អ្នកតាមដានសង្គមកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតហ្មត់ចត់មួយ ទៅលើករណីនៃការផ្ទុះគ្រាប់នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបណ្តាលឱ្យយោធិន២០នាក់ស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស។
រដ្ឋាភិបាលកម្ពុជា បានឆ្លើយតបនឹងករណីនេះភ្លាមៗជាមួយការសម្តែងមរណទុក្ខ និងបានផ្តល់ថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រួសារសព តែគេមិនទាន់ឃើញមានការប្រកាសណាមួយពីសំណាក់រដ្ឋាភិបាលឱ្យមានការស៊ើបអង្កេតលើករណីផ្ទុះគ្រាប់ដ៏គ្រោះថ្នាក់នេះទេ។
អ្នកជំនាញផ្នែកច្បាប់លោកវ៉ន ចាន់ឡូត លើកឡើងថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេត និងស្វែងរកមូលហេតុនៅពីក្រោយការផ្ទុះគ្រាប់នោះ តើថាវាបណ្តាលមកពីអ្វី ឬជាការធ្វេសប្រហែសឬយ៉ាងណា។
លោកបន្ថែមថា ការបើកឱ្យការស៊ើបអង្កេតនេះ នឹងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ហើយក៏ជាការធានាថារដ្ឋាភិបាលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសោកនាដកម្មនេះ។
លោកថា៖ «គួរតែមាននូវការស៊ើបអង្កេត និងបង្ហាញលទ្ធផលនៃការស៊ើបអង្កេត ថាតើវាពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស ឬក៏ពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ឬក៏ពាក់ព័ន្ធទៅនឹងអំពើទុច្ចរិតណាមួយពីខាងក្រៅ។ ប្រសិនបើរកឃើញថាវាពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ដូច្នេះគួរតែមាននូវអ្នកទទួលខុសត្រូវទៅលើករណីនេះពីព្រោះវាបានបង្កនូវការខូចខាតមានទំហំធំសម្បើម»។
ហេតុការណ៍ផ្ទុះគ្រាប់នេះ បានកើតឡើងនៅវេលាម៉ោង២:១៥នាទីរសៀល ក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ស្ថិតក្នុងខេត្តកំពង់ស្ពី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យនាយទាហានចំនួន២០នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះនាយទាហានចំនួន១៥នាក់មកពីខេត្តកោះកុង ហើយ៥នាក់ទៀតជានាយទាហាននៃទីបញ្ជាការយោធភូមិភាគទី៣ក្នុងខេត្តកំពង់ស្ពី។ ក្នុងហេតុការណ៍ដដែលនោះ ផ្ទះប្រជាពលរដ្ឋជុំវិញចំនួន២៥ខ្នងក៏ទទួលរងការខូចខាតផងដែរ។ នេះបើតាមរបាយការណ៍របស់កងទ័ពជើងគោកយោធភូមិភាគទី៣។
របាយការណ៍ដដែលបញ្ជាក់ទៀតថា រថយន្ត៥គ្រឿងដែលដឹកគ្រាប់ និងសពា្វវុធពីខេត្តកោះកុងចូលឃ្លាំងផ្ទុកគ្រឿងសព្វាវុធក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ មានមួយគ្រឿងត្រូវបានផ្ទុះខេ្ទចរួមទាំងអាវុធគ្រាប់ទាំងអស់នៅលើរថយន្ត និងរងការខូចខាតធ្ងន់ធ្ងរចំនួនមួយគ្រឿង តែអាវុធគ្រាប់នៅដដែល។ ចំណែករថយន្ត៣គ្រឿងទៀតដែលមានផ្ទុកអាវុធនិងគ្រាប់មិនរងការខូចខាតនោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា បញ្ហាដែលបានកើតមានឡើងនេះគួរតែមានបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការផ្ទុះគ្រាប់នោះ ថាតើវាចាប់ផ្តើមពីចំណុចណា ហើយនរណាជាអ្នកទទួលខុសត្រូវក្នុងការដឹកជញ្ជូនសម្ភារសឹកទាំងអស់នោះ ដើម្បីទុកជាមេរៀន និងជាបទពិសោធន៍ក្នុងការបង្ការសោដនាកម្មបែបនេះនៅពេលក្រោយ។
