លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រារព្ធទិវាជនភៀសខ្លួនពិភពលោក កាលពីថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភថា ឱកាសសម្រាប់ជនភៀសខ្លួនតាំងទីលំនៅសារជាថ្មីនៅក្នុងបណ្តាប្រទេសដែលមានជាងនេះកាន់តែថយចុះ។
លោក Guterres បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅ New York ថា «នេះគឺជាការព្រួយបារម្ភមួយ ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងទម្រង់នយោបាយជាតិនិយម ការស្អប់ខ្ពើមជនបរទេស និងការរើសអើងពូជសាសន៍ ដែលជនភៀសខ្លួនក្លាយទៅជាគោលដៅ។ ពួកគេត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការគំរាមកំហែងភេរវកម្ម ខណៈដែលជនភៀសខ្លួនមិនមែនជាភេរវករ។ ពួកគេគឺជាជនរងគ្រោះដំបូងបង្អស់នៃអំពើភេរវកម្ម។ ពួកគេរត់គេចចេញពីអំពើភេរកម្ម ហេតុដូច្នេះហើយទើបពួកគេក្លាយជាជនភៀសខ្លួន»។
លោក Guterres បានថ្លែងថា មនុស្សត្រូវតែទទួលស្គាល់ថា គ្មានដំណោះស្រាយមនុស្សធម៌សម្រាប់វិបត្តិជនភៀសខ្លួននោះទេ ប៉ុន្តែមានតែដំណោះស្រាយនយោបាយតែប៉ុណ្ណោះ។ លោកបានសង្កត់ទៅលើការដោះស្រាយវិបត្តិនេះនៅទូទាំងពិភពលោកដែលបង្ខំឲ្យមនុស្សចាកចេញពីលំនៅដ្ឋានរបស់ខ្លួនពីដំបូងឡើយ។
លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយក្នុងទិវាជនភៀសខ្លួនពិភពលោក ដោយសន្យាថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ជំនួយមនុស្សធម៌ក៏ដូចជាថ្លែងអំណរគុណដល់បណ្តាប្រទេសដែលទទួលយកជនភៀសខ្លួននិងតាំងទីលំនៅថ្មីឲ្យពួកគេផងដែរ៕