អ្នក​តស៊ូ​មតិ​និង​សកម្មជន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា​លោក W. Patrick Murphy មន្ត្រី​និង​សកម្ម​ជន​សិទ្ធ​មនុស្ស​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​កាលពីថ្ងៃទី​១០ ធ្នូ ២០២៣។(Facebook/CLC)

មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្មជន​មួយ​ចំនួន កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០ធ្នូ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខណៈ​ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ប្រមាណ​៣០០០​នាក់​បាន​ជួបជុំគ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុ​ងរាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ លើក​ទី​៧៥ ក្រោម​ប្រធាន​បទ​៖ «ធានា​សេចក្ដីថ្លៃថ្នូរ សេរីភាព និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់រូប»។

លោក នី សុខា ប្រធាន​សមាគមសិទ្ធិ​មនុស្ស​អាដហុក ថ្លែង​ក្នុង​ពិធី​នោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ធានាយ៉ាង​ណា​ឱ្យ​ពលរដ្ឋ​អាច​រក្សា​បាន​នូវ​សិទ្ធិ​ទាំង​អស់ រួម​ទាំង​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​ក្នុង​ការ​ជួប​ជុំ​ជីវភាព​នយោបាយ ដូច​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ ដូច​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​នៅ​ក្នុង​កតិកា​សញ្ញា​សិទ្ធិ​របស់​ពលរដ្ឋ។ លោក​បន្ថែម​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣​នេះ ក៏​មិន​ខុស​ទៅ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស កាល​ពី​ឆ្នាំ​កន្លងៗ​ទៅ ដែល​នៅ​តែ​រង​ការ​រឹត​ត្បិត​ដដែល។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ថ្លែង​សារ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ឆ្នូ លើក​ទី៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

បើ​តាម​លោក នី សុខា បើ​ទោះ​បី​ជា​សិទ្ធិ​សេរីភាព​មួយ​ចំនួន​មាន​ការរីក​ចម្រើន​ក៏​ពិត​មែន តែ​រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ឡើយ​ទេ។

លោក​ថ្លែងថា​៖ «រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ឱ្យ​បាន​ប្រសើរស្រប​តាម​អនុសាសន៍​ដែល​បាន​ស្នើ​ឡើង​ដោយ​សហគមន៍​អន្តរជាតិ​ ក៏​ដូច​ជា​អនុសាសន៍​របស់​អ្នក​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ឡើយ​ទេ»។

លោក​ឱ្យ​ដឹង​ទៀត​ថា​អាជ្ញាធរ​មួយ​ចំនួន​នៅ​តាម​មូលដ្ឋាន​នៅ​តែ​បន្ត​រឹត​ត្បិត​គាប​សង្កត់​សម្លុត គំរាម​កំហែង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រោម​រូប​ភាព​ផ្សេងៗ​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

នៅ​ក្នុង​ពិធី​អប​អរ​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ​នោះ​ដែរ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC)​លើក​ឡើង​ថា​ក្នុង​នាម​លោក​តំណាង​ឱ្យ​សហភាព​ការងារ​ លោក​ចង់​ឃើញ​រដ្ឋ​ធម្មនុញ្ញ​នៅ​កម្ពុជា​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ការគោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេញ​លេញ​និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដក​នូវ​រាល់​បណ្តឹង​ទាំង​ឡាយ​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​សហជីព ក៏​ដូច​ជា​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ច្បាប់​ស្តី​ពី​សហជីព​ផង​ដែរ។

លោក​បញ្ជាក់ថា​៖ «ចង់​ឃើញ​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេញ​លេញ ហើយ​ចុង​ក្រោយ​គឺ​ទីផ្សារ​សេរី​ដែល​គេ​មករក​ស៊ី​ទទួល​ទាន​ប្រកួត​ប្រជែង​នៅ​ប្រទេស​កម្ពុជា​យើង​ឱ្យ​មាន​យុត្តិធម៌​...ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ កែ​ប្រែ​នូវ​ច្បាប់​ស្តី​ពី​សហជីព ដើម្បី​ធានា​ឱ្យ​កម្មករ​និយោជិត​អាច​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​តស៊ូ​មតិ​ទាមទារ​សេរីភាព​ជា​មួយ​និយោជក​បាន»។

