អ្នក​តាមដាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​វិធានការ​តឹងរ៉ឹង​បង្រ្កាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

រូបភាពដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញជនជាតិ​វៀតណាម​មួយក្រុម​ត្រូវ​បាន​បណ្តេញ​ចេញពី​​ខេត្ត​ព្រះសីហនុ​ តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​ព្រែក​ចាក​ ក្រោយ​ពួក​គេ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ (Facebook/General Department of Immigration)

អ្នក​តាម​ដាន​មួយ​ចំនួន​ ជំរុញ​ឱ្យ​មន្ត្រី​ផ្លូវការ​រដ្ឋាភិបាលទាំង​នៅ​ថ្នាក់​ជាតិ​ និងនៅ​មូលដ្ឋាន​ពង្រឹង​វិធាន​ការ​អនុវត្តច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បន្ថែមទៀត ក្នុង​ការស្វែង​រក​ជនស្ថិត​នៅ​ពី​ក្រោយ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ ខណៈ​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​ ២៣១ នាក់​ត្រូវ​បាន​បណ្តេញ​ចេញពីខេត្ត​ព្រះសីហនុ​ តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​ព្រែក​ចាក​ ក្រោយ​ពួក​គេ​ត្រូវ​បាន​មន្ត្រី​អន្តោ​ប្រវេសន៍​កម្ពុជារក​ឃើញ​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។

ប្រតិបត្តិការ​បង្ក្រាប​អំពើ​ឆបោក​តាមអនឡាញដែល​នាំ​ដល់​ការបណ្តេញ​ចេញ​ពលរដ្ឋ​វៀតណាម​នោះ​ ធ្វើ​ឡើង​ចំនួន​៣​លើក​គឺចាប់ពី​ថ្ងៃ​ទី ១២ និង ​២៧ ខែ​មីនា ហើយ​ចុងក្រោយ​គឺនៅថ្ងៃទី ​៥ ខែមេសា ឆ្នាំ​ ២០២៤​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ នៅ​ចំណុច​ថ្មយក្ស ​ស្ថិត​នៅ​ក្រុម​១១ ភូមិ​២ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

មុន​ការ​បណ្តេញ​ចេញ​ ពលរដ្ឋ​វៀត​ណាម​ទាំង ​២៣១ ​នាក់​ ដែល​ក្នុង​នោះ​មានស្ត្រី ​៥១ នាក់​នោះ​ បាន​ស្នាក់​នៅ​ក្នុងទីតាំង​ផ្សេងៗគ្នា​ក្នុង​ខេត្ត​ព្រះសីហនុ​ គឺ​នៅ​ចំណុច​អតីត​កាសីណូ ភែរី​ដល​ អាយលែន​ សណ្ឋាគារ​ធាន អី ហ៊ូ អ៊ីន​ធើ​ណេ​មិន​ ឯ.ក និង​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ​។ នេះបើតាម​សេច​ក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

អ្នក​សម្រប​សម្រួល​ខាង​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ អ្នកស្រី​ ជាប សុធារី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេស​កម្ពុជា​។

អ្នក​ស្រីបន្ថែមថា ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​ចំពោះ​ប្រទេស​ជាតិ​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពង្រឹង​វិធាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ និង​ដាក់​ទោស​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើសឱ្យ​បាន​ធ្ងន់ធ្ងរ​ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ករណី​នេះ​បន្ត​កើត​ឡើង​ទៀត​។

អ្នក​ស្រីថ្លែងថា៖ «យើង​ក៏​ចង់​ដឹង​ដែរ! យើង​មិន​ចង់​ដឹង​តែ​រឿង​ការ​ដែល​ជួយ​រំដោះ​ជន​រង​គ្រោះ​ចេញ​មក​ទេ ហើយ​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​គាត់​ទេ។ យើង​ក៏​ចង់​ដឹង​លទ្ធផល​ដែល​ការ​ចុះ​ប្រតិបត្តិ​ការ​ចុះ​បង្រ្កាប​បទ​ល្មើស​ហ្នឹង​ តើ​ជន​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់​ អ្នក​ណា​ខ្លះ​ គាត់​ត្រូវ​បាន​ទទួល​ទោស​តាម​ច្បាប់​កម្ពុជា​ដែរ​ឬក៏​អត់​? យើង​ចង់​ឱ្យ​ប្រទេស​យើង​ស្តារ​មុខ​មាត់​ឡើង​វិញ​តាម​រយៈ​ការ​ចុះ​អនុវត្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ហ្នឹង​ដាក់​ទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន»។

ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែងទប់ស្កាត់​មិន​ឱ្យ​មាន​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ អាជ្ញាធរ​កម្ពុជា​ធ្លាប់​បាន​ចុះ​បង្រ្កាប​ករណី​ឆបោក​ទៅ​តាម​ទីតាំង និង​អគារ​ដែល​ជួល នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​តាម​តំបន់​ព្រំដែន​មួយ​ចំនួន។ នគរបាល​កម្ពុជា​ក៏​បើក​ឱ្យ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ហើយ​ការ​ដាក់​ពាក្យ​បណ្តឹង​នោះ​ធ្វើ​ទៅ​តាម​បណ្តាញ​អ៊ីនធឺណិត​។

