ពួក​មន្រ្តី​និយាយថា ​ទាហាន​អាហ្វហ្គានីស្ថាន​បាន​បាញ់​សម្លាប់​ទាហាន​អាមេរិក​២​នាក់

រូបឯកសារ៖ ទាហាន​អាមេរិក​និង​កង​កុម្ម៉ង់ដូ​អាហ្វហ្គានីស្ថាន​ ស្ថិត​នៅ​ជិត​កន្លែង​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ស្រុក Achin នៅ​ខាង​កើត​ទីក្រុង​កាប៊ុល។

អាជ្ញាធរ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា សមាជិក​ម្នាក់​របស់​កងកម្លាំង​ពិសេស​អាហ្វហ្គានីស្ថាន ​បាន​បង្វែ​ចុង​កាំភ្លើង​ដាក់​បុគ្គលិក​យោធា​សហរដ្ឋ​អាមេរិក​ដោយ​បាន​សម្លាប់​ទាហាន​អាមេរិកាំង​២​នាក់និង​ធ្វើ​ឲ្យ​២​នាក់​ទៀត​រង​របួស។

ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ក្នុង​ស្រុក ​Achin​ ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​ខេត្ត​ Nangarhar​ ហើយ​ជន​ដៃ​ដល់​នោះ​បាន​ត្រូវ​ទាហាន​អាមេរិកាំង​បាញ់​សម្លាប់​ភ្លាមៗ​ នេះ​បើ​តាម​លោក​ Attaullah Khogyani អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថ្នាក់​ខេត្ត​ដែល​បាន​ប្រាប់ VOA។

អ្នក​នាំពាក្យ​យោធា​អាមេរិកាំង​ដែល​ VOA​ បាន​ទាក់​ទង​បាន​និយាយ​ថា ពួក​មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​«បាន​ដឹង​ពីឧបទ្ទវហេតុ​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ​ដែរ។ ​យើង​នឹង​ចេញ​ផ្សាយ​ព័ត៌មាន​បន្ថែម​ទៀត​នៅ​ពេល​សមរម្យ‍»។

អ្នកនាំ​ពាក្យ​ក្រុម​តាលីបាន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ភ្លាមៗ​ចំពោះ​ការ​វាយ​ប្រហារគ្នា​ឯង​នេះ។ ​អ្នកនាំ​ពាក្យ​តាលីបាន​នោះ​បាន​និយាយ​ថា អ្នក​បាញ់​ប្រហារ​នោះ​ជា​សមាជិក​របស់​ខ្លួន​ហើយ​បាន​ជ្រៀត​ចូល​ក្នុង​កងទ័ព​អាហ្វហ្គានីស្ថាន​ដើម្បី​ធ្វើការ​វាយ​ប្រហារ​បែប​នេះ។

កង​កុម្ម៉ង់ដូ​ពិសេស​សហរដ្ឋ​អាមេរិក​និង​អាហ្វហ្គានីស្ថាន​កំពុង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុមរដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​ភ្នំ​នៃ​ស្រុក ​Achin ​ដែល​នៅ​ទី​នោះ​ពួក​អ្នក​ស្មោះ​ត្រង់​ជា​មួយ​ក្រុម​ភេរវកម្ម​ដែល​មាន​ទីតាំងនៅ​ក្នុង​ប្រទេស​ស៊ិរី​បាន​បង្កើត​ទីតាំង​នៅ​ទី​នោះ។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់នៅ​ឯស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​កាប៊ុល​ក៏​បាន​បញ្ជាក់​ពីការ​សម្លាប់​កង​កុម្ម៉ង់ដូ​ពិសេស​សហរដ្ឋ​អាមេរិក​២នាក់ ​ហើយ​និង​២​នាក់​ទៀត​រងរបួសនៅ​ក្នុង​ខេត្ត ​Nangarhar ​នោះ​ដែរ៕