អ្នកតាមដាន​ចោទ​ជា​សំណួរ​អំពី​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធនឹង​ការទទួល​ស្គាល់​កំហុស ហើយ​ទទួល​បាន​ការលើកលែង​ទោស

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

អ្នក​តាម​ដាន​លើក​ឡើង​ថា ​ការ​ដែល​សកម្មជន​គណបក្ស​ប្រឆាំង ​និង​សកម្មជន​សង្គម​ដទៃ​ទៀត​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ជា​សាធារណៈ ​ព្រម​ទាំង​ទទួល​ស្គាល់​កំហុស ​ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស​នោះ​ជា​ការ​បង្ហាញ​ពី​ភាព​កម្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។​

កា​រលើក​ឡើង​របស់​ក្រុម​អ្នក​តាម​ដាន​បែប​នេះ​ធ្វើ​ឡើង​ក្រោយព្រះ​មហា​ក្សត្រ​ ជា​បន្ត​បន្ទាប់ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​សកម្ម​ជន​សង្គមផ្សេង​ទៀត ​នៅ​ពេល​ពួកគេ​សរសេរ​លិខិត​សុំ​អភ័យ​ទោស ​និង​ស្នើ​សុំ​អន្ត​រាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន។​

ក្រោយ​ចេញ​ពី​ពន្ធនាគារ​វិញ ​អ្នក​ខ្លះ​ក៏​សម្រេច​ចុះ​ចូល​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ហើយ​ខ្លះ​ទៀត​សន្យា​ដក​ខ្លួន​ចេញ​ពី​សកម្ម​ភាព​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក។​

សកម្មជន​ដែល​មិន​បាន​សរសេរ​លិខិត​សុំ​ទោស​នាយក​រដ្ឋមន្រ្តី​មិន​ត្រូ​វបាន​ដោះ​លែង​ទោសឱ្យ​នៅ​ក្រៅ​ឃុំ​ឡើយ។​

លោក ​នី សុខា ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូ​អេ​ថា​ និន្នា​ការ​មួយ​នេះ​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ឡើយ ​នៅ​ក្នុង​បរិបទ​នយោបាយ​កម្ពុជា ​នៅ​មុន​ការ​បោះ​ឆ្នោត។​ លោក​បន្ថែម​ថា ​ការ​សុំ​ទោស​នាយក​រដ្ឋមន្រ្តី ​ហើយ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ ​ ប៉ុន្តែ​វា​ពាក់​ព័ន្ធ​នឹងរឿង​នយោបាយ។​

លោក​បញ្ជាក់​ថា៖ ​«ដូច្នេះ​ខ្ញុំ​គិត​ថា​ នេះ​មិន​មែន​ជា​របៀប​នៃ​ការ​អនុវត្ត​ច្បាប់​ទេ។ ​របៀប​នៃ​ការ​អនុវត្ត​ច្បាប់​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ​ ប្រសិន​បើ​បុគ្គល​ដែល​សារ​ភាព​ហ្នឹង​ជា​បុគ្គល​ដែល​មាន​ទោស​ពៃរ៍​ ឬ​ក៏​អ្នក​ដែល​ជាប់​នូវពិរុទ្ធ ​ការ​ចោទ​ប្រកាន់​របស់​តុលាការ ​វា​ត្រូវ​តែ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ ​គឺ​ត្រូវ​តែ​មាន​ការ​ស្រាវជ្រាវ​ និង​បើក​សវនាការ​ឱ្យ​បាន​ត្រឹម​ត្រូវ»។​

ប្រធាន​សមាគម​រូប​នេះ​បញ្ជាក់​ថា ​បើ​សិន​ជា​ការ​ប្រព្រឹត្ត​បែប​នេះ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​ វា​មាន​ផលប៉ះ​ពាល់​ដល់​យុត្តិធម៌​សង្គម។​

