អ្នកតាមដានបានជំរុញឱ្យមន្ត្រីតាមព្រំដែនត្រួតពិនិត្យទំនិញនាំចូលពីប្រទេសជិតខាងឱ្យបានដិតដល់ ក្រោយសាច់បង្កកប្រមាណ ៣៧ម៉ឺនគីឡូក្រាម ឬស្មើ៣៧០តោន ត្រូវបានមន្ត្រីនៃក្រសួងកសិកម្ម រកឃើញក្នុងឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយកំពុងស៊ើបអង្កេតលើការនាំចូលសាច់ទាំងនេះ។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានរកឃើញសាច់បង្កកប្រមាណ៣៧ម៉ឺនគីឡូក្រាម ដែលក្នុងនោះរួមមាន ចុងស្លាបមាន់ គូទមាន់ សាច់មាន់កិន កោះមាន់ ជើងមាន់ សាច់ជ្រូកប្រេស៊ីល សាច់ជ្រូកអ៊ីតាលី សាច់ជ្រូកអាល្លឺម៉ង់ ត្រចៀកជ្រូក សាច់ក្របី កន្សោមដោះក្របី ស្បូនជ្រូក និងស្បែកជ្រូកជាដើម។ នេះបើលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ដែលប្រាប់សារព័ត៌មានក្នុងស្រុកមួយចំនួន។
លោក ហ៊ុន សារ៉ាត់ ប្រាប់វីអូអេបន្ថែមនៅថ្ងៃពុធនេះថា អាជ្ញាធរគ្រាន់តែជាការឃាត់ទុកសាច់ជាបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតនិងពិនិត្យមើលឯកសារ។
លោកបញ្ជាក់ថា៖ «យើងគ្រាន់តែបិទទុក[ឃ្លាំងបង្កក]មួយរយៈ បិទសារាចរសិន.. និងឱ្យម្ចាស់ទំនិញគាត់នៅឆ្ងាយៗ អ៊ីចឹងគាត់យកឯកសារមកបញ្ជាក់ ដើម្បីអះអាងថា របស់ហ្នឹងវាមានពន្ធ ឬមានវិញ្ញាប័នបត្រត្រឹមត្រូវ មានសុខភាពល្អប៉ុណ្ណឹង»។
លោកស្នើឱ្យអ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិកសួរទៅអ្នកនាំពាក្យក្រសួងកសិកម្មបន្ថែម។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បាននៅឡើយទេ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)យល់ថា អាជ្ញាធរត្រូវតែត្រួតពិនិត្យឱ្យបានហ្មត់ចត់ការនាំចូលសាច់បង្កកនេះ។ លោកបន្ថែមថាក្នុងករណី អ្នកណាម្នាក់នាំចូលសាច់បង្កកដោយខុសច្បាប់ គឺត្រូវមានចាត់វិធានច្បាប់ឱ្យតឹងរឹង ព្រោះបញ្ហានេះ វាអាចប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក និងប៉ះពាល់សុខភាពរបស់អ្នកបរិភោគ។
លោកថ្លែងថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងទៅលើផលប៉ះពាល់សុខភាព ទៅលើអ្នកប្រើប្រាស់នៃការបរិភោគសាច់បង្កក ដោយសារតែប្រភេទសាច់បង្កកដែលរត់ពន្ធចូល មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់សម្រាប់អ្នកបរិភោគហ្នឹង គឺមិនមានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារ និងអនាម័យ។ អ្វីដែលយើងមើលឃើញទៀតនោះ សាច់បង្កកនេះ គឺខុសច្បាប់ មិនមានការត្រួតពិនិត្យត្រឹមត្រូវទៅទៀត»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាប់វីអូអេថានាពេលបច្ចុប្បន្ននេះ សាច់បង្កកដែលនាំចូលពីប្រទេសជិតខាង បានវាយលុកខ្លាំងក្នុងទីផ្សារ ដែលការណ៍នេះធ្វើឱ្យអ្នកចិញ្ចឹមសត្វក្នុងស្រុកប្រឈមនឹងការខាតបង់។
