ជនរងគ្រោះដែលរួចជីវិតពីក្នុងគុកខ្មែរក្រហមម្នាក់បានទទូចឲ្យអ.ស.ប.និងរដ្ឋាភិបាលកម្ពុជាពន្លឿនការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម ក្នុងពេលដែលកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្ស។
លោក ស៊ុំ រិទ្ធី អាយុ៦២ឆ្នាំ បានគូរគំនូរជាច្រើនភ្ជាប់ជាមួយនឹងការតាំងចិត្តរបស់លោកក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះនិងសម្រាប់ខ្លួនលោកផ្ទាល់ ដែលរងការធ្វើទារុណកម្ម និងការកាប់សម្លាប់ក្នុងគុកមួយនៅក្នុងខេត្តសៀមរាបក្នុងរបបវាលពិឃាត នៅទសវត្សរ៍១៩៧០។ ការទាមទាររកយុត្តិធម៌នេះធ្វើឡើងចំពេលដែលកម្ពុជា និងពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដែលពិភពលោកប្តេជ្ញាថា នឹងគោរពសិទ្ធិមនុស្ស។
លោក រិទ្ធី ថ្លែងថា តុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.នេះត្រូវរកយុត្តិធមិ និងបញ្ចប់វប្បធម៌គ្មានទោសពៃរ៍ឲ្យបានឆាប់ដោយសាររបបខ្មែរបានកាប់សម្លាប់ពលរដ្ឋខ្មែរ៤ទសវត្សរ៍កន្លងមកហើយ។
«សព្វថ្ងៃហ្នឹងការដែលតុលាការកំពុងតែធ្វើនេះ ខ្លាចវាមិនបានចេញសាលក្រមមាននរណាម្នាក់ផុតរលត់ទៅវាកាន់តែអត់មានភាពយុត្តិធម៌ សម្រាប់ជនរងគ្រោះទូទាំងប្រទេស ហើយនឹងខ្លួនខ្ញុំ។ ដល់អញ្ចឹងហើយខ្ញុំចេះតែមានការបារម្ភ»។
លោកបានបញ្ជាក់ថា ការអូសបន្លាយពេលរកយុត្តិធម៌ និងការបន្តវប្បធម៌និទណ្ឌភាពគឺជាការលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយកាប់សម្លាប់មនុស្សនិងប្រព្រឹត្តអំពើឃោរឃៅក្នុងសង្គមជាតិតទៅទៀត។
«តែខ្ញុំសម្គាល់មើលក្នុងសង្គមកម្ពុជាសព្វថ្ងៃហ្នឹងគឺមានភាពដូចជាខ្មែរក្រហមអញ្ចឹង។ អាហ្នឹងហើយដែលអ្នកសម្លាប់រាប់លាននាក់គឺរួចទោស។ ហ្នឹងគេហៅថា និទណ្ឌភាព។ អាហ្នឹង អ្នកក្រោយអាចយកគម្រូតាមអ្នកមុន។ វាគិតថាអ្នកមុនសម្លាប់អស់រាប់លាននាក់អត់មានទោសផង រឿងអីអញមិនហ៊ានធ្វើប៉ុណ្ណឹង!»
លោកបានថ្លែងថា ក្រុមមេដឹកនាំខ្មែរក្រហមពីរនាក់ដែលកំពុងរស់រាន មានជីវិតគឺនួន ជា អាយុ៨៩ឆ្នាំ និងខៀវ សំផន អាយុជាង៨៤ឆ្នាំគឺអាចស្លាប់មុនការកាត់ទោសដូចមេដឹកនាំមួយចំនួន។ ដូច្នេះតុលាការត្រូវពន្លឿនការកាត់ទោសនេះដើម្បីឲ្យលោកបានស្ងប់ចិត្ត។
លោក ស៊ុំ រិទ្ធី ជាជនរងគ្រោះដែលដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងនៃសាលាក្តីខ្មែរក្រហម។ លោកប្រាថ្នាចង់ឃើញថា កន្លែងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើរូបលោកគឺក្នុងគុកខ្មែរក្រហមនៅខេត្តសៀមរាបនោះ ត្រូវតុលាការលើកយកមកកាត់សេចក្តីនិងរកយុត្តិធម៌ ដើម្បីប្រាប់ឲ្យពិភពលោកបានដឹងអំពីអំពើសាហាវព្រៃផ្សៃនោះ។ លោកបាន គូររូបភាពរបស់លោកដែលរងទារុណកម្ម ស្រោចទឹកក្តៅ វាយដំ ការបង្ខិតបង្ខំផ្សេងៗទៀត ដែលលោកបានគូរជាផ្ទាំងគំនូរទុកបង្ហាញពីប្រវត្តិសាស្ត្រនេះ។
លោក ឡាត់ គី មន្ត្រីមកពីអង្គការសិទ្ធិមនុស្សអាដហុកប្រចាំនៅសាលាក្តីខ្មែរក្រហមគឺជាអ្នកសម្របសម្រួលឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង។ លោកបានថ្លែងថា ក្រុមជនរងគ្រោះបានដាក់ចម្ងល់ពីរឿងយុត្តិធម៌ដែលតុលាការត្រូវបំពេញ។
«តែដំណើរការសនាការក៏មិនមានន័យថា ដើមបណ្តឹងរដ្ឋប្បវេណីត្រូវការតែទោសមួយជីវិតហ្នឹងដែរ។ យើងត្រូវការយុត្តិធម៌ ហើយយើងក៏ត្រូវការចម្លើយ ឆ្លើយតបដែលពាក់ព័ន្ធនឹងការផ្តល់ចម្លើយពិតប្រាកដត្រឹមត្រូវថា មូលហេតុអ្វីបាននាំឲ្យកម្ពុជាប្រជាធិបតេយ្យឈានដល់ការសម្លាប់ប្រជាពលរដ្ឋដោយឃោរឃៅបែបនេះដែលជាចម្លើយជនរងគ្រោះ គាត់សួរថា ហេតុអីបានគាត់ក្លាយជាជនរងគ្រោះ? ហេតុអីបានជាគាត់មិនដឹងពីមូលហេតុដែលគាត់រងគ្រោះ។ ចំណុចទាំងអស់នេះហើយ ដែលយើងកំពុងជួយក្នុងការវែកញែក និងស្វែងរកចម្លើយពិតជូនពួកគាត់»។
របបខ្មែរក្រហមត្រូវបានគេស្តីបន្ទោសថា បានកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន ៧សែននាក់ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ សាលាក្តីនេះទើបតែ កាត់ទោសបានជនជាប់ចោទម្នាក់គឺដែលជាប្រធានគុកទួលស្លែងគឺកាំង ហ្កេកអ៊ាវ ហៅឌុច តែជនជាប់ចោទដទៃទៀតបានស្លាប់ មុនការកាត់ទោស ហើយនៅសល់តែពីររូបតែប៉ុណ្ណោះ គឺ នួន ជា អតីតបងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។ សាលាក្តីនេះកំពុងកាត់ទោសសំណុំរឿង០០២ វគ្គ២ពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មអន្តរជាតិនានា រួមទាំងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍។ ដើមបណ្តឹងភាគច្រើនបានត្អូញ ត្អែរថា ពួកគេមិនបានទទួលយុត្តិធម៌ពេញលេញដោយស្ងប់ចិត្តបានទេ៕