អ្នក​តាម​ដាន​​យល់​ថា​ ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​ឡាវ​ជា​ផល​ចំណេញ​​ប្រជាប្រិយ​ភាព​សម្រាប់​លោក​ហ៊ុន សែន

Cambodia's Prime Minister Hun Sen, center, gestures during a ceremony inaugurating the country's longest bridge in Neak Loeung, southeast of Phnom Penh, Cambodia, Wednesday, Jan. 14, 2015.

កាល​ពី​ចុង​ខែតុលា​ឆ្នាំ២០១៧​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បង្កើត​កង​អន្តរាគមន៍​មួយ​ប្រចាំ​នៅ​ខេត្ត​ស្ទឹងត្រែង​ជាប់​នឹង​ព្រំដែន​ឡាវ​ ដែល​មាន​ទាហាន​ទៅ​ដល់​ជាង​៣​ពាន់​នាក់។ ​ការ​បង្កើត​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ គឺ​ពីរ​ខែ​បន្ទាប់​ពី​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ។​

លោក ​ហ៊ុន សែន​បាន​ប្រកាស​កាល​ពី​ខែ​សីហា​ថា ​ការ​បង្កើត​កងទ័ព​នេះ​មិន​មែន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើត​សង្រ្គាម​ជាមួយ​ប្រទេស​ឡាវ​នោះ​ទេ ​គឺដើម្បី​ការពារ​ប្រទេស​ជាតិ ​និង​ប្រជាជន។​

លោក ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា៖​

«ការ​រៀបចំ​ទាំង​អស់​មិន​សំដៅ​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ ​តែ​សំដៅ​លើ​កិច្ច​ការពារ​ជាតិ ​ការពារ​ប្រជាជន ​និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង»។​

អំឡុង​ពេល​សម្ពោធការ​បង្កើត​កង​អន្តរាគមន៍​នោះ​ កាល​ពី​ចុង​ខែ​តុលា ​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​គឺ​លោក ទៀ បាញ់​បាន​ថ្លែង​ថា ​ការ​បង្កើត​កង​ពលតូច​អន្តរាគមន៍​លេខ​១២៨ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ខឿន​ការពារ​ជាតិ​ និង​ការពារ​ប្រជាជន ​បង្កើន​កិច្ច​ការ​ពារ​បូរណភាព​ទឹកដី ​អធិបតេយ្យ​ជាតិ​ឲ្យ​បាន​កាន់​តែ​រឹងមាំ ​ខ្លាំងក្លា​ថែម​ទៀត។​

​ទន្ទឹម​នឹង​នោះ ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ទាហាន ​នគរបាល ​និង​អាជ្ញាធរ​ទាំងអស់​ត្រៀម​ខ្លួន​ ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ចលនា​ទាំងឡាយ​ណា​ ដែល​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា ​ក្បត់​ជាតិ​ ធ្វើគម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោក​បាន​ថ្លែង​ថា៖​

«គ្រប់​ទិស​ទី ​គ្រប់​កន្លែង​ទាំង​អស់ ​ឲ្យ​តែ​មាន​ចលនា ​បើ​មាន​ចលនា​មួយ​ទាម​ទារ​ដោះ​លែង​កឹម សុខា ​គឺ​ថា​ ភ្លាម!​ ​មិន​បាច់​ទៅ​សុំ​យោបល់​ថ្នាក់​លើ​ទេ»។​

រូបឯកសារ៖ ​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​លោក ទៀ បាញ់​

ការ​បង្កើត​កង​ពល​នេះ​គឺ ធ្វើឡើងបន្ទាប់​ពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​ឡាវ ​បាន​កើត​ឡើង​កាល​ពី​ខែ​សីហា ​ខណៈ​ទាហាន​ឡាវ​ប្រមាណ​៣០​នាក់​បាន​ឆ្លង​ចូល​មក​ចំណុច​នៃ​ទន្លេ​សេកុង ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​និង​បាន​ឈរ​ជើង​នៅ​ចំណុច​មួយ​ដែល​កម្ពុជា​បាន​អះអាង​ថា ​ជា​អធិបតេយ្យ​ភាព​កម្ពុជា។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​បាន​ដាក់​ឱសាន​វាទ​៦​ថ្ងៃ​ ឲ្យ​ប្រទេស​ឡាវ​ដក​កង​ទ័ព​ ដែល​ឈរជើងនៅ​ទីនោះ។​ មួយ​ថ្ងៃ​បន្ទាប់​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ ​ប្រទេស​ឡាវ​ ហើយ​កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​បង្កើត​ឡើង។ ​រដ្ឋាភិបាល​ប្រទេស​ឡាវ​បាន​សម្រេច​ដក​កង​ទ័ព​ចេញ ​ហើយ​កម្ពុជា​ក៏​បាន​បញ្ជា​ឲ្យកង​ទ័ព​ដែល​បាន​បញ្ជូន​ទៅព្រំដែន​ឡាវ​នោះ​ ​ត្រូវ​ចូល​ទីតាំង​ដើម​វិញ។

