អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar និយាយនៅថ្ងៃចន្ទនេះថា កង កម្លាំងអ៊ុយក្រែន ដណ្តើមបានភូមិចំនួន ៨ កន្លែងមកវិញ ក្នុងការវាយបកប្រឆាំងនឹងទាហានរុស្ស៊ី ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ ដែលក្នុងនោះក៏រួមមានភូមិ Piatykhatky ក្នុងតំបន់ Zaporizhzhia ផងដែរ។
ចាប់តាំងពីការចាប់ផ្តើមនៃការវាយបករបស់កងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដើម្បីគ្រប់គ្រងឡើងវិញនូវតំបន់មួយចំនួន ដែលរុស្ស៊ីកំពុងកាន់កាប់នោះ លោកស្រី Maliar និយាយថា កងកម្លាំងអ៊ុយក្រែន រំដោះបានទឹកដីប្រមាណ ១១៣ គីឡូម៉ែត្រក្រឡារួចមកហើយ។
ក្រុមមន្ត្រីរុស្ស៊ីនិយាយនៅថ្ងៃចន្ទនេះថា ការបាញ់ផ្លោងដាក់តំបន់ Belgorod របស់រុស្ស៊ី ដែលស្ថិតនៅជិតព្រំដែនជាមួយអ៊ុយក្រែននោះ បានធ្វើឱ្យរបួសជនស៊ីវិល៧នាក់។
អភិបាលតំបន់ Belgorod របស់រុស្ស៊ី លោក Vyacheslav Gladkov បានបង្ហោះសារលើតេឡេក្រាមថា ការវាយប្រហារនោះ បានត្រូវចំអគារលំនៅដ្ឋានជាច្រើន។
ចំណែកមន្ត្រីរុស្ស៊ីម្នាក់ទៀតនិយាយថា ការបាញ់ផ្លោង បានធ្លាក់ចំភូមិចំនួន២នៅក្នុងតំបន់ Kursk របស់រុស្ស៊ីផងដែរ។
ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយនៅក្នុងរបាយការណ៍វាយតម្លៃចុងក្រោយរបស់ខ្លួននៅថ្ងៃចន្ទនេះផងដែរថា រុស្ស៊ីទំនងជាបានដាក់ពង្រាយទាហានរបស់ខ្លួនចំនួនរាប់ពាន់នាក់ ពីតំបន់ត្រើយខាងកើតនៃទន្លេ Dnipro ដើម្បីពង្រឹងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ Bakhmut និងតំបន់ Zaporizhzhia។ ក្រសួងការពារជាតិអង់គ្លេសនិយាយថា ការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននោះទំនងជាបង្ហាញពីការយល់ឃើញរបស់ខ្លួនថា ការវាយប្រហារដ៏ខ្លាំងរបស់អ៊ុយក្រែនឆ្លងកាត់ទន្លេ Dnipro ប្រហែលជាមិនអាចទៅរួចទេ ក្រោយពីមានការបាក់ទំនប់ទឹក Kakhovka ដែលធ្វើឱ្យមានទឹកជំនន់។
អង្គការសហប្រជាជាតិនិយាយនៅថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងមូស្គូបានបដិសេធសំណើរបស់ខ្លួនក្នុងការជួយដល់អ្នកភូមិក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់នៅភាគខាងត្បូងអ៊ុយក្រែន ដែលរងការប៉ះពាល់ដោយសារការបាក់ទំនប់ទឹក Kakhovka ហើយប្តេជ្ញាថា នឹងបន្តរកវិធីដើម្បីរកច្រកចូលទៅកាន់តំបន់នោះ។
រហូតមកដល់ពេលនេះ មានមនុស្សជាច្រើននាក់បានស្លាប់ ហើយមនុស្សចំនួនជាង ៣១ ទៀត កំពុងបាត់ខ្លួននៅឡើយ ដោយសារទឹកជំនន់ ដែលបង្កឡើងដោយការបំផ្លាញទំបន់ទឹកដ៏ធំនេះ។ នេះបើតាមការលើកឡើងរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters