ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រកម្ពុជានៃកាលវេលាដែលកូនមិនស្គាល់ម្តាយ ព្រោះស្គាល់តែអង្គការថ្នាក់លើ ឬមនុស្សត្រូវបានគេវាយកម្ទេចចោលដោយគ្រាន់តែការប្រព្រឹត្តកំហុសឆ្គងបន្តិចបន្តួចដូចជាការលួចមើមដំឡូងមកធ្វើជាអាហារ។ ទំព័រដ៏ខ្មៅងងឹតនេះត្រូវបានបើកដោយក្រុមខ្មែរក្រហមទាហានខោអាវខ្មៅ ដែលបានវាយផ្តួលរំលំកងទ័ពរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ហើយបានកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេលជិតបួនឆ្នាំនោះ។
យុវជនដែលបានចូលរួមទិវាជាតិនៃការចងចាំ ឬពិធីរំឭកដល់ការឈឺចាប់ពីអំពើឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមមិនសូវយល់ច្បាស់ពីប្រវត្តិខ្មៅងងឹតនេះឡើយ។ តែបន្ទាប់ពីបានមើលឃើញឈុតឆាកសម្តែងអំពីការចូលលុកលុយរបស់ក្រុមកុម្មុយនិស្តជ្រុលនិយមមកក្នុងប្រទេសកម្ពុជា ពួកគេនិយាយថា របបខោអាវខ្មៅឥតសីលធម៌នេះមិនត្រូវកើតមានម្តងទៀតឡើយ ក្នុងសង្គមទំនើបបច្ចុប្បន្នរបស់ពួកគេ។
នៅឯទីកន្លែងរំឭកដល់ព្រឹត្តិការណ៍សោកនាដកម្មបង្កដោយក្រុមខ្មែរក្រហម ដែលគេស្គាល់ថា ជាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាសារមន្ទីរដ៏ធំមួយនៅភាគនិរតីនៃទីក្រុងភ្នំពេញនោះ កញ្ញា ស៊ីម រដ្ឋា វ័យ១៩ឆ្នាំបានឃើញទិដ្ឋភាពសម្តែង បង្ហាញកម្មាភិបាលខ្មែរក្រហមមួយរូបយកទារកទៅបោកសម្លាប់នៅនឹងគល់ឈើ ដែលកញ្ញាយល់ថា ជាអំពើឃោរឃៅបំផុត។ កញ្ញាមិនចង់ឃើញការសម្លាប់យ៉ាងឃោរឃៅនេះតទៅទៀតទេ។
«អត់ចង់ឃើញទេ ព្រោះអីវាមានការឈឺចាប់ខ្លាំងណាស់ ព្រោះអីកូនក្មេងត្រូវបោកនឹងគល់ឈើចោល»។
កញ្ញា ស៊ូ ហ្វីយ៉ានី វ័យ២០ឆ្នាំ ដែលជាខ្មែរឥស្លាម និងជានិស្សិតនៅមហាវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថ្លែងថា វិនាសកម្ម ដែលធ្លាប់កើតមានឡើងក្នុងសម័យខ្មែរក្រហម មិនអាចកើតឡើងម្តងក្នុងសម័យដែលកំពុងអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។
ដោយបានឈរនៅក្បែរមិត្តភក្តិម្នាក់ដែលមកចូលរួមប្រារព្ធទិវាចងចាំនៃការរងគ្រោះ និងការកាប់សម្លាប់ក្នុងសម័យខ្មែរក្រហម នាវាលពិឃាតជើងឯក ដែលជាសារមន្ទីរប្រល័យពូជសាសន៍ដដែលនោះ កញ្ញាហ្វីយ៉ានីនិយាយថា៖
«សម្រាប់យុវជនយើងទៅថ្ងៃក្រោយទៀត គួរតែរារាំង ព្រោះអីមិនគួរឲ្យរបបហ្នឹង កើតឡើងវិញម្តងទៀតទេ ព្រោះអីទម្រាំប្រទេសយើង ទម្រាំអភិវឌ្ឍបានដល់សព្វថ្ងៃហ្នឹងគឺវាពិបាកណាស់ បើសិនវា របបហ្នឹងកើតឡើងម្តងទៀត គឺរលាយហ្មង»។
ថ្ងៃទី២០ ខែឧសភានេះត្រូវបានរដ្ឋាភិបាលកំណត់យកជាទិវាជាតិនៃការចងចំាហើយជាថ្ងៃឈប់សម្រាកជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