លោក​ ហ៊ុន សែន ​បាន​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា​ ជា​ការ​សម្រប​សម្រួល​ ដែល​ជា​ជោគជ័យ​ធំធេង​មួយ​សម្រាប់​ភាគី​ទាំង​ពីរ។​

លោក ​Paul Chambers ​ជា​សាស្រ្តាចារ្យ​ ​និង​ជាទីប្រឹក្សា​ស្តីពី​បញ្ហា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា ​លោក​ ហ៊ុន សែន ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ​នៅ​តែខ្លាំង ​និង​មាន​ប្រជា​ប្រិយភាព​សម្រាប់​ទាហាន​របស់​កម្ពុជា ​ដោយសារ​លោក​បាន​បង្ហាញ​នូវ​តួនាទី​គាំទ្រ​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​ការ​ការពារ​កម្ពុជា ​និង​ក្នុង​ការ​ដឹកនាំ​កង​កម្លាំង​ខេមរភូមិន្ទ។ ​លោក​បន្ថែម​ថា​ តាម​រយៈ​ដំណោះស្រាយ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ​ លោក ​ហ៊ុន សែន​ចង់​បង្ហាញ​ទៅ​សាធារណជន​ថា ​លោក​នៅ​តែ​ជា​អ្នក​ការពារ​នៃ​អធិបតេយ្យ​ភាព​កម្ពុជា។​ ​ដូច្នេះ​លោក​ចង់​ធានា​ជាសាធារណៈ​ថា ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​គឺ ​ត្រូវ​បាន​បោះ​បង្គោល​ព្រំដែន​ ដោយ​ឈរ​លើ​ផល​ប្រយោជន៍​កម្ពុជា។​

លោក ​Paul Chambers​ បាន​ប្រាប់​ VOA​ តាម​រយៈ​អ៊ីមែល​ ឬ​សារ​អេឡិចត្រូនិក​ថា៖«វិធីសាស្រ្ត​នេះ​ប្រហែល​ជា​បង្កើន​មនោ​សញ្ចេតនា​ជាតិ​និយម​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ​ហើយ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​លោក​ ហ៊ុន សែន​ មុន​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៨​នៅ​កម្ពុជា»។​

រូបឯកសារ៖ ទាហាន​កម្ពុជា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មួយ ចម្ងាយ​ ២០​គីឡូម៉ែត្រ​ពី ប្រាសាទ​ព្រះវិហារ​ ស្ថិត​នៅ​លើ​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។

នៅ​ក្នុង​ការ​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​នេះ ​លោក ​ហ៊ុន សែន ​តែង​តែ​សង្កត់​ធ្ងន់នូវ​ស្នាដៃរបស់​លោក​ក្នុង​ការ​កសាង​សន្តិភាព ​និង​រក្សា​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ដោយគណបក្ស​ប្រជាជន​កម្ពុជា។ ​នយោបាយឈ្នះឈ្នះ​ត្រូវ​បាន​លោក ​ហ៊ុន សែន ​អតីត​ទាហាន​ខ្មែរ​ក្រហម ​លើក​ឡើង​ជា​បន្តបន្ទាប់ ​ក្នុង​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ និង​ការ​ធ្វើ​សមាហរណ​កម្ម​ខ្មែរ​ក្រហម​ដោយ​សន្តិភាព។​

លោក ​ហ៊ុន សែន​ក៏​បាន​ព្រមាន​ជា​បន្តបន្ទាប់​ថា ​កម្ពុជា​នឹង​អាច​កើត​មាន​សង្រ្គាម​ដូច​សម័យ​ប៉ុល ពត ​ដោយសារ​ចលនា​របស់​គណបក្ស​សង្រ្គោះ​ជាតិ។​

បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​បាន​កើត​ឡើង​ ខណៈ​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​ឡើង​កំដៅ ក្នុង​នោះ​មាន​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ការ​ចាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង ​និង​ការ​ព្រមាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នា​ពេល​ខាង​មុខ។​

លោក​ Paul Chambers​ សាស្រ្តាចារ្យ​ស្តី​អំពី​បញ្ហា​អន្តរជាតិ ​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​គិត​ថា ​មាន​ទំនាក់ទំនង​គ្នា​រវាង​ភាពតាន​តឹង​ជាមួយ​ប្រទេសឡាវ ​និង​តម្រូវ​ការ​សម្រាប់​លោក ​ហ៊ុន សែន ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ ដែល​មាន​ប្រជាប្រិយភាព ​ខណៈ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ខិតជិត​មក​ដល់។ ​ក្រៅ​ពីនេះ ​ឡាវ​មិន​មែន​ជា​ប្រទេស​ដែល​គំរាម​កំហែងកម្ពុជា​ទេ​ ប្រសិន​បើ​រដ្ឋាភិបាលក្រុង​វៀងច័ន្ទពិត​ជា​មានភាព​អាក់អន់​ចិត្ត​ជាមួយ​លោក ​ហ៊ុន សែន»។​

ក្នុង​ពេល​ជម្លោះ​ព្រំដែន​ឡាវ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយលោក ហ៊ុន សែន​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​លិខិត​មួយ​ច្បាប់ ​ដោយ​ណែនាំ​ឲ្យ​មន្រ្តី​គណបក្សគ្រប់​លំដាប់ថ្នាក់​ គាំទ្រ​លោក​ ហ៊ុន សែន ​ក្នុង​ការ​រក​ដំណោះស្រាយ​ជាមួយ​ប្រទេស​ឡាវ។ ​យោង​តាម​លិខិត​នោះ​ ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជា​ឲ្យ​មន្រ្តី​នៅ​ទូទាំង​ប្រទេស​ រួម​មាន​កង​កម្លាំង​ប្រដាប់​អាវុធ ​គ្រូបង្រៀន​ ព្រះសង្ឃ ​អ្នក​ជំនួញ ​សិស្ស​និស្សិត​ និង​អង្គការ​សង្គម​ស៊ីវិល​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​លោក​ ហ៊ុន សែន។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក ​សុខ ឥសាន ​បាន​និយាយ​ថា ​នេះ​ជា​រឿង​ធម្មតា​ទេ ​ដែល​ថ្នាក់​ក្រោម​ត្រូវ​គាំទ្រ​ចំណាត់​ការ​របស់​ថ្នាក់​លើ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​យល់​ថា ​អាហ្នឹង​ជា​វប្បធម៌​ធម្មតា​ទេ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ឲ្យ​តែ​មេខាង​លើ​និយាយ​ម៉េច​ កូន​ខាង​ក្រោយ​គឺ​អនុវត្ត​តាម​ហើយ។​ បាន​សេចក្តី​ថា​ គណបក្ស​ប្រជាជន​កម្ពុជាជាគណបក្ស​ដែល​មាន​វិន័យ ​រឹងមាំ ​សាមគ្គី ​ឯកភាព​ផ្ទៃ​ក្នុង​រឹងមាំ»។​

លោក ​សុខ ឥសាន ​ក៏​បាន​បដិសេធ​ការ​រិះគន់​ថា ​ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​គឺ ​ដើម្បី​ទទួល​ប្រជា​ប្រិយភាព​ពី​កង​ទ័ព​ និង​ប្រជាជន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ក៏​ប៉ុន្តែ​យើងធ្វើ​ ​មិន​មែន​ធ្វើ​ដើម្បី​អា​ហ្នឹង​ទេ។​ យើង​ធ្វើ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង»។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ (ហ៊ាន សុជាតា/ VOA)

បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ឡាវនាំ​ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​អំណាច​ខ្មែរ គឺ​លោក ​សួន សេរីរដ្ឋា ​ដែល​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដោយ​លោក​បាន​ប្រើ​ពាក្យ​ថា៖​

