សមាគម​គ្រូ​បង្រៀន​ស្នើ​ឱ្យ​រដ្ឋ​បញ្ឈប់​ការ​រើស​អើង​និង​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន

បុរស៤នាក់ ឈរកាន់បដាពាក្យស្លោក នៅក្នុងទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)

ក្នុង​ថ្ងៃ​ទិ​វា​គ្រូ​បង្រៀន​ឆ្នាំ​នេះ ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​បាន​ស្នើ​ទៅ​ក្រសួង​អប់រំ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ឱ្យបញ្ឈប់​ការ​រើស​អើង​គ្រូ​បង្រៀន​ និង​ដំឡើងប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​ឱ្យ​បានមួយ​ភាគ​បួន​នៃ​ប្រាក់បំពេញ​ការ​ងារ​របស់​តំណាង​រាស្ត្រ ​ដែល​ទទួល​បាន​ប្រមាណ​១៥​លាន​រៀល​ក្នុង​មួយ​ខែ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​ប្រមូល​ផ្តុំ និង​ជួប​ជុំ​គ្រូ​បង្រៀន​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ក្នុង​ខណ្ឌឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ដើម្បីប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ឆ្នាំ​២០​២២​នេះ ដែលមាន​អ្នកចូល​រួម​ជាង​១០០​នាក់​ ដោយ​ពួកគេ​បាន​លើក​ឡើង​ពី​តម្រូវ​ការ​ ​និងប​ញ្ហា​ប្រឈម​នានា។ ​ការ​ជួប​ជុំ​របស់​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ដោយ​សាលា​រាជធានី​ភ្នំពេញ ​ដោយ​មាន​អ្នក​ចូលរួម​យ៉ាង​ច្រើន​២០០​នាក់​តែ​ប៉ុណ្ណោះ។ នៅ​ទី​កន្លែង​ប្រារព្ធទិវា​គ្រូ​បង្រៀន​ឆ្នាំ​២០២២ គេ​ក៏ឃើញ​មាន​អាជ្ញាធរ​ចម្រុះ​យ៉ាង​តិច​៥០​នាក់ ​នៅ​ឃ្លាំ​មើល​សកម្ម​ភាព​នៃ​ការ​ជួប​ជុំ​នេះ​ផង​ដែរ។​

អ្នក​ស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ថ្លែង​ក្នុង​ពិធីប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នោះ​ថា​ ឆ្នាំ​នេះ​ គ្រូ​បង្រៀន​មួយ​ចំនួ​ន​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូល​រួម ដោយ​សារ​នៅ​តាម​សាលា​មួយ​ចំនួន​មាន​ការ​រឹតត្បិត​ និង​ការ​កត់​ឈ្មោះ​ជា​ដើម។ ​អ្នក​ស្រី​យល់​ថា​ ក្រសួង​អប់រំគួរ​តែ​ផ្តល់​ឱកាស​ឱ្យ​គ្រូ​បង្រៀន​បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ដើម្បី​ឱ្យ​គ្រូ​បង្រៀន​អាចលើក​ឡើង​ពី​បញ្ហា ​និង​តម្រូវ​ការ​ ក៏​ដូច​ជា​មតិ​យោបល់​នានា។​

អ្នក​ស្រី​ថ្លែង​ថា៖ ​ «យើង​ឃើញ​ថា​ ការ​រឹត​ត្បិត​សេរី​ភាព​ ការ​រឹត​ត្បិត​ការ​សម្តែង​មតិ​កាន់​តែ​ខ្លាំង​ឡើង។​ នេះ​ហើយ​ដែល​លោក​គ្រូ​ អ្នកគ្រូ​មួយ​ចំនួន​គាត់​ភ័យ​ខ្លាច។ ហើយ​មិន​គួរ​ណា​ប្រទេស​កម្ពុជា​យើ​ង​យក​ថ្ងៃ​ ដែល​ជា​ថ្ងៃ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​នេះ​នៅ​បំពេញ​ការ​ងារ​ទេ​ គួរ​តែ​ផ្តល់​ថ្ងៃ​នេះ​ជា​ថ្ងៃ​មួយ​ដែល​លោក​គ្រូ​អ្នក​គ្រូ​យើង​ត្រូវ​តែ​មក​សម្តែង​មតិ​ ឬ​ក៏​គាត់​ចូលរួម​ក្នុង​កម្មវិធី​ណា​មួយ»។​

លោក រ៉ុង ឈុន ទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាន់មេក្រូថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)

ចំណែកលោក ​រ៉ុង ឈុន ​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​ដែល​ធ្លាប់​ជា​គ្រូ​បង្រៀន​ម្នាក់​ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ថា បើសិន​រដ្ឋា​ភិ​បាលចង់​ពង្រឹង​ការ​អប់រំ ​គឺ​ត្រូវ​ចាប់​ផ្តើម​កែ​លម្អ​ស្ថាន​ភាព​គ្រូ​បង្រៀន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ដោយ​ត្រូ​វបើក​លំហ​សិទ្ធិ​សេរី​ភាព​គ្រូ​បង្រៀនក្នុង​ការ​សម្រេច​ចិត្ត​ ជាពិសេស​ត្រូវ​ដំឡើងប្រាក់​ខែ​គ្រូ​បង្រៀន​យ៉ាង​ហោច​ចំនួន​៣​លាន​៨​សែន​រៀល​ ឬ​ស្មើ​១​ភាគ​៤​នៃ​ប្រាក់​បំពេញ​ការងារ​របស់​តំណាង​រាស្រ្ត។​

