អាជ្ញាធរ​ខេត្ត​កំពត៖​ ទឹក​ជំនន់​មិន​បណ្តាល​មក​ពី​ទំនប់​វារីអគ្គិសនី​ទេ

ទឹក​ជំនន់​នៅ​បណ្តោយ​ព្រែក​កំពង់​បាយ​ ក្នុង​ទី​រួម​ខេត្ត​​ខេត្ត​កំពត​ ដោយ​សារ​ការបើក​ទ្វារ​ទំនប់​អគ្គីសនី​កំចាយ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (រូប​ថត​ដែល​ផ្តល់​ដោយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត)

អាជ្ញាធរ​ខេត្ត​កំពត​អះ​អាង​ថា ការ​លិច​លង់​ទឹក​ជំនន់​ក្នុង​ខេត្ត​នេះ​គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​បើ​ទ្វារ​​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​កំចាយ ដូច​អ្នក​ជំនាញ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​អះអាង​នោះ​ទេ។

អាជ្ញាធរ​ខេត្ត​កំពត​អះ​អាង​ថា ការ​លិច​លង់​ទឹក​ជំនន់​ក្នុង​ខេត្ត​នេះ​គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​បើ​ទ្វារទឹក​នៃ​ទំនប់​វារី​អគ្គិសនី​កំចាយ ដូច​អ្នក​ជំនាញ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​អះអាង​នោះ​ទេ។​

រូប​ភាព​នៃ​ទឹក​ជំនន់​ក្នុង​ខេត្ត​កំពត ​និង​ការ​បើក​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​កំចាយ​ត្រូវ​បាន​ចែក​ចាយ​ពេញ​ទំព័រ​ហេ្វសប៊ុក ចា​ប់​តាំង​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ យ៉ាង​ហោច​ណាស់​មាន​ឃុំ​ចំនួន​បី​ក្នុង​ខេត្ត​កំពត​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​យ៉ាង​គំហុក​នេះ។​ ឃុំ​ទាំង​បី​នោះ​រួម​មាន​ឃុំ​ម៉ាក់​ប្រាង្គ​ ឃុំ​កំពង់​ក្រែង​ និង​ឃុំ​ព្រៃឃ្មុំ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំនប់​វារី​អគ្គិសនី​កំចាយ​របស់​ក្រុម​ហ៊ុន​ចិន​ស៊ីណូហ៊ីដ្រូ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​លោក​ ខូយ ឃុនហួរ​ អភិបាល​ខេត្ត​កំពត​ បាន​បដិសេធ​ការ​អះ​អាង​ទាំង​ទ្បាយ​ណា​ដែល​ថា ​ការ​លិច​ទឹក​ជំនន់​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បើក​ទ្វារ​ទំនប់វារី​អគ្គិសនី​នោះ។ លោក​បាន​ថ្លែង​ការ​ពារ​ក្រុម​ហ៊ុន​ចិន​ស៊ីណូហ៊ីដ្រូ ដោយ​លើក​ឡើង​ថា ការ​បិទ ​និង​បើក​ទំនប់​ដោយ​ក្រុម​ហ៊ុន​គ្រប់​គ្រង​វារី​អគ្គិសនី​កំចាយ​នោះ​គឺ​គោរព​តាម​ស្តង់ដារ​ក្រឹត្យ​ក្រម​ត្រឹម​ត្រូវ។​

«ការ​ដែល​លើក​ឡើង​ហ្នឹង​គឺ ​វា​អត់​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត​ទេ ​ហើយ​ការ​បិទ​បើក​មិន​មែន​ការ​បិទ​បើក​ភ្លឺស្រែ​ទេ ​គឺ​ការ​បិទ​បើក​ទំនប់»។​

លោក​បន្ថែម​ទៀត​ថា៖​

«ការ​ដែល​បើក ​ឬ​មិន​បើក ​តិច​ឬ​ច្រើន វា​អាស្រ័យ​ទៅលើ​ទឹក។​ សូម្បី​នៅ​ប្រទេស​រីក​ចម្រើន​ក៏​ដូចគ្នា​ដែរ។ អានេះ​វា​មិន​មែន​ជា​រឿង​ធ្លាក់ភ្លៀង​ធម្មតា​ទេ។ ​វា​ជា​ភ្លៀង​ដែល​មក​ពីព្យុះ។ កាល​ណា​វា​ច្រើន​ យើង​ត្រូវ​បើក​ឲ្យ​ច្រើន​ ហើយ​កាល​ណា​ទឹក​តិច​ គេ​បើក​ឲ្យ​តិច​វិញ។ វា​ជា​ក្រឹត្យ​ក្រម​របស់​វា»។​

លោក​អភិបាល​ខេត្ត​ក៏​បាន​បញ្ជាក់​ដែរ​ថា​ មិន​មាន​ផល​ប៉ះ​ពាល់​ជា​ដុំ​កំ​ភួន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពត​ទេ។ ​លោក​ប្រាប់ថា មាន​តែ​ការ​ខូច​ខាត​ផ្ទះ​សម្បែង​ផ្ទះ​តូចតាច និង​ប៉ះ​ពាល់​ដំបូល​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

