កំណត់និពន្ធ៖ ផលិតករភាពយន្តដែលទទួលរង្វាន់ គឺកញ្ញា ម៉ម កល្យាណនី បានផ្ញើសំណេរមួយមកកាន់វីអូអេ ដើម្បីជាសារនៅទិវាសិទ្ធិមនុស្សអន្តរជាតិ។ សំណេរនេះ ត្រូវអមដោយវីដេអូខ្លីមួយដែលនាងបានផលិត ដើម្បីពិនិត្យមើលអំពីជីវិតរបស់ស្រ្តីនៅតំបន់ជ្រលងជាយអារ៉ែង ដែលបានប្រឆាំងជំទាស់នឹងការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ដែលពួកគេរស់នៅ។ ពួកគេនិយាយថា វាផ្តល់គ្រោះថ្នាក់ដល់ជីវភាពរស់នៅរបស់ពួកគេ។ កញ្ញា ម៉ម កល្យាណនី បានសរសេរថា៖
ថ្ងៃនេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៦៦នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ ព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សទូទាំងប្រទេសកម្ពុជា កំពុងនាំគ្នាដើរដង្ហែក្បួនពីខេត្តរបស់គេរៀងៗខ្លួន ទៅជួបជុំគ្នានៅមុខរដ្ឋសភាជាតិ ដើម្បីប្រគល់ញ្ញត្តិស្តីអំពីសិទ្ធិរបស់ប្រជាពលរដ្ឋជាជនជាតិភាគតិចជូនឲ្យសមាជិករដ្ឋសភា។ ដើម្បីរំឭកទិវាសិទ្ធិមនុស្សអន្តរជាតិនេះ និងយុទ្ធនាការបាតុកម្មរួមគ្នាមួយនេះ នាងខ្ញុំសូមគោរពចំពោះយុទ្ធនារីជនជាតិភាគតិចនៅតំបន់ជ្រលងជាយអារ៉ែង ដែលបានប្រឆាំងតវ៉ា ដើម្បីការពារដីធ្លីរបស់ពួកគេ ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសមួយ។ ប្រសិនបើទំនប់វារីអគ្គិសនីត្រូវបានសាងសង់មែននោះ ទំនប់នេះនឹងបណ្តាលឲ្យមានទឹកជំនន់ភូមិនៅជ្រលងជាយអារ៉ែងទាំងមូល ហើយបំផ្លិចបំផ្លាញជីវភាពរស់នៅ វប្បធម៌ និងកេរ្តិ៍មរតកធម្មជាតិរបស់ជនជាតិភាគតិច ចុង ដែលបានរស់នៅជ្រលង អារ៉ែង នេះអស់រយៈពេលយ៉ាងតិច ៦០០ឆ្នាំមកហើយ។ ទំនប់វារីអគ្គិសនីក៏អាចបំផ្លិចបំផ្លាញតំបន់ជីវដ៏ចម្រុះ ដែលមានភោគផលល្អបំផុតមួយនៅកម្ពុជា។
ស្ត្រីទាំងអស់នេះ ក៏ដូចជាយុទ្ធនារីជាច្រើនផ្សេងទៀតនៅកម្ពុជា កំពុងតែដើរឈានមុខក្នុងយុទ្ធនាការបាតុកម្ម។ ស្ត្រីទាំងនេះ រួមមានស្ត្រីកម្មកររោងចក្រ ដែលធ្វើបាតុកម្មដើម្បីទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន ស្ត្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា ដែលប្រឆាំងនឹងការជម្លៀសដោយបង្ខំ និងស្ត្រីនៅតាមភូមិនានាទូទាំងប្រទេសកម្ពុជា ដែលកំពុងតស៊ូការពារដីធ្លី និងជីវភាពរស់នៅរបស់ពួកគេ។ ស្ត្រីម្នាក់ៗកំពុងតែបង្ហាញពីគោលជំហរដូចគ្នាមួយ គឺថា៖ យើងត្រូវតែការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកយើង។ យើងត្រូវតែការពារគ្រួសាររបស់យើង និងសហគមន៍របស់យើង។ យើងត្រូវតែការពារទប់ស្កាត់គ្រោះអាសន្នផ្សេងៗ ដើម្បីអនាគតរបស់កូនចៅយើង។
