ប្រទេសកម្ពុជាអាចនឹងត្រូវគ្រប់គ្រងដោយរដ្ឋសភាឯកបក្ស ដែលមកពីគណបក្សប្រជាជនកម្ពុជាមួយអាណត្តិទៀត ក្រោយគណបក្សជំទាស់ដ៏ធំជាងគេ គឺគណបក្សភ្លើងទៀនបានបាត់បង់សិទ្ធិចូលរួមប្រកួតប្រជែងនាខែកក្កដាខាងមុខ ដោយសារតែស្ថាប័នរៀបចំការឆ្នោតបដិសេធក្នុងការចុះបញ្ជីឈ្មោះរបស់គណបក្សនេះ។
អ្នកតាមដានសង្គម និងអ្នកនយោបាយមួយចំនួនកត់សម្គាល់ថា ក្នុងពេលប្រទេសកម្ពុជាគ្រប់គ្រងដោយសភាឯកបក្សអស់រយៈពេល ៥ឆ្នាំ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ មានបញ្ហាអសកម្មកើតឡើង ហើយក្តីកង្វល់របស់ប្រជាពលរដ្ឋមិនត្រូវបានយកចិត្តទុកដាក់ឱ្យបានពេញលេញនោះទេ។
ពួកគេបន្ថែមថា សេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ លើកឡើងថា នៅពេលអវត្តមានគណបក្សភ្លើងទៀនក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៧នេះ នោះវានឹងធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងដោយឯកបក្សមួយអាណត្តិទៀត។ លោកមើលឃើញអំពើអយុត្តិធម៌នានាកើតឡើងក្នុងសង្គម ជាពិសេសបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ មិនសូវទទួលបានការយកចិត្តទុកដាក់ដោះស្រាយ ដោយសារមិនមានសំឡេងជំទាស់ក្នុងរដ្ឋសភា។
អ្នកនយោបាយរូបនោះបន្ថែមថា ប្រជាពលរដ្ឋត្រូវការតំណាងរាស្ត្រណាដែលមានឆន្ទៈហ៊ានចេញមុខការពារ និងដោះស្រាយបញ្ហា និងស្វែងរកយុត្តិធម៌ដល់ពួកគេ។ លោកថា បើទោះមានគណបក្សចំនួន ១៨ ចូលរួមប្រកួតប្រជែងក៏ដោយ ប៉ុន្តែវាមិនមានន័យសម្រាប់ពលរដ្ឋទេ ព្រោះគណបក្សទាំងនោះមិនទទួលបានសំឡេងគាំទ្រពីពលរដ្ឋច្រើន ដូចគណបក្សភ្លើងទៀន ដែលពលរដ្ឋផ្តល់សេចក្តីទុកចិត្តជាង ១លាន ៦សែននាក់ កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២។
លោកប្រាប់វីអូអេថា៖ «អ្វីដែលប្រជាពលរដ្ឋចង់បានមិនមែនចង់បានគណបក្សនេះ គណបក្សនោះទេ។ លោក[ពលរដ្ឋ] ចង់បានតំណាងរាស្ត្រណាដែលលោកយល់ថាមានឆន្ទៈពិតប្រាកដ ក្នុងការការពារគាត់នៅពេលខាងមុខ នៅពេលដែលគាត់ជួបបញ្ហា។ ឧទាហរណ៍ដីធ្លី បញ្ហាការងារ បញ្ហាផ្សេងៗទៀតដែលគាត់រងនូវអំពើអយុត្តិធម៌។ នោះហើយបើសិនជាគណបក្សភ្លើងទៀនមិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ [ដែល] គ្មានតំណាងរបស់ខ្លួន នៅក្នុងកៅអីសភាទេ អ្វីដែលដឹកនាំប្រទេសទៅថ្ងៃខាងមុខ ក៏មិនខុសប្លែកពីប៉ុន្មានឆ្នាំកន្លងទៅដែរ។ វានៅតែលំនាំឯកបក្សដដែល»។
លោកចាត់ទុកថា ការគ្រប់គ្រងប្រទេស ដោយប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នឹងធ្វើឱ្យការរៀបចំ និងដឹកនាំប្រទេសប្រព្រឹត្តទៅតាមគន្លងត្រឹមត្រូវ មានការអភិវឌ្ឍ រីកចម្រើនដល់សង្គមជាតិ និងលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋពិតប្រាកដ។ លោកចង់ឱ្យរដ្ឋាភិបាលកម្ពុជាគោរពឱ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ និងប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
