ការ​ជ្រើសរើស​​នាយក​ក្រុមហ៊ុន​ប្រេង​សម្រាប់​តំណែង​​រដ្ឋមន្ត្រីការបរទេស​រងការរិះគន់​ពីគណបក្ស​សាធារណរដ្ឋ

លោកRex Tillerson​នាយកប្រតិបត្តិ​ក្រុមហ៊ុនExxonMobil ជា​បេក្ខជន​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ការបរទេស។​

នៅថ្ងៃអង្គារនេះ លោក​ប្រធានាធិបតីជាប់ឆ្នោតដូណាល់ត្រាំបានជ្រើសរើស​លោកRex Tillerson​នាយកប្រតិបត្តិ​ក្រុមហ៊ុនExxonMobil ជា​បេក្ខជន​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ការបរទេស។​

លោក Tillerson មានទំនាក់ទំនងស្និទ្ធ​ស្នាលជាមួយ​នឹង​ប្រធានាធិបតីរុស្ស៊ី ​ហើយ​លោក​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ចំនួន​៤១ឆ្នាំមកហើយ។​

លោកត្រាំ​និយាយ​ថា ចំណេះដឹងរបស់លោកTillerson​ ក្នុងការគ្រប់គ្រង​ក្រុមហ៊ុនលំដាប់ពិភពលោក​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ដឹកនាំ​ក្រសួងការបរទេស​ឱ្យ​ទទួលបាន​ជោគជ័យ។​

លោកត្រាំ​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ការងារទទួលបន្ទុក​ផ្ទេរ​តំណែង​ថា៖

«ការកាន់កាប់​តំណែង បទពិសោធន៍​ទូលំទូលាយ និងការយល់ដឹង​ស៊ីជម្រៅ​ពី​ភូមិសាស្រ្ត​នយោបាយ​របស់​គាត់​បាន​ធ្វើ​ឱ្យ​គាត់ក្លាយជាជម្រើស​ដ៏ល្អបំផុត​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ការបរទេស។ លោក​នឹង​ជំរុញ​ស្ថិរភាព​ក្នុង​តំបន់​ ហើយ​ផ្តោត​លើ​ផលប្រយោជន៍​សន្តិសុខ​ជាតិរបស់​សហរដ្ឋ​អាមេរិក‍​ជា​ចម្បង»។​

គេ​បាន​គិត​ថា​ លោក​ត្រាំ​ប្រហែល​ជា​អាច​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​មនុស្ស​ផ្សេង​ដូចជា​ លោក​ Mitt Romney អតីត​អភិបាល​រដ្ឋ​ Massachusetts ដោយសារតែ​កម្រិត​គាំទ្រ​ក្នុង​ចំណោម​គណបក្ស​សាធារណរដ្ឋ​នៅ​ឯ​ព្រឹទ្ធសភា​ចំពោះ​លោក​ Tillerson ​មាន​លក្ខណៈរង្គោះរង្គើរ។​

លោក​ John McCain ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​យោធា​បាន​មាន​ប្រសាសន៍​កាលពីថ្ងៃ​អាទិត្យ​ថា​ទំនាក់ទំនង​របស់​លោក​ Tillerson ​ជាមួយ​នឹង​លោក​ Vladmir Putin ​ប្រធានាធិបតី​រុស្ស៊ី​គឺ​ជា​«ការព្រួយបារម្ភ​មួយ‍»៕