អ្នកតាមដាន​លើក​ឡើង​ពី​ភាពស្រប​ច្បាប់​នៃ​ការបោះ​ឆ្នោត ប្រសិនបើ​មិន​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន

រូបឯកសារ៖ នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នក​តាម​ដាន​មើល​ឃើញ​ថា ​ប្រសិន​បើ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កក្កដា នឹង​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិ​បតេយ្យ​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ថយ​ក្រោយ​ ដោយ​សារ​តែ​ការ​បន្ត​ដឹកនាំ​ដោយ​ឯកបក្ស​នៅ​ក្នុង​រដ្ឋសភា។

ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​បែប​នេះ ធ្វើ​ឡើង​ក្រោយគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)​ បាន​សម្រេច​មិន​ចុះ​ឈ្មោះ​គណបក្ស​មួយ​នេះ សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែកក្កដា​ខាង​មុខ។ គណបក្ស​ភ្លើង​ទៀន​ថា​នឹង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​សម្រេច​ចុង​ក្រោយ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិច ​(NICFEC)​ ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ដែល​មាន​ប្រជា​ប្រិយ​ភាព​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច ហេតុនេះ​បើ​សិន​មិន​មាន​វត្ត​មាន​គណ​បក្ស​មួយ​នេះ វា​ធ្វើ​អ្នក​បោះ​ឆ្នោត​មាន​ការ​ខក​ចិត្ត​ ដែល​នេះ​វា​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ។

លោក​ថ្លែង​ថា៖ «វា​ប៉ះពាល់​ទាំង​ពីរ​ទាំង​សិទ្ធិ​ពល​រដ្ឋ និងសិទ្ធិ​នយោ​បាយ។ សិទ្ធិ​នយោបាយ គណបក្ស​នយោបាយ​អត់​បាន​ធ្វើ​នយោបាយ​ផង អត់​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ផង ហើយ​សិទ្ធិ​ពល​រដ្ឋ​ទៀត សិទ្ធិ​អ្នក​បោះ​ឆ្នោត​ទៀត។ គេ​ខក​ខាន​មិន​បាន​ទៅ​បោះ​ឱ្យ​គណប​ក្ស​ណា​ដែល​គេ​ពេញ​ចិត្ត»។

បើ​តាម​អ្នក​ឃ្លាំ​មើល​រូប​នេះ ការ​មិន​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​ដើរ​ថយ​ក្រោយ​ទេ ប៉ុន្តែ​វា​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ផង​ដែរ។

លោក សំ គន្ធាមី អះអាង​ថា ​ការ​មាន​ពហុគណបក្ស​នៅ​ក្នុង​សភា ជា​រឿង​ល្អ​សម្រាប់​លទ្ធិ​ប្រជាធិប​តេយ្យ ពី​ព្រោះ​ថា ​វា​នាំ​ឱ្យ​មាន​តុល្យភាព​អាសនៈ​នៃ​តំណាងរាស្ត្រ ហើយ​ច្បាប់ ក៏​ដូច​ជា​គោល​នយោបាយ​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការ​ជជែក​ដេញ​ដោល មុន​នឹង​អនុម័ត។

លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​ខុម​ហ្វ្រែល ​(Comfrel) លើក​ឡើង​ថា​ លោក​មាន​ការ​សោក​ស្តាយ​ បើ​សិន​ជា​គណបក្ស​ភ្លើង​ទៀន​មិន​មាន​វត្តមាន និង​ថា​ការណ៍​នេះ​ក៏​នឹង​អាច​ធ្វើ​ឱ្យ​បាត់​បង់​សន្លឹក​ឆ្នោត​ដែរ ដោយ​សារ​តែ​មិន​មាន​គណបក្ស​ជម្រើស​សម្រាប់​អ្នក​បោះ​ឆ្នោត​ដែល​គាំទ្រ​គណ​បក្ស​មួយ​នេះ​។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​ប្រសិន​បើ​អត់​មាន​ការ​ប្រកួត​ប្រជែង​ឆ្នាំ​២០២៣ នោះ​សំឡេង​ភាគ​ច្រើន​នៃ​ការ​ចូលរួម​គាំទ្រ ក៏​វា​មាន​ការ​បាត់​បង់​ បាត់​បង់​ទៅ​តាម​ហ្នឹង​ដែរ​។ បាត់​បង់​យ៉ាង​ម៉េច? បាត់​បង់​ដោយសារ​តែ​វា​អត់​មាន​គណបក្ស​ដែល​អ្នក​គាំទ្រ​ចង់​បាន​»។