លោក លីម អាស៊ីគីន ជានិស្សិតឆ្នាំមួយផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភ្នំពេញថ្លែងថា ជាជម្រើសមួយល្អសម្រាប់ជនរងគ្រោះក្នុងរបបខ្មែរដែលរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ឧសភានេះជាថ្ងៃឈប់សម្រាករបស់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
«សម្រាប់ខ្ញុំគឺយល់ថា ជាស័ក្តិសមបំផុត ព្រោះជាទិវាមួយដែលយើងរំឭកពីបុព្វការីជន ដែលបានចែកឋានទៅ ក៏ដូចជាគោរពវិញ្ញាណក្ខន្ធ ហើយក៏ដូចជាឲ្យក្មេងៗទាំងអស់យល់ដឹង និងចងចាំទិវានេះ មិនមែនជាការចងគំនុំទេ តែយើងចងចាំ។ យើងយកពីការចងគំនុំនេះមកជាចងចាំ រំឭក បង្កា និងទប់ស្កាត់ទៅវិញ»។
ការកំណត់នេះគឺជាផ្នែកមួយគឺជាសំណងសមូហភាពមួយក្នុងចំណោមសំណងសមូហភាពផ្សេងទៀត ដែលបានផ្តល់ដោយសាលាក្តីខ្មែរក្រហមជូនដល់ជនរងគ្រោះទាំងឡាយក្នុងរបបខ្មែរក្រហម។
សំណងរដ្ឋប្បវេណីជាលក្ខណៈសមូហភាពមួយនេះគឺធ្វើឡើងសម្រាប់ជនរងគ្រោះដែលជាដើមបណ្តឹងក្នុងសំណុំរឿង០០២/០១ បន្ទាប់ពីជនរងគ្រោះបានស្នើទៅសាលាក្តីខ្មែរក្រហមក្នុងពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក នេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
របបកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម ដែលដឹកនាំប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឲ្យមនុស្សប្រមាណ១,៧លាននាក់បាត់បង់ជីវិត ដោយការសម្លាប់ កង្វះម្ហូបអាហារ និងការធ្វើការហួសកម្លាំង រួមជាមួយការធ្វើទារុណកម្មផ្សេងទៀត។
លោក នេត ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ថ្លែងថា ការកំណត់របស់រដ្ឋាភិបាលយកថ្ងៃទី២០ ខែឧសភាជាថ្ងៃឈប់សម្រាកនេះ ជាសំណងសមូហភាពចុងក្រោយសម្រាប់ជនរងគ្រោះដែលជាដើមបណ្តឹងក្នុងសំណុំរឿង០០២/០១ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំ។ លោកមានប្រសាសន៍ថា សាលាក្តីនឹងធ្វើការប្រកាសឲ្យដឹងពីសំណងរដ្ឋប្បវេណីផ្សេងទៀតសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២/០២ ដែលមានជនជាប់ចោទដដែលគឺ នួន ជា និង ខៀវ សំផន។ លោកថា សំណងនឹងអាចធ្វើឡើង នៅក្រោយការប្រកាសសាលក្រមសម្រាប់សំណុំរឿងនេះ។
«សំណងដែលយើងអាចដឹងជារួមគឺសំណងដែលដាក់នៅក្នុងសំណុំរឿង០០២/០២ ដែលស្នើសុំដោយជនរងគ្រោះហ្នឹង គឺផ្តោតទៅលើការអប់រំ ផ្តោតទៅលើការស្តានិតិសម្បទា ហើយនិងការពាក់ព័ន្ធជាមួយនឹងការចងចាំ។ ហើយគម្រោងហ្នឹងគឺមានច្រើនប្រភេទ។ ខ្ញុំមិនទាន់អាចរៀបរាប់បានទាំងអស់ទេ ដោយសារតែគម្រោងនេះគឺដាក់នៅ ដាក់ទៅកាន់អង្គជំនុំជម្រះសាលាដំបូង អីចឹង អង្គជំនុំជម្រះសាលាដំបូងនឹងពិនិត្យមើលទៅលើគម្រោងសំណងនេះ ហើយសំណងនេះអាចផ្តល់ទៅឲ្យជនរងគ្រោះបាន ក្នុងករណីដែលអង្គជំនុំជម្រះរកឃើញថា ជនជាប់ចោទនួន ជា និងខៀវ សំផនហ្នឹងគឺមានពិរុទ្ធភាព បានអាចសម្រេចផ្តល់សំណងបាន។ ប្រសិនជាមិនរកឃើញថា លោកមានការទទួលខុសត្រូវ ដូចអ្វីដែលជាការចោទប្រកាន់ទេ សំណងក៏មិនបានដែរ ពីព្រោះថា ជនជាប់ចោទគាត់មិនមានទោស ឬមួយក៏អីនឹងបាទ»។
