មន្ត្រី​អ៊ុយក្រែន​ថា កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​មក​វិញ​នូវ​ភូមិ​មួយ​ទៀត​​នៅ​តំបន់ Donetsk

ក្នុង​រូបថត​ពី​បណ្តាញ​សង្គម​នេះ ទាហាន​អ៊ុយក្រែន​ថត​រូប​ជាមួយ​ទង់ជាតិ​អ៊ុយក្រែន​នៅ​ក្នុង​ភូមិ​ Storozheve ដែល​ទើប​ត្រូវ​រំដោះ​បាន នៅ​តំបន់ Dontesk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣។

អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​អ្នកស្រី Hanna Maliar បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​គ្រប់គ្រង​មក​វិញ​នូវ​ភូមិ Storozhov នៅ​ក្នុង​តំបន់ Donetsk នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​វាយ​បក​ក្នុង​គោល​បំណង​ដណ្ដើម​មក​វិញ​នូវ​ទឹកដី​ដែល​រុស្ស៊ី​បាន​ដណ្ដើម​យក។

អ្នកស្រី Maliar បាន​អរគុណ​កងពល​តូច​ម៉ារីន​តាម Telegram ដោយ​បាន​និយាយ​ថា ទង់ជាតិ​អ៊ុយក្រែន​ត្រូវ​បាន​បង្ហូត​ឡើង​នៅ​ភូមិ Storozhov។ អ្នកស្រី​បាន​និយាយ​ថា ទិដ្ឋភាព​បែប​នេះ​នឹង​កើតឡើង​ទៀត​នៅ​តាម​គ្រប់​តំបន់​ទាំង​អស់​រហូត​ទាល់តែ​កងទ័ព​អ៊ុយក្រែន​រំដោះ​ទឹកដី​អ៊ុយក្រែន​បាន​ទាំង​អស់។

ដំណើរ​វិវឌ្ឍ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា​ កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​មក​វិញ​នូវ​ភូមិ​ចំនួន ៣ នៅ​ក្នុង​តំបន់ Donetsk ដែល​នោះ​គឺ​ភូមិ Blahodatne ភូមិ Neskuchne និង​ភូមិ Makarivka។

អគ្គសេនាធិការ​កងទ័ព​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​អំឡុង​ពេល​មួយ​ថ្ងៃ​កន្លង​ទៅ​នេះ​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​កើតឡើង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់ Donetsk ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នៅ​ក្នុង​ទីក្រុង Bakhmut ផង​ដែរ និង​នៅ​ក្នុង​តំបន់ Luhansk។

រី​ឯ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ឯណោះ​វិញ អង្គការ​អូតង់ (NATO) បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ដាក់​ពង្រាយ​កង​កម្លាំង​ជើង​អាកាស​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន​ដោយ​មាន​វត្តមាន​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ចំនួន ២៥០ គ្រឿង​មកពី​ប្រទេស​ចំនួន ២៥។

លោក​ឧត្ដមសេនីយ៍​ឯក Ingo Gerhartz បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា សមយុទ្ធ​នេះ​ត្រូវ​បាន​រៀបចំ​ផែនការ​តាំងពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ភ្ជាប់​យក​របស់​រុស្ស៊ី​នូវ​ឧបទ្វីប Crimea របស់​អ៊ុយក្រែន។

ដោយ​បាន​លើកឡើង​ថា​អង្គការ​អូតង់​គឺ​ជា​សម្ព័ន្ធភាព​ផ្នែក​ការពារ លោក Gerhartz បាន​បញ្ជាក់​ថា សមយុទ្ធ​នេះ​ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៣ ខែ​មិថុនា​នេះ​នឹង​មិន​មាន​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ណា​មួយ​ទៅ​កាន់​តំបន់​ទីក្រុង Kaliningrad របស់​រុស្ស៊ី​ដែល​នៅ​ជាប់​ព្រំដែន​នឹង​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​លីទុយអានី​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។