សមាជិករដ្ឋសភាអាមេរិកមួយក្រុមកាលពីថ្ងៃអង្គារម្សិលមិញបានដាក់ចេញសេចក្តីសម្រេច ចិត្តមួយចំថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោកដោយបានដាក់ឈ្មោះប្រទេសមួយចំនួន ដែលក្នុងនោះ ក៏មានប្រទេសចិន រុស្ស៊ី និងប្រទេសបេឡារុសផងដែរថាជាប្រទេសដែលបានគាបសង្គត់និងធ្វើបាបអ្នកសារព័ត៌មានដ៏ខ្លាំងនោះ។
ចិនជាប្រទេសដែលមានបរិយាកាសព័ត៌មានដ៏អាក្រក់ក្នុងពិភពលោកដោយបានធ្វើការគាបសង្កត់លើការថ្លែងសារខាងនយោបាយទាំងក្នុងនិងក្រៅប្រទេស។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីសម្រេចនោះដែលបានស្រង់ខ្លឹមសារនៃការរកឃើញរបស់គណៈកម្មាធិការការ ពារអ្នកកាសែតឆ្នាំពី២០២១។
ពលរដ្ឋអាមេរិកាំងមួយរូបដែលមានដើមកំណើតជាជនជាតិអ៊ុយហ្គ័រលោក Bahram Sintash បាននិយាយថា ឪពុករបស់លោកជាអ្នកកាសែតមួយរូបក្នុងចំណោមអ្នកកាសែតជាច្រើននាក់ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសចិន។
លោក Sintash ដែលកំពុងរស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកបានថ្លែងប្រាប់វីអូអេថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវការពារក្រុមអ្នកកាសែតជនជាតិអ៊ុយហ្គ័រជាច្រើននាក់ដូចជាឪពុកខ្ញុំជាដើមដែលកំពុងត្រូវបានឃុំខ្លួននិងចាប់ដាក់ពន្ធនាគារតាមទំនើងចិត្តដោយអាជ្ញាធរចិន។
លោក Sintash មិនអាចទាក់ទងជាមួយឪពុករបស់លោកបានទេ។ ឪពុករបស់លោកឈ្មោះ Qurban Mamut ដែលធ្លាប់ធ្វើជានិពន្ធនាយកអស់រយៈពេលជាង៤ឆ្នាំនៃព្រឹត្តិប័ត្រព័ត៌មាន Xinjiang Civilization ដែលគ្រប់គ្រងដោយចិន។
បើយោងទៅលើរបាយការណ៍របស់គណៈកម្មាធិការការពារអ្នកកាសែត CPJ ក្នុងឆ្នាំ២០២១ ដែលបានចេញផ្សាយកាលពីខែធ្នូកន្លងទៅ បានឲ្យដឹងថា មានអ្នកកាសែតប្រមាណ៥០នាក់ កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសចិនហើយអ្នកកាសែតចំនួន២២នាក់ក្នុងចំណោម៥០នាក់នេះជាជនជាតិអ៊ុយហ្គ័រមកពីតំបន់ Xinjiang របស់ចិនឬស្មើនឹង៤៤ភាគរយ។ នៅជុំវិញពិភព លោកមានអ្នកកាសែតប្រមាណ២៩៣នាក់ បានជាប់ពន្ធនាគារក្នុងឆ្នាំ២០២១ដែលក្នុងនោះ៧,៥ភាគរយជាជនជាតិអ៊ុយហ្គ័រ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកសកម្មភាពរបស់ចិនលើជនជាតិអ៊ុយហ្គ័រថាជាអំពើប្រល័យពូជសាសន៍កាលពីខែមករា ឆ្នាំ២០២១។
ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងបានហៅការចោទប្រកាន់របស់អាមេរិកនោះថាជាការភូតកុហកហើយបាននិយាយថាប្រជាពលរដ្ឋមូលដ្ឋានកំពុងរស់នៅដោយសុវត្ថិភាពនិងសុខដុមរមនានៅក្នុងតំបន់ Xinjiang នៃប្រទេសចិន៕