គិតចាប់តាំងពីការបង្កើតរដ្ឋាភិបាលថ្មីដែលមានសមាសភាពភាគច្រើនជាមនុស្សវ័យក្មេង កម្មវិធីនយោបាយថ្មីៗជាច្រើនត្រូវបានកំណត់ឡើង នៅក្រោមយុទ្ធសាស្ត្របញ្ចកោណដែលមានគោលដៅធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ឆ្នាំ២០៥០។
នៅក្នុងកម្មវិធីស្តីពី«ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសេដ្ឋកិច្ចមួយរូបបានព្យាយាមឆ្លើយតបទៅនឹងការតាំងសំណួរផ្សេងៗ ពាក់ព័ន្ធការសម្រេចបានកម្មវិធីនយោបាយសំខាន់ៗចំនួន៦ ដែលត្រូវបានរដ្ឋាភិបាលកំណត់ឡើង ដើម្បីពង្រីកសេវាថែទាំសុខភាពសាធារណៈ ផ្តល់ការបណ្តុះបណ្តាលជំនាញ និងកម្មវិធីជំនួយសង្គមផ្សេងទៀត ដើម្បីជួយពលរដ្ឋដែលងាយរងគ្រោះ ឬប្រឈមមុខនឹងជីវភាពខ្វះខាតហួសពីបន្ទាត់ភាពក្រីក្រ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកផាន់ ផល្លា បានថ្លែងថា រដ្ឋាភិបាលបានបែងចែកថវិការួចរាល់ ដើម្បីបម្រើដល់ការអនុវត្តកម្មវិធីនយោបាយនានាដែលបានដាក់ចេញ នៅក្រោមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទីមួយ។
លោកលើកឡើងថា៖ «សំណួរមួយទៀតថា តើធ្វើម៉េចដើម្បីឲ្យកម្មវិធីទាំង៦ត្រូវបានដាក់ចេញសម្រេចបាន ខ្ញុំសុំជម្រាបឯកឧត្តមថាកម្មវិធីទាំង៦នេះ គឺយើងបានរៀបចំផែនការសកម្មភាពរៀបអស់ហើយ ហើយសម្តេចលោកបានសម្ពោធដាក់ឲ្យប្រើប្រាស់ ហើយអ្វីដែលជាចំណុចសំខាន់នោះ គឺកម្មវិធីទាំង៦នេះ មានថវិកា allocated [ត្រូវបានបែងចែក] ជូនអស់ហើយ ផ្ទេរកម្មវិធីទៅឲ្យ តែអត់មានលុយធ្វើអីកើត?»។
ទាក់ទិនការបណ្តុះបណ្តាលជំនាញ រដ្ឋាភិបាលបានរៀបចំឲ្យមានកញ្ចប់ថវិកាជួយដល់យុវជនដែលមានស្ថានភាពជីវភាពលំបាកខ្លាំង ហើយត្រូវបោះបង់ចោលការសិក្សា។
លោកបន្ថែមថា៖ «ពីព្រោះជាការគិតគូរ បានន័យថា ព្រោះយុវជនដែលគាត់ ដូចថា ឥឡូវគាត់បោះបង់ចោលការសិក្សា គាត់ទៅរកការងារធ្វើ ដោយសារអី? ដោយសារគាត់ខ្វះខាតជីវភាព។ អ៊ីចឹងឥឡូវបើឲ្យគាត់មករៀន គាត់អត់មកទេ បើសិនអត់មានប្រាក់ឧបត្ថម្ភ...គាត់បោះបង់ការសិក្សាដើម្បីទៅធ្វើការបានលុយ តែដល់ពេលឥឡូវ ទៅហៅគាត់មករៀន គាត់មានលុយឯណា? អ៊ីចឹងហើយគឺការគិតគូរ បានន័យថា បើអ្នក បើប្អូនៗជាយុវជន យុវនារីដែលនៅក្នុងគ្រួសារក្រីក្រ ហើយនៅក្នុងគ្រួសារដែលងាយរងហានិភ័យ មករៀន...គឺគាត់នឹងបានប្រាក់ឧបត្ថម្ភថែមទៀត ៧០ដុល្លារ ក្នុងមួយខែ ហើយកម្មវិធីគឺសម្តេចមហាបវរធិបតីលោកបានដាក់បើកហើយពីថ្ងៃទី១៤ខែនេះ»។
នៅពេលចូលរួមជាអធិបតីនៃកម្មវិធីស្តីពី ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀតរៀបចំឡើងដោយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល៣ខែកន្លងទៅនេះ រដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងនោះគឺកម្មវិធីចំនួន៥ត្រូវបានប្រកាសដាក់ឲ្យអនុវត្តរួចហើយ។
បើតាមលោកហ៊ុន ម៉ាណែត កម្មវិធីគោលនយោបាយទាំងនោះរួមមាន យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣ ២០២៨ ការពង្រឹងវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ ការពង្រីកវិសាលភាពរបបសន្តិសុខសង្គម កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅទូទាំងប្រទេស។
លោកបន្តទៀតថា រដ្ឋាភិបាលរបស់លោកក៏បានដាក់ចេញកម្មវិធីកែទម្រង់មួយចំនួនទៀតដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងឆ្លើយតបទៅនឹងកង្វល់របស់វិស័យឯកជន ជុំវិញបន្ទុកធ្វើធុរកិច្ច ព្រមទាំងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ ដោយការលុបបំបាត់ និងកាត់បន្ថយនីតិវិធីរដ្ឋបាលមិនចាំបាច់នានា។
លោកបន្ថែមថា៖«ជាមួយនឹងការអនុវត្តកម្មវិធី វិធានការគន្លឹះ និងវិធានការកែទម្រង់មុតស្រួចនានា ដែលត្រូវបានដាក់ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗនៅក្នុងពេលខាងមុខ កម្ពុជាអាចនឹងរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា៥.៦ភាគរយ នៅឆ្នាំ២០២៣និងបន្តងើបកាន់តែលឿននៅឆ្នាំ២០២៤ជាមួយនឹងអត្រាកំណើន៦,៦ភាគរយ។ ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះ ក៏អាចប្រឈមនូវហានិភ័យមួយចំនួន ក្នុងពេលដែលស្ថានភាពបច្ចុប្បន្ននៅមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាចាំចាច់ត្រូវប្រកាន់យកជំហរស្មារតីនៃការកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឲ្យបាននូវភាពធន់និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត រំពឹងថាការផ្លាស់ប្តូរយោបល់នានាប្រកបដោយស្មារតីស្ថាបនានៅក្នុងសន្និសីទស្តីពីចក្ខុវិស័យកម្ពុជានៅឆ្នាំ២០២៣នេះ នឹងរួមចំណែកដល់ការទទួលខុសត្រូវជោគវាសនារបស់កម្ពុជា។
លោកក៏ឲ្យដឹងអំពីក្តីសង្ឃឹមថាលទ្ធផលស្រាវជ្រាវរបស់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)នៅពេលខាងមុខនឹងក្លាយជាការតម្រង់ទិសឲ្យរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា ក៏ដូចជាវិធានការគោលនយោបាយដើម្បីដំណោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់រួមទាំងបញ្ហាប្រឈមនៅពេលដែលកម្ពុជារំពឹងថានឹងឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ខាងមុខ និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចដែលមានពិពិធកម្មជាងពេលមុន និងការកសាងភាពធន់សេដ្ឋកិច្ចដើម្បីឈានទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។
នៅត្រង់បញ្ហាសម្រេចឲ្យបានគោលដៅឆ្នាំ២០៣០របស់កម្ពុជា មានការចោទសួរពីមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមួយរូបអំពីលទ្ធភាពដែលកម្ពុជាអាចសម្រេចបានគោលដៅនៅរយៈពេល៧ឆ្នាំទៀតនោះ គ្រាមានការដាក់ចេញគោលនយោបាយថ្មីៗដើម្បីជួយប្រជាពលរដ្ឋនៅទីជនបទ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកផាន់ ផល្លា ថ្លែងថាធនាគារពិភពលោកបាននិងកំពុងរៀបចំកំណត់កម្រិតចំណូលជា២ប្រភេទគឺមួយ «ចំណូលមធ្យមកម្រិតទាប» និង «ចំណូលមធ្យមកម្រិតខ្ពស់» តែថាគិតត្រឹមឆ្នាំ២០២៣នេះ ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋកម្ពុជាខ្លះឥឡូវអាចមានកម្រិតប្រហែល៤.៤០០ដុល្លារអាមេរិក ក្រោយការគណនាលើការទទួលបានប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ពលរដ្ឋក្នុងប្រទេស។
លោកថ្លែងថា៖ «$4440 បានន័យថា ៤.៤០០[ដុល្លារ] អ្នកណាដែលដូចថាដែលមានចែកទៅចំណូលបានហ្នឹង គឺយើងជាប់ទៅជា higher middle income country [ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់]។ អ៊ីចឹង សម្រាប់២០៣០ លេខ ព្រោះលេខនេះវាគឺប្តូរ វាមានការផ្លាស់ប្តូរ...វាមិនមែនជា fixed term [រយៈពេលកំណត់]។ អ៊ីចឹងហើយ អាហ្នឹងមានការផ្លាស់ប្តូររាល់ឆ្នាំ។ ប៉ុន្តែ ខ្ញុំថា ក៏វាក្នុងរង្វង់ប្រហែលប៉ុណ្ណុងហើយ នៅពេលនោះ មិនអាច មិនអាចលើសនោះ [ឬ] ក៏ខ្វះ ប្រហែលជាលើស»។