«មេទ័ព​ចោរ​នឹង​ឡើង​បុណ្យ​ស័ក្តិ ​បាន​លុយ​កាក់​ សប្បាយ​ជាមួយ​ស្រីញី​យ៉ាង​គគ្រឹក​គគ្រេង»។​

លោក ​ហ៊ុន សែន ​បាន​ចាត់​ទុក​ថា​ នេះ​ជា​ការប្រមាថ​ដល់​កងទ័ព ​និង​ព្រមាន​ចាប់ខ្លួន​អ្នក​រិះគន់​បន្ត​ទៀត។ ​លោក​ក៏​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​អត្ថាធិប្បាយ​ដែល​និយាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បាន​សំឡេង​ឆ្នោត​តាមរយៈ​ដំណោះស្រាយ​ជម្លោះ​ជាមួយប្រទេស​ឡាវ។​

លោក​មាន​ប្រសាសន៍​ថា៖​

«តើ​នេះ​ជា​វិធី​រក​សន្លឹក​ឆ្នោត​ឬ​អី? ​អ្នកណា​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ​អ្នក​ឯង​មិន​អាច​ប្រមាថអ្វី ​ដែល​គេ​ឈ្លាន​ពាន​ហើយ​ អ្នក​ឯង​ចាត់​ទុក​ថា ​ជា​វិធី​ដើម្បី​គណបក្ស​ប្រជាជន​រក​សំឡេង​ឆ្នោត។ ​យើង​មិន​អាច​ទទួល​យក​បាន​ទេ​អា​កន្លែង​នេះ។​ សូម​ព្រមាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ទាំង​ឡាយ»។​

លោក ​ហ៊ុន សែន ​ក៏​បាន​ប្រៀបធៀប​ជម្លោះ​ព្រំដែន​ជាមួយ​ឡាវ​ទៅ​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​កាលពី​ចន្លោះ​ឆ្នាំ២០០៨ ​ដល់​ឆ្នាំ២០១១​ ទាក់ទង​នឹងដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ ដែល​បណ្តាល​ឲ្យ​កង​ទ័ព​មួយ​ចំនួន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ស្លាប់។​ លោក ​ហ៊ុន សែន ​បាន​លើកឡើង​ថា ​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ ​លោក​បាន​ព្យាយាម​ទប់​ស្ថានភាព​ឲ្យ​នៅ​ហ្នឹង​ ដើម្បី​កម្ពុជា​អាច​ដំណើរ​ការ​បោះឆ្នោត​បាន។​

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ សុខ ឥសាន​ មាន​ប្រសាសន៍​ថា​ ​លោក ហ៊ុន សែន​ មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន។​

អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​គឺលោក​ ផៃ ស៊ីផាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ​តាមរយៈ​ការ​ចរចា​ទ្វេភាគី ​ដោយ​ផ្អែក​លើ​ភស្តុតាង​ប្រវត្តិសាស្រ្ត ​និង​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ និង​ប្រទេស។​

អ្នក​វិភាគ​នយោបាយ​គឺ​លោក​ សូ ចន្ថា ​មាន​ប្រសាសន៍​ថា​ បញ្ហា​ព្រំដែន​នៅ​តែ​ជា​រឿង​រសើប​សម្រាប់​ពលរដ្ឋ​ខ្មែរ ​ហើយ​ដំណោះស្រាយ​មិន​មាន​តម្លាភាពទេ​ បើ​មិន​មាន​ការ​ចូល​រួម​ពី​អ្នក​ឃ្លាំមើល​នានា។​ លោក​មាន​ប្រសាសន៍​ថា ​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​បង្ហាញ​ថា ​លោក ​ហ៊ុន សែន ​នៅ​តែ​ខ្លាំង​ អាច​ដោះស្រាយ​បញ្ហា​បាន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​អាច​ជា​សារ​មួយ​ដែល​បង្ហាញ​ថា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែននៅ​តែ​មាន​ឥទ្ធិពល ​ហើយ​ជា​បុរសខ្លាំង ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​បាន​គ្រប់​ជំពូក​ទាំង​អស់»។​

ទោះជាយ៉ាងណា​ លោក​កត់​សម្គាល់​ថា ​ការ​ចាប់​អារម្មណ៍ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​ព្រំដែន​ តែង​តែ​កើត​មាន​នៅ​ពេល​ជិត​បោះ​ឆ្នោត​ម្តងៗ​ ដែល​លោក​យល់​ថា​ នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង៕