លោកបញ្ជាក់បន្ថែមថា តុលាការនឹងប្រកាសសាលក្រមក្នុងសំណុំរឿង០០២/០២នៅក្នុងខែសីហាខាងមុខ។ ក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំងពីររងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងវៀតណាម។
ជនជាប់ចោទចំនួនប្រាំរូប ដែលត្រូវបានគេស្គាល់ថា ជាមេដឹកនាំកំពូល និងជាអ្នកមានការទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបនេះ រួមមានខៀវ សំផន អតីតប្រមុខរដ្ឋ នួន ជា អតីតប្រធានសភាប្រជាជនបដិវត្តន៍កម្ពុជា អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច រួមទាំងកាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខមជ្ឈឹមស-២១។ ពួកគេត្រូវបាននាំមកកាន់សាលាវិនិច្ឆ័យក្ដីដើម្បីប្រឈមមុខនឹងការណ៍ពិតប្រវត្តិសាស្ត្រ និងដំណើរការយុត្តិធម៌។
ដោយឡែកនៅក្នុងថ្ងៃប្រារព្ធទិវាជាតិនៃការចងចាំ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនោះ គេឃើញមានការលើកស្លាកសញ្ញាអបអរគណបក្សប្រជាជនកម្ពុជា និងមានការលើកឡើងអំពីដំណើរនៃការបោះឆ្នោតខែកក្កដាខាងមុខនេះ នៅឯកន្លែងប្រារព្ធពិធីក្នុងវាលពិឃាតជើងឯកនេះផងដែរ។
តាមឯកសារដែលបានលើកឡើងអំពីការឈឺចាប់ពីអំពើឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម និងដំណាក់កាលកម្ពុជាបច្ចុប្បន្ននេះ ដែលអ្នកយកព័ត៌មានបានឃើញក្នុងពិធីនោះ បានបញ្ជាក់ឲ្យដឹងក្នុងអត្ថន័យដើមថា៖
«ថ្មីៗកន្លងមកនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានសម្រេចដំណើរការរៀបចំការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ក្រុមបក្ស និងគ្រួសារបក្ស ហើយកំពុងត្រៀមរៀបចំកម្លាំង និងសម្ភារៈសម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សំដៅរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើង និងពង្រឹងសិ្ថរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត លើកកម្ពស់ការគោរពសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន ដោយជំរុញផលិតកម្ម និងផ្តល់សេវាសាធារណៈ ដែលអាចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ បំបាត់អំពើអសកម្មនានា ហើយនឹងដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
ក្រុមយុវជនដែលស្ថិតក្នុងពិធីរំឭកដល់ការរងគ្រោះពីអំពើឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមរបស់ សាឡុត ស ឬប៉ុល ពត មិនបានយល់ពីខ្លឹមសារនយោបាយរបស់គណបក្សកាន់អំណាចនេះទេ ក៏ប៉ុន្តែពួកគេនិយាយថា ប្រទេសរបស់ពួកគេមិនអាចវិលទៅរកកាលសម័យនៃការសម្លាប់រង្គាលគ្នាទៀតឡើយ ហើយអ្វីដែលអាចបង្កាអំពើដ៏ឃោរឃៅនេះបាន គឺបង្កើនការអប់រំ និងការយល់ដឹងអំពីយុគសម័យដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជានាទសវត្សរ៍១៩៧០៕