ទោះយ៉ាងណា នាយកប្រតិបត្តិការនៃអង្គការមូលនិធិកុមារកម្ពុជាលោក ឡាច សាវី ប្រាប់វីអូអេថា ការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ អាចជួបការរំខានខ្លះៗ ដោយសារតែវិបត្តិផ្សេងៗដែលកំពុងកើតឡើងនៅក្រៅប្រទេស និងបញ្ហាប្រឈមក្នុងស្រុកមួយចំនួន។
លោកថ្លែងថា៖ «សេដ្ឋកិច្ចពិភពលោកក៏វាមិនទាន់ ដូចថា recover [ងើបឡើងវិញ] ខ្ញុំគិតថា វាអាចមានការប្រឈមខ្លាំង។ គ្រាន់ថាបើការដើរឆ្ពោះទៅមុខវា វាមិនរលូនដូចការរំពឹងទុកទេ។ ហើយចំពោះនៅក្នុងអន្តរកាលនេះ វាមានការប្រឈមខ្លាំង តែគ្រាន់ថា ទៅរួច មិនទៅរួច ខ្ញុំគិតថា យើងអាចចាំមើលទាំងអស់គ្នា ប៉ុន្តែខ្ញុំគិតថា... វាមានការ challenge [ប្រឈម ]ខ្លាំង»។
ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)លោក វន់ ពៅ យល់ថាអ្វីៗគឺនៅលឿនពេកដើម្បីធ្វើការវាយតម្លៃលើលទ្ធភាពនៃការសម្រេចបាននូវកម្មវិធីនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ។
លោកថ្លែងថា៖ «បើយើងនិយាយពីការចូលរួមចំណែកក្នុងការជួយកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ បើសិនខ្ញុំមើលគោលនយោបាយគឺល្អ ល្អមែនទែនដែលយកចិត្តទុកដាក់ ទៅលើកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងមើលគោលនយោបាយអភិវឌ្ឍន៍ យុទ្ធសាស្ត្រអភិវឌ្ឍន៍កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣ ២០២៨ឃើញថា មានខ្លឹមសារទ្រទ្រង់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឲ្យចុះបញ្ជីដើម្បីទទួលបានក្លាយទៅជាអ្នកនៅក្នុងប្រព័ន្ធ ហើយរដ្ឋមានគោលនយោបាយក្នុងការរៀបចំធ្វើយ៉ាងម៉េចឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលំនឹងសេដ្ឋកិច្ច លំនឹងហិរញ្ញវត្ថុរបស់ខ្លួន យើងមើលគោលនយោបាយ។»
លោកបន្ថែមថា៖ «ប៉ុន្តែការអនុវត្តទៅមុខ យើងមិនដឹងយ៉ាងម៉េច ព្រោះឥឡូវហ្នឹងគោលនយោបាយកំពុងតែរៀបចំ និងអនុវត្ត នៅពេលដែលអនុវត្តបានពាក់កណ្តាលទី ឬបានកម្រិតណា អាហ្នឹងបានយើងនិយាយវាយតម្លៃថា តើអនុវត្តវាប្រសិទ្ធភាពកម្រិតណានោះ យើងនឹងតាមដានមើលទាំងអស់គ្នាទៀត»។
កម្មវិធីស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត កើតឡើងនៅក្រោយការចេញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៥,៤ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី៥,៥ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ។
ដើម្បីជំរុញកំណើនបន្តទៀតនោះ ធនាគារនេះ បានផ្តល់ជាអនុសាសន៍ដល់រដ្ឋាភិបាលឲ្យធ្វើការកែទម្រង់មួយចំនួន ដូចជា ការកែលម្អបរិយាកាសធុរកិច្ច ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ពន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្មជាដើម។
អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោកថ្លែងថាកម្ពុជាត្រូវប្រកាន់ជំហរបើកចំហទទួលយកការវិនិយោគ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិនានា។ ហើយប្រទេសនេះក៏ត្រូវបន្តពង្រឹងវិស័យអប់រំចាប់តាំងពីការអប់រំនៅមុនវ័យកុមារភាព ដល់កម្រិតវិទ្យាល័យ ដើម្បីបង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងរបស់ខ្លួនទៅថ្ងៃខាងមុខ៕