លោក​ថ្លែង​ថា៖ ​«យើ​ង​ឃើញ​ថា​ ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់ ​វា​មាន​ផល​ប៉ះ​ពាល់​ច្រើន។ ​បើ​សិន​ជា​យើង​ប្រើ​ប្រាស់​នូវ​យន្ត​ការ​នេះ​ទៅ​ពាក់​ព័ន្ធ​ជាមួយ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ហ្នឹង ​គឺ​ថា ​វា​នឹងប៉ះពាល់។ ​អ៊ីចឹង​វា​ទៅ​ជា​រឿង​មួយ​ដែល​ថា​ ចាប់​ទៅ ​ដើម្បី​ចង់​ឱ្យ​នរណា​ម្នាក់​ធ្វើ​អ្វី​មួយ ​យើង​ចាប់​ទៅ​ ហើយ​ឱ្យ​គាត់​សុំ​ទោស​ទៅ»។​

លោក ​នី សុខា ​អះអាង​ថា​ ការ​សុំទោស​លោក​ ហ៊ុន សែន​ ហើយ​ទទួល​បាន​ការ​ដោះ​លែងជា​ការ​បង្ហាញ​ពី​ឥទ្ធិ​ពល​របស់​អ្នក​នយោបាយ​ទៅ​លើ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។​

កាល​ពី​សប្តាហ៍​មុន ​អតីត​មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ចំនួន​១៤​នាក់​ត្រូវ​បាន​ដោះ​លែង​ ក្រោយ​ពួក​គេ​បាន​សរសេរ​លិខិត​ម្នាក់​មួយ​ច្បាប់សុំ​ទោស ​និង​សុំ​កិច្ច​អន្តរាគមន៍​លើក​លែង​ទោស​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ​ពួកគេ​មួយ​ចំនួន​មាន​បញ្ហា​សុខភាព ​ពេល​រស់​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​បង្ខំ​ចិត្ត​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ។​

មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា​ ​ការ​សុំ​ទោស​ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស​មិន​មែនជា​ការ​អនុវត្ត​ទៅ​តាម​នីតិវិធីឡើយ​ ប៉ុន្តែ​ជា​ការ​សម្រប​សម្រួល​នយោបាយ។​

នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​ប្រាប់​វីអូអេ​ថា៖ ​«មនុស្ស​ធម៌​ ឬ​ក៏​រឿង​សម្រប​សម្រួល​នយោបាយ​វា​ជា​រឿង​មួយ។ ​ប៉ុន្តែ​ទាក់​ទង​នឹង​បញ្ហា​នៃ​ការ​អនុវត្ត​ច្បាប់ ​និង​យុត្តិធម៌ ​គឺ​យើង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​បញ្ហា​នៃ​ការ​អនុវត្ត​ដោយ​តម្លាភាព ​និង​យុត្តិ​ធម៌​តាម​នីតិវិធី​ ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​គោរព​សិទ្ធិ។ ​អ៊ីចឹង​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា​ បើ​សិន​ជា​បទ​ល្មើស ​ដែល​ប្រព្រឹត្ត​ហើយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ពិត​ប្រាកដ ​អាហ្នឹង​យើង​ជា​សង្គម​ស៊ីវិល​គឺ​យើង​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់ ​ក៏​ប៉ុន្តែ​ត្រូវ​តែពិនិត្យ​ពិចារណា​ទៅ​លើ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ដែល​មិន​សម​ហេតុ​ផល»។​

ទោះ​ជាយ៉ាង​ណា ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក​ ជិន ម៉ាលីន ​ប្រាប់​វីអូអេ​ថា ​អ្នក​ដែល​លើក​ឡើង​បែប​នេះ​មិន​យល់​ពី​នីតិវិធី​ច្បាប់របស់​កម្ពុជា​ ព្រម​ទាំង​មើល​មកក្នុង​រូបភាព​នយោបាយ។ ​លោក​បន្ថែម​ថា ​នៅ​ពេល​ជន​ជាប់​ចោទ​ដឹង​កំហុស​របស់​ខ្លួន​ហើយ​សារភាព ​វា​អាច​ជា​ស្ថាន​សម្រាល​មួយ​ដើម្បី​ឱ្យ​ចៅ​ក្រម​ពិចារណា​ថា ​តើ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬ​យ៉ាង​ណា។​