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​លោក ​យង់ គិមអេង​ យល់​ថា​ ការ​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ទាំង​អស់​នោះ​គឺ​ជា​វិធានការ​ចាំបាច់​ ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​ និង​អាជ្ញាធរ​ក៏​ត្រូវ​តែ​ ស្វែង​រក​មន្រ្តី​ខិល​ខូច​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ​ផង​ដែរ​ ទើប​ធ្វើឱ្យ​ការ​បង្រ្កាប​នោះ​កាន់​តែ​មាន​ប្រសិទ្ធិភាព​។

លោក​ថ្លែងថា​៖ «ចង់​ឱ្យ​បាន​ស្អាត​ទល់​តែ​ រក​មន្រ្តី​ណា​ដែល​ពាក់ព័ន្ធ មន្រ្តី​ណា​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ ដែល​អាច​ចូល​ដៃ​ចូល​ជើង​ជា​មួយ​នឹង​ពួក​ក្រុម​ឆបោក​តាម​អនឡាញ​ ឬ​ក៏​ជួយ​ការពារ​ជួយ​សម្រួល​អី​ហ្នឹង​ គួរ​តែ​ចាត់​វិធានការ​ស្រប​គ្នា​ផង​ដែរ​បាទ! ​មិន​មែនយើង​ចាត់​វិធានការ​តែ​ពួក​ក្រុម​ជនជាតិ​បរទេស​ទាំង​អស់​ហ្នឹង​ទេ​បាទ​»។

បើតាម​លោក ​យង់ គិម​អេង​ បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​គឺ​ជា​ រឿង​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​វា​បង្ក​ជា​ការ​លំបាក​ច្រើន​មក​លើ​ប្រទេស​កម្ពុជា​ បើ​សិន​ជារឿង​នេះនៅ​តែ​បន្ត​កើត​មាន​។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ស រដ្ឋា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ឧក្រិដ្ឋកម្មឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ មិនមែន​កើត​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​តែ​មួយទេ ពោល​គឺ​វា​បាន​កើត​មាន​ឡើង​ស៊ឹង​តែ​នៅ​គ្រប់​ប្រទេស​ទាំង​អស់។

ជុំវិញ​កា​របណ្តេញ​ចេញ​ពលរដ្ឋ​វៀតណាម​ចេញ​ពីកម្ពុជា​នាពេល​ថ្មីៗ​នេះ​ ​លោក​ថា ជនជាតិ​វៀត​ណាមទាំងនោះ​ មានខ្លះ​ជា​ជន​រង​គ្រោះ​ ហើយ​ខ្លះ​ទៀត​គឺ​ជា​ ជន​ប្រព្រឹត្តបទ​ល្មើស​ ហើយ​លោក​ថា​ សមត្ថកិច្ច​នឹង​បន្ត​ស្រាវ​ជ្រាវ​ទីតាំងផ្សេងៗ​ទៀត​នៅ​ក្នុងប្រទេស​កម្ពុជា​ ដើម្បីលុបបំបាត់​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​។

លោក​ថ្លែងថា​៖ «ពាក់ព័ន្ធ​ជា​មួយ​នឹង​ការបណ្តញ​ចេញ​នេះ​ ពី​ស្នង​ការ​បញ្ជូន​ទៅ​អន្តោប្រវេសន៍​ ហើយ​អន្តោប្រវេសន៍​គេ​បន្ត​នីតិ​វិធី​ អ៊ីចឹង​ក្នុង​ករណី​នេះ​ខ្ញុំ​អត់​អាច​បាន​ឆ្លើយ​ ដោយសារ​វា​មិន​មែន​ក្រោម​ការដឹកនាំ​របស់​ខ្ញុំ​...យើង​នៅ​តែ​បន្ត​ស្រាវជ្រាវ​កន្លែង​ណា​ដែល​វា​មាន​ករណី​នេះ​កើត​ឡើង​ យើង​នឹង​បន្ត​ស្រាវជ្រាវ​ និង​បន្ត​នីតិវិធី​ដើម្បី​ធ្វើ​ម៉េច កុំ​ឱ្យ​មាន​ករណី​នេះ កើត​ឡើង​នៅ​ក្នុង​ប្រទេស​យើង​បាទ​»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា កាល​ពីកន្លង​ទៅក្រុម​ការងារ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Scammed online) របស់​ក្រសួង​មហាផ្ទៃ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មនុស្ស​ប្រុសស្រី​ជនជាតិ​ខ្មែរ និង​បរទេស​ប្រមាណ​ជិត ​៥០០ ​នាក់ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗគ្នា​ចាប់​ពី​ថ្ងៃទី៩​ដល់​ ថ្ងៃ​ទី ១០​ ខែ​មីនា ​ឆ្នាំ​ ២០២៤៕