លោកថ្លែងថា៖ «បើមិនមានហូរហែ រឿងអីមានពេញឃ្លាំងនោះ ឃ្លាំងបង្កកនោះ មានរាប់ពាន់តោន ច្រើនណាស់ ច្រើនមែនទែន។ នៅក្នុងឃ្លាំងបង្កកសព្វថ្ងៃ គឺមានសាច់បង្កករាប់ពាន់តោន»។
លោកថាបើការការនាំចូលសាច់បង្កកមិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ជាពិសេសមិនមានឯកសារនាំចូលត្រឹមត្រូវទៀតសោត នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
បើតាមលោក ស្រ៊ុន ពៅ ការនាំចូលសាច់បង្កក ធ្វើឡើងតាមរូបភាពផ្សេងៗ ដូចជាដឹកតាមឡានឈ្នួល និងឡានក្រុង ដូច្នេះលោកស្នើឱ្យមានការបន្ថែមមន្ត្រីនៅតាមព្រំដែន ហើយក្រសួងពាក់ព័ន្ធ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាពិសេសការត្រួតពិនិត្យ ឱ្យបានដិតដល់នៅតាមច្រកព្រំដែន មុននឹងឱ្យឈ្មួញនាំចូល។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព សម្តែងការសោកស្តាយនៅពេលដែលឃើញសាច់បង្កកដែលគ្មានច្បាប់អនុញ្ញាត នៅតែអាចនាំចូលមកក្នុងប្រទេសកម្ពុជានិងត្រូវបានចែកចាយលើទីផ្សារ។ លោកបានចោទជាសំណួរថាតើការនាំចូលសាច់បង្កក យ៉ាងច្រើនបែបនេះ បានដោយរបៀបណា?
លោកលើកឡើងថា៖ «ចំពោះរឿងនេះ ជារឿងមួយដែលគួរឱ្យសោកស្តាយដែរ ដែលវាកើតឡើងម្តងហើយម្តងទៀត។ ហើយបញ្ហានេះតើគេនាំចូលដោយរបៀបម៉េច ចុះអាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរដែលមានសមត្ថកិច្ចតាមច្រកព្រំដែន អ្នកដែលមានសមត្ថកិច្ច មន្ត្រីមានសមត្ថកិច្ចហ្នឹង ថាតើមានចន្លោះខ្វះខាតអ្វី? បញ្ហាបច្ចេកទេស បញ្ហាពិសោធន៍ នៅក្នុងការពិនិត្យមើលថាវាជារបស់ខូចគុណភាព មានគុណភាពល្អយ៉ាងម៉េច គាត់មិនអាចសន្និដ្ឋានបានឬយ៉ាងណា?»។
លោកបន្ថែមថា៖ «អ៊ីចឹងចំពោះបញ្ហានេះ ត្រូវរឹតបន្តឹង កែលម្អមន្ត្រីនៅតាមព្រំដែន ទាំងផ្លូវអាកាស ទាំងផ្លូវព្រំដែនគោក។ ហើយបើវាចូលមកក្នុង[ប្រទេស] មានមន្ត្រីនៅខាងក្នុងអាចបោសសម្អាតបញ្ហាហ្នឹងបន្ថែមទៀត កុំឱ្យវាចូលទៅដល់ទីផ្សារ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តែងតែចុះឃាត់រថយន្តដឹកសាច់មួយចំនួនទៀត ដែលគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មផងដែរ។ សាច់ទាំងនោះ រួមមានប្រហិតចម្រុះ ស៊ុតសត្វមាន់ ស៊ុតសត្វគ្រួច សាច់សត្វគ្រួច សត្វទារស់ សត្វមាន់កូរ៉េ និងទន្សាយជាដើម ដែលផលិតផលទាំងនេះ នាំចូលមកពីប្រទេសថៃ និងវៀតណាម។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជាបន្តបន្ទាប់៕