លោក​បញ្ជាក់​ថា៖ ​«ជា​ទិដ្ឋភាព​ច្បាប់ ​ជា​នីតិវិធី​របស់​តុលា​ការ​មិន​មែន​គ្រប់​គ្នា​ឱ្យ​តែ​ប្រព្រឹត្ត​បទ​ល្មើស​ហើយ​សុំទោសបាន​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​ វា​អាស្រ័យ​ទៅ​នឹង​ប្រភេទ​នៃ​បទ​ល្មើស។​ វា​អាស្រ័យ​ទៅ​នឹង​អង្គហេតុ។​ វា​អា​ស្រ័យ​នឹង​បច្ច័យ ​ហើយ​វា​អាស្រ័យ​ទៅ​នឹង​លទ្ធ​ភាព​នៃ​ការ​កែ​ប្រែ​ខ្លួន​ហើយ​មិន​បង្ក​ហានិភ័យ​ដល់​សង្គម​ជាតិ ​តាម​រយៈ​ការ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ដែល​បង្កភា​ព​ចលាចល​ដល់​សង្គម។ ​អាហ្នឹង​ចៅ​ក្រម​គេ​ពិនិត្យ​ពិចារណា​តាម​ហ្នឹង​ ថា​គួ​រ​ឱ្យ ​ឬ​មិន​ឱ្យ»។​

នៅ​ក្នុង​ករណី​ដែល​អ្នក​ជាប់​ឃុំ​ជា​អ្នក​នយោបាយ​មក​ពី​គណបក្ស​ជំទាស់​វិញ ​ការ​សុំ​ទោស ​និង​ទទួល​ស្គាល់​កំហុស​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ពួក​គេ​អាច​រួច​ផុត​ពី​ការចោទ​ប្រកាន់ ​ប៉ុន្តែ​ថែម​ទាំង​បាន​តំណែង​ក្នុង​រដ្ឋាភិបាល​ទៀត​ផង។ ​តួយ៉ាង ​ដូច​ករណី​សកម្ម​ជន​គណ​បក្ស​ជំទាស់​លោក ​យឹម ស៊ីណន ​និង​លោក ​ហ៊ុន កុសល។​

ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ ​និង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។ ​បន្ទាប់​មក​ លោក​ ស៊ីណន ​ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការងារ។ ​ចំណែក​លោក ​ហ៊ុន កុសល​ ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋលេខា​ក្រសួង​រៀបចំ​ដែន​ដី។​

អ្នក​វិភាគ​នយោ​បាយ ​លោក​ សេង សារី ​ប្រាប់​វីអូ​អេ​ថា​ ដើម្បី​មើល​ឱ្យយ​ល់​ពី​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា ​គេ​មិន​ត្រូវ​មើ​ល​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ «វ៉ែនតា​យុត្តិធម៌​ និង​វ៉ែន​តា​ភាព​ត្រឹមត្រូវ»​ឡើយ ​ប៉ុន្តែ​គេ​ត្រូវ​មើល​ទៅ​លើ​នយោបាយ។​

លោក ​សេង សារី ​ថ្លែង​ថា៖​ «ជា​កត្តា​ចិត្ត​វិទ្យា​ ពាក្យ​សុំទោស​ដែល​ចេញ​ពី​មនុស្ស​ម្នាក់ ​ជា​ពិសេស​នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ​ផង ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ​ ដែល​ហា​មាត់​សុំ​ទោស​នរណា​មួយ ​ដោយ​មិន​មាន​កំហុស។ ​អ៊ីចឹង​ហើយ​វា​ជាក់​ស្តែង​ហើយ​ដែល​ការ​សុំទោស​របស់​បុគ្គល​ណា​មួយ​ដែល​មិន​មាន​កំហុស ​វា​ប្រាកដ​ជា​មាន​ការ​គំរាម​កំហែង​អ្វី​មួយ​នៅ​ពី​ក្រោយ​ខ្នង​ហើយ»។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ ​ការ​ដែលអ្នក​ទាំ​ង​នោះ​ចេញ​មុខ​សុំទោស​មិន​មែន​បង្ហាញ​ថា ​ពួក​គេ​មាន​កំហុស​ឡើយ​ ប៉ុន្តែ​ជា​ចេតនា​ចង់​បង្ហាញ​ថា​ ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​កំពុង​តែ​ដើរ​នៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ៕