លោកថ្លែងថា៖ «អ៊ីចឹងការស៊ើបអង្កេតវាមិនប្រាកដថា ការស៊ើបអង្កេតហ្នឹងសម្រាប់តែរកអ្នកប្រព្រឹត្ត ឬរកអ្នកពាក់ព័ន្ធអីទេ គឺការស៊ើបអង្កេតនេះគឺរកមូលហេតុឱ្យឃើញថាតើវាមានមូលហេតុអី ហើយយើងពេលក្រោយត្រូវទប់ស្កាត់ និងបង្ការនូវមូលហេតុទាំងអស់ហ្នឹងកុំឱ្យវាកើតឡើងតទៅទៀត វាជាសោដនាកម្មដែលគួរឱ្យសោកសង្វេគនោះ»។
វីអូអេបានព្យាយាមទាក់ទងទៅក្រុមគ្រួសារនាយទាហានដែលបានបាត់បង់ជីវិត ប៉ុន្តែពួកគេបដិសេធក្នុងការអត្ថាធិប្បាយ ក្រោមហេតុផលថា ពួកគេស្ថិតក្នុងដំណាក់កាលកាន់ទុក្ខ។
វីអូអេក៏ពុំទាន់អាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញមូលហេតុនៃការផ្ទុះគ្រាប់ពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបាននៅឡើយដែរ។
អភិបាលខេត្តកំពង់ស្ពឺលោកវ៉ី សំណាង ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្នុងហេតុការណ៍ផ្ទុះឃ្លាំងដាក់គ្រាប់នៅបញ្ជាការយោធភូមិភាគទី៣ក្នុងខេត្តកំពង់ស្ពឺនោះ ក្រៅពីធ្វើឱ្យយោធិនបាត់បង់ជីវិត ក៏បានធ្វើឱ្យប៉ះពាល់ខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងរោងចក្រដែលមានទីតាំងនៅជិតទីនោះផងដែរ។
លោកថ្លែងថា៖ «សំឡេងផ្ទុះនោះវាធ្វើឱ្យរង្គើដល់អគារផ្សេងៗដូចជាផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ហើយហ្នឹងរោងចក្រក៏មានធ្លាក់កញ្ចក់ ធ្លាក់បែកពិដានអ៊ីចឹង»។
លោកបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋចំនួន៣នាក់បានរងរបួស និងកម្មករកម្មការនីរោងចក្រប្រមាណ១៣នាក់ទទួលរងរបួស ព្រមទាំងបងប្អូនសាច់ញាតិយោធិនមួយចំនួនក៏ទទួលរងរបួសធ្ងន់ស្រាលផងដែរ។
យ៉ាងណាក៏ដោយ អភិបាលខេត្តកំពង់ស្ពឺរូបនេះថា លោកនៅមិនទាន់ដឹងមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះនៅឡើយទេ ដោយថាវាជាករណីពាក់ព័ន្ធនឹងសន្តិសុខជាតិ។
បើតាមលោក វ៉ី សំណាង កម្លាំងជំនាញបច្ចេកទេសបាននឹងកំពុងស្រាវជ្រាវ និងស្វែងរកមូលហេតុនៃការផ្ទុះគ្រាប់ដ៏កម្រនោះ។
ក្រោយពីទទួលបានដំណឹងពីឧបទ្ទវហេតុផ្ទុះគ្រាប់នៅបញ្ជារការយោធភូមិភាគទី៣ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហោះសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់លោក និងប្រកាសថារដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងអស់លើការចំណាយរៀបចំពិធីបុណ្យសពរបស់យោធិនដែលបាត់បង់ជីវិត។ លោក ហ៊ុន ម៉ាណែត បន្ថែមថា រដ្ឋាភិបាលឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនចំនួន ២ ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសទទួលបានក្នុងម្នាក់ៗចំនួន២០ លានរៀល៕