មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយចំនួនបាននិយាយថា លោកប្រធានាធិបតី Joe Biden កំពុងត្រៀមប្រកាសថា ការសម្លាប់រង្គាលជនជាតិអាមេនីក្នុងសម័យសង្គ្រាមលោកលើកទីមួយ ដោយចក្រភពអូតូម៉ង់ (Ottoman) ជាអំពើប្រល័យពូជសាសន៍។
មន្ត្រីទាំងនោះដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានជាច្រើនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីនិយាយអំពីប្រធានបទដ៏រសើបនេះ បានលើកឡើងថា ការប្រកាសទទួលស្គាល់នេះអាចត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ខាងមុខ ដែលជាទិវាប្រចាំឆ្នាំរំឭកដល់ជនរងគ្រោះទាំងនោះ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុន លោក Biden បានបញ្ជាក់ថា លោកនឹង «គាំទ្រឲ្យមានសេចក្តីសម្រេចមួយ ដែលទទួលស្គាល់អំពើប្រល័យពូជសាសន៍លើជនជាតិអាមេនី ហើយនឹងចាត់ទុកបញ្ហាសិទ្ធិមនុស្សនៅលើពិភពលោកជាអាទិភាពកំពូលមួយ» របស់លោក។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា៖ «ខ្ញុំរំពឹងថា យើងនឹងមានព័ត៌មានបន្ថែមអំពីទិវានៃការចងចាំនេះនៅថ្ងៃសៅរ៍ខាងមុខ»។
នៅក្នុងលិខិតរួមគ្នាមួយកាលពីថ្ងៃពុធ ក្រុមសមាជិករដ្ឋសភា ១០០ នាក់ នៃគណបក្សទាំងពីរ បានស្នើលោក Biden ឲ្យក្លាយជាប្រធានាធិបតីអាមេរិកដំបូងដែលទទួលស្គាល់ការសម្លាប់រង្គាលនេះថាជាអំពើប្រល័យពូជសាសន៍។
ក្រុមសមាជិករដ្ឋសភានេះបានសរសេរដូច្នេះថា៖ «ការរក្សាភាពស្ងៀមស្ងាត់ដ៏គួរឲ្យអាម៉ាស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការពិតជាប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍លើជនជាតិអាមេនី គឺមានជាយូរមកហើយ។ ការរក្សាភាពស្ងៀមស្ងាត់នេះត្រូវតែបញ្ចប់។ យើងសូមស្នើឲ្យលោកប្រធានាធិបតីអនុវត្តតាមការសន្យារបស់លោក និងនិយាយពីការពិតដែលបានកើតឡើងនោះ»។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយនៅសប្តាហ៍នេះថា ប្រសិនបើលោក Biden ប្រកាសទទួលស្គាល់នូវការសម្លាប់នេះថាជាអំពើប្រល័យពូជសាសន៍ នោះទំនាក់ទំនងរវាងតួកគីនិងសហរដ្ឋអាមេរិកនឹងប៉ះពាល់។
អ្នកប្រវត្តិសាស្ត្រមួយចំនួនលើកឡើងថា ពលរដ្ឋអាមេនីប្រមាណ ១ លាន ៥ សែននាក់ បានស្លាប់នៅក្រោមកណ្តាប់ដៃរបស់ចក្រភពអូតូម៉ង់នៅរវាងឆ្នាំ ១៩១៥ និងឆ្នាំ ១៩២៣។ ចក្រភពអូតូម៉ង់នេះគឺជាប្រទេសតួកគីក្នុងសម័យបច្ចុប្បន្ន៕