អ្នក​តាម​ដាន​រូបនេះ​អះអាង​ថា​ ការ​មាន​គណបក្ស​ប្រឆាំង​ក្នុងសភា ជា​ការ​ល្អ​សម្រាប់​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​សភា​មិន​អាច​មាន​តែ​សំឡេង​ស្រប​មួយទេ​ វា​ត្រូវ​តែ​មាន​សម្លេង​មិន​ស្រប​មួយ​ទៀត ពីព្រោះ​សំឡេង​មិន​ស្រប​នេះ​ជា​ចំណុច​សំខាន់​ណាស់​ ដែល​ជា​កញ្ចក់​នៅ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​អនុវត្ត​សកម្មភាព​ ឬ​ក៏​ដំណើរ​ការរ​បស់​អង្គនីតិប្រតិបត្តិ»។

រដ្ឋសភា​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ស្រុង ក្រោយ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ​ប្រសិន​ជា​គ្មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅ​តែ​ឈ្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូ​ដី។ ប៉ុន្តែ​លោក​ថា​ការ​ឈ្នះ​នេះ​ប៉ះពាល់​ដល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ផង​ដែរ។

លោក មាស នី ​ អ្នក​វិភាគ​នយោ​បាយ​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​ជា​យើ​ង​មើល​ពី​លក្ខ​ខណ្ឌ​នៃ​ប្រជាធិប​តេយ្យ កាល​ណា​គណបក្ស​មួយ​ដែល​មាន​សំឡេង​គាំទ្រ​គួរ​ឱ្យ​កត់​សម្គាល់​បែប​នេះ កាល​ណាបើសិនមិន​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទេ អាច​ទទួល​រង​នូវ​ការ​រិះគន់​ ជា​ពិសេស​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​លទ្ធិប្រជាធិប​តេយ្យ បាន​ន័យ​ថា​នៅ​តែ​បង្ហាញ​នូវ​ចេតនា​នៃ​ការ​រារាំង​គណបក្ស​ប្រឆាំង»។

បើ​តាម​អ្នក​វិភាគ​រូប​នេះ ភាព​ស្មុគ​ស្មាញ​នៃ​ការ​ចុះ​បញ្ជី​របស់​គណបក្ស​ភ្លើង​ទៀន​ ក៏​ទំនង​ជា​ចេតនា​នៅ​ក្នុង​ការ​បង្អាក់​ដំណើរ​របស់​គណបក្ស​មួយ​នេះ​ផង​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន​ ប្រាប់វីអូអេ​ថា​អ្នក​ដែល​លើក​ឡើង​ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​រឹតត្បិត​គណបក្ស​ប្រឆាំង​ ជាការ​អត្តនោ​ម័តិ និង​មាន​គំនិត​មិន​ល្អ ខណៈ​ថា​អ្នក​វាយ​តម្លៃ​ថា​ស្រប​ច្បាប់ ឬក៏​អត់ គឺ​អាស្រ័យ​លើ​ប្រជាពល​រដ្ឋ មិន​មែន​គណបក្ស​នយោបាយ​ឡើយ។

លោក​បញ្ជាក់ថា​៖ «ការ​លើក​ឡើង​របស់​គាត់​គ្រាន់​តែ​ជា​គំនិត​អត្តនោម័តិ​របស់​គាត់​ប៉ុណ្ណោះ​ទេ ហើយមិន​អាច​ចាត់ទុក​ថា​ជា​គំនិត​ល្អ​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​ថា​មិន​មែន​អត់​គណបក្ស​ភ្លើង​ទៀន​មួយ ប្រជាពលរដ្ឋ​មិន​អាច​រស់នៅ​បាន​ប្រកប​ដោយ​សេចក្តី​ថ្កុំថ្កើង​ រុង​រឿង​ក្នុង​ដំបូល​សន្តិភាព​បាន​ទេ»។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ប្រមាណ១,៦លាន​នាក់។ បើ​គិត​តាម​សំឡេង​នេះ គណបក្ស​ភ្លើង​ទៀន​នឹង​ទទួល​បាន​អាសនៈ​ជាង​២០​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៥​នៅ​ក្នុង​រដ្ឋសភា៕