ថ្មីៗនេះ ខ្ញុំបាននិយាយជាមួយនឹងបងស្រី រ៉ីម សាវស៊ី ដែលជាសកម្មជនស្ត្រីម្នាក់នៅតំបន់ជ្រលង អារ៉ែង ខណៈពេលដែលបងស្រីកំពុងតែចូលរួមក្នុងវេទិកាពិភាក្សាអំពីសិទ្ធិមនុស្សនៅខេត្តកោះកុង។ គាត់ និយាយថា អ្នកភូមិខ្លះមិនពេញចិត្តលើភាពសកម្មនិយម និងការចេញមុខតស៊ូមតិប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីរបស់គាត់ ។ អ្នកភូមិទាំងនោះ ខ្លាចថា គាត់នឹងនាំយកបញ្ហាមកឲ្យគ្រួសាររបស់ពួកគេ និងភូមិស្រុករបស់ពួកគេទាំងអស់គ្នា។ ប៉ុន្តែ គាត់និយាយថា គាត់មិនអាចបញ្ឈប់ការប្រឆាំងតវ៉ានេះបានទេ។ នេះ គឺជាទឹកដីរបស់គាត់ ភូមិរបស់គាត់ សហគមន៍របស់គាត់ និងប្រទេសរបស់គាត់ ដូច្នេះ គាត់ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ដែលគាត់អាចធ្វើបាន ដើម្បីការពារទឹកដីរបស់គាត់។
ចុងក្រោយនៃខ្សែវីឌីអូខ្លីនេះ ស្រ្តីវ័យចំណាស់ម្នាក់ ប្រឆាំងយ៉ាងដាច់ខាតមិនទទួលយកសំណង ដែលអាចនឹងប្រគល់ឲ្យគាត់ និងអ្នកភូមិរបស់គាត់ ប្រសិនបើអ្នកភូមិយល់ព្រមលះបង់ដីធ្លីរបស់ខ្លួន។ គាត់និយាយថា «លុយប៉ុណ្ណឹង ខ្ញុំចាយបានតែមួយជីវិតខ្ញុំទេ។ ខ្ញុំមិនអាចទុកឲ្យកូនចៅជំនាន់ក្រោយរបស់ខ្ញុំទេ។ ខ្ញុំចង់រក្សាទឹកដីភូមិរបស់ខ្ញុំ និងដីរបស់ខ្ញុំ ដើម្បីបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយរបស់ខ្ញុំ»។
សំណួរគឺថា «តើយើងត្រូវបន្សល់ទុកអ្វីខ្លះឲ្យកូនចៅជំនាន់ក្រោយរបស់យើង?» ខ្ញុំសង្ឃឹមថា យើងនឹងមិនបន្សល់ទុកលុយ ឬសម្ភារៈឲ្យកូនចៅយើងទេ តែយើងគួរតែបន្សល់ទុកនូវសម្បត្តិខាងស្មារតី ដែលកើតចេញពីក្តីស្រឡាញ់ធម្មជាតិ និងសម្បត្តិដីធ្លី ហើយសម្បត្តិខាងស្មារតីទាំងអស់នេះហើយ ដែលស្ត្រីនៅតំបន់ជ្រលង អារ៉ែង មានដ៏សម្បូរ ហើយដែលពួកគេកំពុងតែតស៊ូការពារ៕
---------
កញ្ញា ម៉ម កល្យាណនី គឺជាផលិតករភាពយន្តខ្មែរអាមេរិកាំង។ ខ្សែភាពយន្តរូបភាពឯកសារលើកដំបូងបង្អស់របស់នាងគឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល និយាយអំពីការតស៊ូរបស់គ្រួសារខ្មែរ៣គ្រួសារ ក្នុងអំឡុងនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ពិភពលោក បានឈ្នះពាន់រង្វាន់ Grand Jury Prize សម្រាប់ខ្សែភាពយន្តឯកសារពិភពលោកនៅឯមហោស្រពភាពយន្តទីក្រុងសាន់ដាន (Sundance Film Festival) នៅឆ្នាំ២០១៣។