្ថែម​ទៀត នឹង​មក​ដល់​នៅ​ថ្ងៃទី ​១៥ ខែ​ឧសភា សរុប​គឺ​មួយ​លាន​ដូស ដែល​អាច​ចាក់​ដល់​ពល​រដ្ឋ​ចំនួន ​៥០ ​ម៉ឺន​នាក់។

លោក​បញ្ជា​ឲ្យ​ចាក់​វ៉ាក់​សាំង​ដល់ពលរដ្ឋ​ពេញ​វ័យ​នៅ​តំបន់​ក្រហម​ ឲ្យ​បាន​ចំនួន​មួយ​ដូស​គ្រប់​គ្នា​សិន បើ​ទោះ​វ៉ាក់​សាំង​ក្នុង​ស្តុក​អាច​ចាក់​បាន​ពលរដ្ឋ​ប្រមាណ​ ៤៤ ​ម៉ឺន​នាក់ ខណៈ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​មាន​ចំនួន​លើស​ពី​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ដូស​ទី​មួយ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ហើយ ឲ្យ​អស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម។ មិន​ថា​ត្រឹម​តែ​ ៥២​ ម៉ឺន​នាក់​ទេ ទោះ​បី​ជា​ ៥៣ ៥៤ ៥៥​ម៉ឺន​នាក់ ក៏​យើង​នៅ​តែមាន​លទ្ធ​ភាព​ដើម្បី​ចាក់​ជូន​ប្រជាជន»។

លោក ហ៊ុន សែន ក៏​បាន​ចាត់ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ លោក ទៀ បាញ់ បន្ត​ទទួល​បន្ទុក​រៀបចំ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម ដែល​លោក​ថា​ មាន​ប្រជាពលរដ្ឋប្រមាណ​ ៥២ ​ម៉ឺន​នាក់។

នៅ​ក្នុង​សារ​ជាសំឡេង លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ក៏​បាន​ឆ្លៀត​ថ្លែង​អំណរ​គុណ​ប្រទេស​ចិន ដែល​លោក​ចាត់​ទុក​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​នឹង​កម្ពុជា ចំពោះ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «វា​មិន​យូរ​ប៉ុន្មាន​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​នឹង​ជោគ​ជាំ​ទៅ​ដោយ​វ៉ាក់សាំង​ដែល​យើង​ខិតខំ​រក​ហើយ​ដោយ​មាន​ការ​ជួយ​ផ្គត់​ផ្គង់​ពី​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ​ដែល​ជា​ប្រភព​ផ្តល់​ជំនួយ​មិន​ចេះ​រីង​ស្ងួត សម្រាប់​យើង សម្រាប់​ទាំង​ជំនួយ ក៏ដូចជា​ការ​ផ្គត់ផ្គង់​តាមរយៈ​ការ​ទិញ​របស់​យើង​ផង​ដែរ»។

រដ្ឋាភិបាល​កម្ពុជា​បាន​បែងចែក​ភូមិសាស្ត្រ​ក្រុង​ភ្នំពេញ​ជា​ ៣ ពណ៌​ ក្រោយ​ពី​មាន​ការ​បិទខ្ទប់​ទាំង​ស្រុង​អស់​រយៈពេល ​៣ សប្តាហ៍​កន្លង​មក​នេះ​រួម​មាន​ តំបន់​ក្រហម តំបន់​លឿង​ទុំ​ តំបន់​លឿង ដោយ​តំបន់​ក្រហម​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ខ្ពស់ និង​ត្រូវ​រឹតត្បិត​តឹងរ៉ឹង។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ចាក់​វ៉ាក់​សាំង​ដល់​ពលរដ្ឋ​នៅ​តំបន់​ក្រហម​ឲ្យ​បាន​គ្រប់​គ្នា ដែល​ជា​គោល​ដៅ​របស់​លោក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល​ ដែល​មាន​សរុប​ប្រមាណ ​៣ ​លាន​នាក់ ត្រឹម​ខែ​មិថុនា។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទទួល​ស្គាល់​កិច្ច​ប្រឹង​ប្រែង​ផ្តល់​វ៉ាក់​សាំង ​និង​ការ​ស្វែងរក​វ៉ាក់សាំង​ផ្តល់​ជូន​ពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាលតាម​រយៈ​យន្ត​ការ​កូវ៉ាក់ និង​បណ្តា​ប្រទេស​ដទៃ​ទៀត ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​កូវីដ​១៩។

