មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលជាតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាអះអាងថា ប្រមុខរដ្ឋស្តីទីអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបានក្នុងលក្ខខណ្ឌដែលព្រះមហាក្សត្រអវត្តមាន។
ការអះអាងរបស់មន្រ្តីជាន់ខ្ពស់ទាំងនោះ ធ្វើឡើងខណៈមានការលើកឡើងពីភាពមិនដាច់ស្រេចថា តើការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នត្រូវតែជាព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទីអាចប្រកាសជំនួសបាន។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដែលត្រូវបានរដ្ឋសភានិងព្រឹទ្ធសភាអនុម័តដោយមិនមានការកែប្រែកាលពីពេលថ្មីៗនេះចែងថា ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នត្រូវធ្វើឡើងក្នុងព្រះរាជក្រឹត្យ។ កន្លងទៅព្រះរាជក្រឹត្យក៏ត្រូវបានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោកសាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា។
មាត្រា២២នៃរដ្ឋធម្មនុញ្ញចែងថា ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នត្រូវធ្វើឡើងដោយព្រះមហាក្សត្រ អមជាមួយមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
លោក ឈាង វុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលបាត់ដំបងប្រាប់VOAនៅថ្ងៃអង្គារនេះថា យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ប្រមុខរដ្ឋស្តីទីជាអ្នកអនុវត្តការងារជំនួសព្រះមហាក្សត្រនៅពេលព្រះអង្គអវត្តមាន។ លោកបន្តថា សម្រាប់ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រជាអ្នកប្រកាសនោះ ប្រមុខរដ្ឋស្តីទីនឹងប្រកាសជំនួសបានក្នុងពេលដែលអវត្តមានព្រះមហាក្សត្រ។
«ព្រះមហាក្សត្រលោកជាប់កិច្ចការអីផ្សេងៗដែលមិនអាចធ្វើកិច្ចការហ្នឹងបាន ដូចជាលោកយាងទៅខាងក្រៅទៅអីហ្នឹង យើងតែងតាំងប្រមុខរដ្ឋស្តីទីមួយ ហើយប្រមុខរដ្ឋស្តីទីហ្នឹងលោកធ្វើការអីទាំងអស់ជំនួសព្រះមហាក្សត្រ»។
មាត្រា២៨ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ «ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេសក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រឹត្យខាងលើនេះទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ»។
ប៉ុន្តែរដ្ឋធម្មនុញ្ញមិនបានចែងលម្អិតអំពីអវត្តមានរបស់ព្រះមហាក្សត្រ ដោយសារកិច្ចការងារផ្សេងក្រៅពីប្រឈួននោះទេ។
ស្រដៀងគ្នានេះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យនិងជាសមាជិកព្រឹទ្ធសភា លើកឡើងដែរថា ប្រមុខរដ្ឋស្តីទីអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបាន នៅពេលដែលទទួលបានលិខិតផ្ទេរសិទ្ធិពីព្រះមហាក្សត្រ។
«ក្នុងរដ្ឋធម្មនុញ្ញ គឺការតាក់តែងច្បាប់ក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក្នុងច្បាប់ក៏ដោយ គឺគេមិនអាចឲ្យចាំតែព្រះមហាក្សត្រមួយអង្គឯងអ៊ីចឹងទេ ពីព្រោះថា ព្រះអង្គលោកស្តេចយាងទៅណា ឬក៏លោកមានប្រឈួនឬក៏លោកយាងទៅទស្សនកិច្ចនៅប្រទេសក្រៅអី គឺលោកនឹងធ្វើលិខិតប្រទានសិទ្ធិឲ្យប្រមុខរដ្ឋស្តីទីហ្នឹងចុះហត្ថលេខា គឺមិនឲ្យប្រទេសជាតិហ្នឹងស្ថិតនៅរង់ចាំអ៊ីចឹងទេ»។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថា មានតែព្រះមហាក្សត្រទេ ដែលអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
ក្នុងសន្និសីទមួយនៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមេសា លោក ហ៊ុន សែនថ្លែងថា ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នឹងត្រូវធ្វើឡើងដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យ។ លោកទុកឲ្យក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកបកស្រាយលើករណីនេះ។
«គេចែងថានៅពេលដែលប្រទេសជាតិជួបគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ជូនដំណឹងជាសាធារណៈអំពីការដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្រ្តី ពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា។ បើដូច្នោះប្រធានព្រឹទ្ធសភាដែលជាប្រមុខរដ្ឋស្តីទីនេះគឺមិនមានសិទ្ធិដើម្បីនឹងប្រកាសទេ។ នេះតាមការយល់»។
កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាច្បាប់ស្តីអំពីការដាក់ប្រទេសក្នុងភាពអាសន្ន ស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ យ៉ាងណាក្តី ក្រុមប្រឹក្សាធម្មនុញ្ញមិនបានបញ្ជាក់ថា ក្នុងករណីដែលព្រះមហាក្សត្រអវត្តមាន តើប្រមុខរដ្ឋស្តីទីអាចប្រកាសជំនួសបាន ឬយ៉ាងណានោះទេ។
លោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញប្រាប់VOAនៅថ្ងៃអង្គារនេះថា ច្បាប់នេះស្របតាមរដ្ឋធម្មនុញ្ញទាំងស្រុង។ លោកបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជូនច្បាប់នេះទៅរដ្ឋសភាវិញ កាលពីថ្ងៃច័ន្ទដដែលនោះ។ លោកមិនអាចបញ្ជាក់ថា តើមានតែព្រះមហាក្សត្រដែលអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបាន ឬប្រមុខរដ្ឋស្តីទីអាចប្រកាសជំនួសបាននោះទេ។ លោកបន្ថែមថា ការបកស្រាយចំណុចណាមួយនៃច្បាប់ ឬរដ្ឋធម្មនុញ្ញត្រូវតែមានការស្នើពីស្ថាប័នព្រះមហាក្សត្រ ស្ថាប័នរដ្ឋសភា ឬព្រឹទ្ធសភា។
«ទាល់តែមានការស្នើសុំបានក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ។អ៊ីចឹងអ្វីដែលស្នើសុំប៉ុណ្ណា គឺក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យប៉ុណ្ណឹង។ អ៊ីចឹងពាក់ព័ន្ធជាមួយច្បាប់នេះគឺស្នើសុំឲ្យមានការពិនិត្យធម្មនុញ្ញភាព មិនមែនការបកស្រាយទេ»។
លោក សុក សំអឿន ជាមេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្សលើកឡើងថា ដោយសារមានការយល់ឃើញខុសគ្នា ក្រុមប្រឹក្សាធម្មនុញ្ញ គួរតែបកស្រាយឲ្យច្បាស់លើចំណុចនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាប្រាប់VOA ថា រដ្ឋសភាទើបតែបញ្ជូនច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នទៅទីស្តីការគណៈរដ្ឋមន្រ្តីវិញដើម្បីបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហត្តលេខាឬប្រមុខរដ្ឋស្តីទីចុះហត្ថលេខាប្រកាសឲ្យប្រើ។
បើតាមច្បាប់នេះ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ រួមមានគ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
ច្បាប់នេះរងការរិះគន់ថា នឹងត្បិតត្បៀតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសឯកជនភាព៕