អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យប្រទេសនានានៅជុំវិញពិភពលោកបញ្ឈប់សង្គ្រាម ដែលការជំរុញនេះគឺជាផ្នែកមួយនៃកិច្ចផ្អាកសង្គ្រាមដើម្បីកីឡាអូឡាំពិក (Olympic Truce) នៅពេលដែលកីឡាអូឡាំពិកនៅក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ នេះបានចាប់ផ្ដើមកាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Guterres បានជួបជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach និងបាននិយាយថា កីឡាគឺជាឱកាសសម្រាប់សន្តិភាព។
លោក Guterres បាននិយាយថា៖ «ខ្ញុំចង់សម្តែងនូវការគាំទ្រទាំងស្រុងរបស់អង្គការសហប្រជាជាតិចំពោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ យើងរស់នៅក្នុងពិភពលោកមួយដែលបែកបាក់ដែលជម្លោះកំពុងកើនឡើងយ៉ាងខ្លាំង។ ...ការឈឺចាប់ដ៏គួរឱ្យរន្ធត់បំផុតនៅក្នុងតំបន់ហ្កាហ្សា សង្គ្រាមដែលហាក់ដូចជាគ្មានទីបញ្ចប់នៅក្នុងប្រទេសអ៊ុយក្រែន ការឈឺចាប់ដ៏អាក្រក់ចាប់ពីប្រទេសស៊ូដង់រហូតដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងពីតំបន់ Sahel រហូតដល់ប្រទេសមីយ៉ាន់ម៉ា»។
លោកបានបន្ថែមថា៖ «ក្នុងពេលដែលកីឡាអូឡាំពិកចាប់ផ្តើម វាជាពេលដែលត្រូវរំឭកដល់ពិភពលោកអំពីសារៈសំខាន់នៃកិច្ចផ្អាកសង្គ្រាមដើម្បីកីឡាអូឡាំពិកនិងដើម្បីធ្វើឱ្យពិភពលោកយល់ថាយើងត្រូវតែបញ្ឈប់ស្នូរកាំភ្លើង»។
ក្នុងអំឡុងនៃការប្រកួតកីឡាអូឡាំពិកក្នុងប្រទេសក្រិកកាលពីបុរាណ សង្គ្រាមទាំងអស់ត្រូវបានបញ្ឈប់ក្នុងអំឡុងពេលនៃការប្រកួតកីឡានេះដើម្បីអនុញ្ញាតឱ្យការប្រកួតដំណើរការទៅមុខ។
កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រហើយនឹងបញ្ចប់ទៅនៅថ្ងៃទី ១១ ខែសីហាខាងមុខ ដោយមានវត្តមានចូលរួមពីអត្តពលិកជាង ១០.៥០០ នាក់មកពីប្រទេសនិងដែនដីចំនួន ២០៦៕