លោកស្រី​ក៏​បាន​សង្កេត​ឃើញ​ពល​រដ្ឋ​បាន​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​មូលដ្ឋាន។ យ៉ាងណាក្តី លោក​ស្រី​ថា​ ការ​រៀបចំ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​មិន​បាន​រៀប​រយ​អាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ផង​ដែរ ដោយ​សារ​មនុស្ស​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​នេះ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​ក៏​មាន​ខាង​សង្កាត់​ខ្លះ​ហ្នឹង​ហាក់​ដូចជា ការ​រៀបចំ​ហ្នឹង​ហាក់​ដូចជា មាន​ភាព​ខ្វះខាត​ហើយ​និង​មិន​ទាន់​មាន​លំដាប់​លំដោយ​ស្រួល​បួល​ដែល​បង្ក​ភាព​អំណោយ​ផល​ដល់​ប្រជា​ពលរដ្ឋ​ដែល​អាជ្ញាធរ​ទាំង​អស់​នោះ​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ ពីព្រោះ​យើង​ដឹង​ហើយ​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​ហ្នឹង​ដើម្បី​បង្ការ​ជំងឺ​ឆ្លង។ ប៉ុន្តែ​នៅ​ពេល​ណា​យើង​រៀប​មិន​ស្រួល​ទេ ហើយ​ពលរដ្ឋ​គាត់​នាំ​គ្នា​កកកុញ​ទៅ​ចាក់​គ្រប់​គ្នា​នឹង​ដោយ​មិន​មាន​ការ​រៀបចំ​និតី​វិធី​ត្រឹមត្រូវ​ទេ នោះ​វា​នឹង​ជា​ហានិភ័យ​ច្រើន​ជាង​ការ​បង្ការ»។

លោកស្រីបន្ថែម​ទៀត​ថា​ ក្រៅ​ពី​ការ​រៀបចំ​ផ្តល់​វ៉ាក់​សាំង​ប្រកប​ដោយ​សមភាព​និង​តាម​នីតិ​វិធី​ត្រឹមត្រូវ រដ្ឋាភិបាល​ក៏​ត្រូវ​ធានា​នូវ​ការ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​ពលរដ្ឋ​ពី​សារ​សំខាន់​នៃ​ការ​ចាក់​វ៉ាក់​សាំង​ផង​ដែរ ពីព្រោះ​កន្លង​មក​មាន​ការ​លើក​ឡើង​ជា​មន្ទិល​ពី​គុណ​ភាព​របស់​វ៉ាក់សាំង​ជា​ដើម។ លោក​ស្រី​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្យល់​ឲ្យ​ពលរដ្ឋ​រក្សា​ការ​ប្រុងប្រយ័ត្ន​ផ្ទាល់​ខ្លួន​ផង​ដែរ បើ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក្តី។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ដែល​ទទួល​បន្ទុក​កិច្ចការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​សម្រុក​ទៅ​ចាក់​វ៉ាក់​សាំង​ក្នុង​ចំនួន​ច្រើន ដោយ​លោក​ថា ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​វ៉ាក់​សាំង​គ្រប់​គ្នា។

បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន លើក​លែង​តែ​ប្រទេស​សិង្ហបុរី កម្ពុជា​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ច្រើន​ជាង​ប្រទេស​ផ្សេង ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ប្រមាណ ​១ ​លាន ​៥ ​សែន​នាក់ ទាំង​អ្នក​ចាក់​លើក​ទី​ ១ ​និង​លើក​ទី​ ២ បញ្ចូល​គ្នា។ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ គោល​ដៅ​នៃ​ការ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ជន គឺ​មាន​ជាង ​១០ ​លាន​នាក់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​កន្លង​មក។

ប្រទេស​កម្ពុជា​កំពុង​ប្រើ​ប្រាស់​វ៉ាក់សាំង​ចំនួន​៣​ប្រភេទ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម ​(Sinopharm​) វ៉ាក់​សាំង​ស៊ីណូវ៉ាក់ (Sinovac)​ និង​វ៉ាក់សាំង​អាស្រ្តា​ហ្សេនីកា (Astra​Zeneca)​ របស់​យន្តការ​អង្គការ​សុខភាព​ពិភពលោក (WHO)។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៦៧២​ នាក់ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ កើន​ដល់​ប្រមាណ​១៦.០០០នាក់ ហើយ​អ្នក​ស្លាប់​ស​រុប​មាន​ចំនួន ​១១០ ​នាក់៕