ចំណែក​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ ធ្នូ លើក​ទី​៧៥ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ថា​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ចំណុច៤ ដើម្បី​ធានា​ដល់​ការ​ការពារ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ផ្តល់បទសម្ភាសន៍នៅក្បែរព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី២៩ មីនា ២០២៣។ (លាស់ លីបលីប/វីអូអេ)

ចំណុច​ទី​មួយ លោក កើត សារ៉ាយ លើក​ឡើង​ថា​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​លើ​ប្រាក់ខែ​របស់​មន្រ្តី​រាជការ​ឡើង​វិញ ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ​ទាំង​នោះ​ទទួល​បាន​សម​ស្រប ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ។ ទីពីរ​ត្រូវ​ធានា​នូវ​តួនាទី​នៃ​អំណាច​ទាំង​បី​ឱ្យ​បាន​ច្បាស់លាស់។ ទី​បី​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​សារព័ត៌មាន​ឯករាជ្យ និង​ទីបួន​ត្រូវ​ធានា​សុវត្ថិភាព​នៃ​ការរាយការណ៍​របស់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា​ទោះបី​ជា​ធ្លាប់​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការរាយការណ៍​ក៏​ដោយ​ ក៏​ពលរដ្ឋ​នៅ​តែ​មិន​ទាន់​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការរាយការណ៍។

កាល​ពី​ថ្ងៃ​អាទិត្យ អង្គការ​សមាគម​ប្រមាណ​៤០​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​សម្តែង​ការ​សោក​ស្តាយ​និង​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាពិសេស​ទាក់ទឹង​នឹង​សេរីភាព​ជាមូលដ្ឋាន និង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា។ ក្រុម​អង្គការ​ទាំង​នោះ​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​និង​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ស្នើ​ឱ្យរដ្ឋសភា​ពិនិត្យ​និយម​ន័យ​នៃ​បទ​ល្មើស​ញុះញង់ ស្នើ​ឱ្យ​ស្ថាប័ន​ធ្វើ​ច្បាប់ និង​រដ្ឋាភិបាល​បើក​ទូលាយ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន​ជាដើម។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ក្រសួង​ការបរទេស​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​លើក​ឡើង​អំពី«​ការប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស»។

ការ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ការបរទេស លោក សុខ ចិន្តាសោភា ជាមួយ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ វិទិត មុនតាប៊ន(Vitit Muntabhorn)។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​អំពី​ការប្តេជ្ញា​ចិត្ត​ខ្ជាប់​ខ្ជួន​របស់​កម្ពុជា​ចំពោះ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ថា​កម្ពុជា​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ជា​មួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។

ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នេះ​ដែរ គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈខ្មែរ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ និង​គណបក្ស​កែទម្រង់​កម្ពុជា​ដែល​បាន​ចង​សម្ព័ន្ធ​ភាព​នឹង​គ្នា ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​អំពាវ​នាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​បើក​លំហ​សេរីភាព​នយោបាយ​ ដោយ​គ្មាន​ការ​រើស​អើង បញ្ឈប់​ការ​គំរាម​កំហែង ផ្នែក​នយោបាយ​គ្រប់​រូបភាព ពង្រឹង​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ឡើង​វិញ ដោយ​ឈរ​លើ​ស្មារតី​បង្រួប​បង្រួម សាមគ្គីភាព និង​ឯកភាព​ជាតិ និង​អនុវត្ត​ឱ្យបាន​ពេញ​លេញ​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ ស្រប​តាម​ស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ព្រម​ទាំង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​សេចក្តី​ប្រកាស​ជា​សកល ស្តី​ពី​សិទ្ធិ​មនុស្ស​ឆ្នាំ​១៩៤៨ ក្នុង​ការ​គោរព និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៕