អង្គការ​មួយ​លើក​ឡើង​ពី​ការ​គំរាមកំហែង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិកចំ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ស្លាក​សញ្ញា​នៃ​ទិវា​​សេរីភាព​សារព័ត៌មាន​ពិភពលោក

ដើម្បី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អង្គការ​សេរីភាព​សារព័ត៌មាន​មួយ​ក្រុម​កំពុង​អំពាវនាវ​ឲ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​នានា​ដែល​អ្នក​សារព័ត៌មាន​ប្រឈម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

របាយការណ៍​របស់​ក្រុម​អង្គការ​នេះ​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​មួយ​ចំនួន​ចំពោះ​ការងារ​របស់​អ្នក​សារព័ត៌មាន ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​កើន​ឡើង​នូវ​ការ​កាត់ទោស​ចំពោះ​អ្នក​លួច​ផ្ដល់​ព័ត៌មាន ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល​លើ​ព័ត៌មាន​សាធារណៈ ការ​ចោទ​ប្រកាន់​ដោយ​អ្នក​នយោបាយ ការ​វាយ​ប្រហារ​លើ​រាង​កាយ និង​ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ជា​ដើម។

លោក Thomas Hughes នាយក​ប្រតិបត្តិ​នៃ​អង្គការ Article 19 បាន​និយាយ​ថា៖ «ការ​កើន​ឡើង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នូវ​ការ​គំរាមកំហែង​នានា​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ត្រូវតែ​ដោះស្រាយ​ចេញ។ ការ​គំរាមកំហែង​ទាំង​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជះ​លទ្ធផល​មិន​ល្អ​នៅ​ជុំវិញ​ពិភពលោក​ទៀត​ផង»។

អង្គការ Article 19 បាន​ចូលរួម​ជាមួយ​នឹង​អង្គការ Committee to Protect Journalists អង្គការ International Freedom of Expression Exchange អង្គការ International Press Institute អង្គការ Index on Censorship និង​អង្គការ Reporters Without Border ដើម្បី​សម្ភាសន៍​អ្នក​សារព័ត៌មាន​អាមេរិកាំង​មួយ​ចំនួន។

របាយការណ៍​របស់​អង្គការ​នេះ​បាន​បញ្ជាក់​ថា ទោះបីជា​មាន​ការ​គំរាមកំហែង​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ ការ​ការពារ​ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន​បំផុត​នៅ​លើ​ពិភពលោក៕