លោក​ រ៉ុង ឈុន​ បញ្ជាក់​ថា៖ ​«យើង​ចង់​ឃើញ​រដ្ឋា​ភិបាល​ដំឡើង​ប្រាក់​មូល​ដ្ឋាន​ ប្រាក់​កម្រិត​មូល​ដ្ឋាន​ជូន​គ្រូ​បង្រៀន​ក្នុង​មួយ​ខែៗ​ឱ្យ​បាន​ស្មើ​១​ភាគ​៤​នៃ​ប្រាក់​[ខែ]​តំណាង​រាស្ត្រ»។​

ជា​ធម្មតា ​ប្រាក់​ខែ​របស់​តំណាង​រាស្រ្ត​មាន​ប្រមាណ​៦​លាន​រៀល ​ឬ​១៥០០​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ប្រាក់​បំពេញ​ការងារ ​ដែល​រួម​ទាំង​ប្រាក់​ខែ​ក្នុង​នោះ​ផង​មាន​រហូត​ដល់​ទៅ​ជាង​១៥​លាន​រៀល​ក្នុង​មួយ​ខែ។​

លោក ​រស់ សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រាក់​ខែ​គ្រូ​បង្រៀន​ឆ្នាំ​២០២២​មាន​ចន្លោះ​ពី​១​លាន​២​សែន​រៀល​ទៅ​ដល់​២​លាន​១​សែន​រៀល​ ហើយ​ក្រសួងនឹង​បន្ត​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​តាម​លទ្ធ​ភាព​របស់​រាជ​រដ្ឋា​ភិបាល។​ ចាប់​ពី​ដើម​ឆ្នាំ​២០២៣​ គ្រូ​បង្រៀន​នឹង​ទទួល​បាន​ប្រាក់​ខែយ៉ាង​តិច​ចំនួន​១​លាន​៥​សែន​រៀល​ ដែល​លោក​ថា​ នេះជា​ការ​លើក​កម្ពស់​គុណ​ភាព​ និង​ជីវ​ភាព​គ្រូ​បង្រៀន។​

គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យា​ល័យ​សុខ​ អាន​ក្តី​ទន្ទឹម ​ក្នុង​ខេត្ត​តាកែវ​ ​ដែលចូល​រួម​ក្នុងទិវា​គ្រូ​បង្រៀន​នេះ​ លោក​ គៀន ពន្លក​ ​ប្រាប់​វីអូអេ​ថា​ ប្រាក់​ខែ​គ្រូ​បង្រៀននៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ​ដែល​ជា​ហេតុធ្វើ​ឱ្យ​គ្រូ​មួយ​ចំនួន​បង្រៀន​ក្រៅ​ម៉ោង​រដ្ឋជា​ដើម ​ដូច្នេះ​លោក​ថា​ បញ្ហា​នេះក្រសួង​ត្រូវ​តែ​ដោះ​ស្រាយ​ដើម្បី​កុំ​ឱ្យ​វិស័យអប់រំ​កម្ពុជាធ្លាក់​ចុះ។​

លោកក៏​ទទូច​សុំ​ឱ្យ​ក្រសួង​អប់រំដំឡើង​ប្រាក់​បៀ​វត្សរ៍​ឱ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ស្នើ​សុំ ​គឺ​ថា​ ១​ភាគ​៤​នៃ​ប្រាក់​ការងារ​របស់​តំណាង​រាស្ត្រ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​យើង​ឃើញ​ថា​ ស្ថាន​ភាព​[ប្រាក់​បៀ​វត្សរ៍]​នេះ​គឺ​នៅ​តិច​មែន​ទែន​សម្រាប់​គ្រូ​បង្រៀន ​ដែល​បង្ខំ​ឱ្យ​គ្រូ​បង្រៀន​គាត់​មាន​មុខ​របរ​ទី​២ ​ជា​ពិសេស​គឺ​ការ​បង្រៀន​គួស៍។ ​ការ​បង្រៀន​គួស៍​នេះ​មាន​ការ​គាប​សិស្ស​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ​ដែ​ល​ធ្វើ​ឱ្យ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​កំពុង​តែ​ធ្លាក់​ចុះ»។​

លោក ​គៀន ពន្លក ​បន្ថែម​ថា​ ទាក់​ទង​ការ​ចូល​រួម​សកម្ម​ភាព​ជាមួយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​នេះ​ លោក​ក៏រង​ការ​គំរាម​កំហែង​ផង​ដែរ​ ដោយក្រសួង​អប់រំ​ព្រមាន​ដក​ហូត​ក្រប​ខណ្ឌ​គ្រូ​បង្រៀន​របស់លោក​ថែម​ទៀត​ផង។​

នៅ​ថ្ងៃ​ពុធ​នេះ ​ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ក៏​បាន​ប្រគល់​ញត្តិ​ទៅ​កាន់មន្ត្រី​រដ្ឋ​សភា ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ និង​ក្រសួង​អប់រំ​ដើម្បី​ទាម​ទារ​ឱ្យ​ស្ថាប័ន​ទាំង​នេះ​ស្តារ​ឡើង​វិញ​នូវ​កម្រិត​ស្ថានភាព​គ្រូ​បង្រៀន ​និង​លើក​កម្ពស់​គុណ​ភាព​អប់រំ ​ដែ​ល​រួម​មាន​ការ​ដំឡើង​ប្រាក់​បៀ​វត្សរ៍​គ្រូ​បង្រៀន ​ការដំឡើង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​គ្រូ​បង្រៀន​ លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​អប់រំ ​និង​បញ្ឈប់​ការ​រើស​អើស​គ្រូ​បង្រៀន​ជាដើម៕