ទំនប់​វារី​អគ្គិសនី​កំចាយ ដែល​អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​១៩៣​មេហ្កាវ៉ាត់​ ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ចាប់​តាំងពី​ឆ្នាំ​២០១១​មក ក្រោម​គម្រោង​សាង​សង់​ និង​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​ស៊ីណូហ៊ីដ្រូ។​ គម្រោង​នេះ​រងការ​រិះ​គន់​យ៉ាង​ច្រើន​ពី​អ្នក​ការពារ​បរិស្ថាន ​និង​អ្នក​ជំនាញ​ថាម​ពល​អំពី​ផល​ប៉ះ​ពាល់​លើ​បរិស្ថាន ​និង​លើ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ។​

លោក​ តឹក​ វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ យល់​ថា​ កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ការ​លិច​ទីក្រុង​កំពត​នោះ​គឺ មិន​មាន​អ្វី​ក្រៅពី​ការ​បើក​ទ្វារ​ទំនប់វារី​អគ្គិសនី​ផ្ទួនៗ​នោះ​ទេ ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។​

«អាហ្នឹង​វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​គ្រប់គ្រង់​ទំនប់ រឿង​ប្រព័ន្ធ​បង្ហៀរ​ទឹក យន្តការ​ក្នុង​ការ​កាត់​បន្ថយ​ទាក់​ទង​នឹង​ផល​ប៉ះពាល់។​ គាត់​(ក្រុម​ហ៊ុន​)បាន​ធ្វើការ​ប៉ាន់​ស្មាន​ទេ? ​ថា​តើនៅ​ពេល​ដែល​គាត់​ធ្វើ​សំណង់​សាង​សង់​ហើយ​ ពេល​ដែល​ភ្លៀង​ចូល​ខ្លាំង​មក​ ថា​ តើ​គាត់​មាន​ជម្រើស​ផ្សេងៗ​ក្នុង​ការ​បង្ហៀរ​ទឹក​ចេញ​ពី​អាង​ស្តុក​ទឹក​ហ្នឹង​ កុំ​ឲ្យ​ទឹក​បើកតាម​តែ​ទ្វារ​ទំនប់​ទឹក​តែ​មួយ​មុខ ​ក្នុង​ការ​ធានា​ថា​ កុំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​នៅ​ពេល​ដែល​ភ្លៀង​ខ្លាំង ទឹក​បង្ហូរ​ខ្លាំង​មក​ វា​ប៉ះពាល់​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​ភាគ​ខាង​ក្រោម​នៃ​ទំនប់​ហ្នឹង?»។​

លោក​ តឹក​ វណ្ណារ៉ា​ យល់​ថា ​ទំនប់​ត្រូវ​បាន​គេ​សាង​សង់​ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​ទឹក និង​កាត់​បន្ថយ​ទឹក​ជំនន់ ​ដែល​បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង។ ហេតុ​ដូច​នេះ ​វា​ត្រូវ​តែ​មាន​ការ​គ្រប់គ្រង​ប្រព័ន្ធ​បង្ហៀរ​ទឹក​ឲ្យ​ត្រឹម​ត្រូវ។ លោក​បន្ថែម​ទៀត​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធបញ្ហានេះ​នឹង​ធ្វើ​សំណើ​ទៅក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​កំចាយ សុំ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​គិតគូរ​អំពី​បញ្ហា​នេះ​ឡើង​វិញ។​

«យើង​ឲ្យ​ក្រុម​ហ៊ុន​ពិនិត្យ​មើល​ឡើង​វិញ​ទាក់ទង​នឹង​ផល​ប៉ះពាល់​លើ​ប្រជា​ពលរដ្ឋ ​ដែល​គាត់​រស់នៅ​ភាគ​ខាង​ក្រោម​ហ្នឹង ​ហើយ​នឹង​ភាព​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ ​ដែល​ក្រុម​ហ៊ុន​ចូល​រួម​ចំណែក​ទាក់ទង​ទៅ​លើ​ផល​ប៉ះ​ពាល់​របស់​គាត់។​ ហើយ​ទី២​ ថា​តើ​សម្រាប់​ថ្ងៃក្រោយ ​ពេល​បន្ទាប់ទៀត​ មាន​ជម្រើស​អ្វីខ្លះ​ក្នុង​ការ​បង្ហៀរ​ទឹក​ចេញ​ដើម្បីកុំ​ឲ្យ​ប៉ះពាល់​ប្រជាជន​ផ្នែក​ខាង​ក្រោម។​ ហើយ​ទី៣​ ថា​តើ​មាន​ជូន​ដំណឹង​ជា​មុន​ទេ ឲ្យ​ប្រជាជន​រស់នៅ​ភាគ​ខាង​ក្រោម​ហ្នឹង​ ដឹង​ពី​ការ​បើក​ទឹក​យ៉ាង​គំហុក​ចេញ​ពី​អាង​ស្តុក​ទុក​ទំនប់​ហ្នឹង​ ដើម្បី​ឲ្យ​គាត់​ត្រៀម​ខ្លួន​ជា​មុន»។​

គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រកែក​មិន​ផ្តល់​អត្ថាធិប្បាយ​ដល់ VOA ​ស្តី​ពី​ផលប៉ះ​ពាល់​នៃ​ទឹក​ជំនន់​ដ៏​គំហុក​នោះទេ​ ​តែ​លោក ​ចាន់​ យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​ ​និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា​ ស្ថាន​ភាព​អាកាស​ធាតុ និង​ទឹក​ជំនន់​បាន​ធូរ​ស្រាល​ខ្លះ​វិញ​ហើយ៕