ចំណែកស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន កត់សម្គាល់ថា ៥ឆ្នាំកន្លងមកនេះមានការបង្ក្រាបសកម្មជននានា និងចាប់ពួកគេដាក់ពន្ធនាគារជាបន្តបន្ទាប់ ដែលនាំឱ្យមានការរិះគន់ និងថ្កោលពីសហគម៍អន្តរជាតិជាបន្តបន្ទាប់។ លោកបន្ថែមថា គណបក្សកាន់អំណាចហាក់មិនខ្វល់ខ្វាយនឹងការរិះគន់ទាំងនេះឡើយ។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន បើប្រទេសកម្ពុជាដឹកនាំដោយឯកបក្សបន្តទៀត នោះវានឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតមួយចំនួនធំ និងប្រទេសដែលតែងតែជួយជ្រោមជ្រែងកម្ពុជាដើម្បីលទ្ធិប្រជាធិបតេយ្យ ខកចិត្តបន្ថែមទៀត ដែលនេះវាអាចជះឥទ្ធិពលដល់ទំនាក់ទំនងការបរទេស ហើយអាចឈានដល់ការដាក់សម្ពាធមកលើកម្ពុជាជាមិនខាន។
លោកប្រាប់វីអូអេថា៖ «បើសិនជាទៅអនាគត ៥ឆ្នាំតទៅមុខទៀត ហើយមិនមានគណបក្សណាមួយដែលអាចប្រកួតប្រជែងបានអាសនៈសភាទេ ខ្ញុំជឿថា ប្រហែលជាទទួលការរិះគន់ ឬដាក់សម្ពាធ ឬថ្កោលទោសពីសហគមន៍អន្តរជាតិកាន់តែច្រើន ហើយយើងពិបាកសហការជាមួយប្រទេសផ្សេងៗ ព្រោះយើងដឹងហើយ យើងដើរផ្ទុយ ឬបញ្ច្រាសពីអ្វីដែលយើងបានប្រឹងប្រែងរាប់ឆ្នាំមកហើយនោះ ដើម្បីលទ្ធិប្រជាធិបតេយ្យនោះ»។
ការកោះហៅមន្ត្រីរដ្ឋាភិបាលមកសាកសួរ និងការជំទាស់នៃការតាក់តែងច្បាប់ណាមួយជាអ្វីដែលអតីតតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិបានធ្វើកាលពីកន្លងទៅ មុនពេលដែលគណបក្សមួយនេះត្រូវបានរំលាយដោយតុលាការកំពូល។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា «ពហុបក្ស» មិនមែនសំដៅទៅដល់វត្តមានគណបក្សនយោបាយច្រើនចុះឈ្មោះចូលរួមបោះឆ្នោតនោះឡើយ។ ប៉ុន្តែវាសំដៅលើការមាន «ពហុសំឡេង» នៅក្នុងរដ្ឋសភា។ លោកបន្តថានៅពេលប្រទេសមានតែតំណាងរាស្ត្រអង្គុយក្នុងសភាមកពីគណបក្សតែមួយ នោះវាធ្វើឱ្យបាត់នូវអ្វីដែលហៅថា «នយោបាយពហុនិយម»។ លោកអះអាងថា សព្វថ្ងៃនេះ នយោបាយកម្ពុជាជា «នយោបាយបំបែកបំបាក់ ចែកដែនគ្នា កម្ទេចគ្នា» ដែលនាំឱ្យមានការរើសអើងផ្នែកនយោបាយ។
លោកបញ្ជាក់ថា៖ «តាមពិតទៅ ភាពសកម្មនយោបាយ គឺជារឿងចាំបាច់ ប៉ុន្តែកុំឱ្យប្រកាន់រឿងគណបក្សនយោបាយហ្នឹង វាជ្រុលនិយមពេក ត្រូវផ្តោតទៅលើស្មារតីខ្មែរតែមួយ ទោះបីជាមានការប្រកាន់និន្នាការគណបក្សនយោបាយខុសគ្នាក្តី។ ប៉ុន្តែយើងប្រកួតគ្នានៅក្នុងការរកវិធី រកយុទ្ធសាស្ត្រ គោលនយោបាយដើម្បីដោះស្រាយ និងដឹកនាំនាវាកម្ពុជាយើងឱ្យឆ្ពោះទៅមុខ ជាជាងយើងប្រឹងតែកម្ទេចគ្នា ដើម្បីបានអំណាចនិងសម្រេចមហិច្ឆតារបស់ខ្លួន»។
ចំណែកលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់វីអូអេថា ការដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទី ៦ មិនទាន់ដោះស្រាយបញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋបានពេញលេញនៅឡើយទេ។ លោកបន្ថែមថា សិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ក៏ត្រូវបានរឹតត្បិត និងរួមតូចផងដែរ។
លោកថ្លែងថា៖ «នៅពេលគណបក្សតែមួយ គណបក្សឯកបក្សកាន់អំណាចគ្រប់គ្រងសភាហ្នឹង ហើយរដ្ឋាភិបាលដឹកនាំនេះ តម្រូវការពលរដ្ឋហាក់ដូចជាមិនត្រូវបានឆ្លើយតបពេញលេញទេ រាល់ការលើកឡើង ការទាមទាររបស់គាត់ [ពលរដ្ឋ] ទី១។ ទី២ សេរីភាពនៃការបញ្ចេញមតិ លម្ហសេរីភាព សិទ្ធិនយោបាយហ្នឹងក៏រួមតូច ហើយសំឡេងខាងសង្គមស៊ីវិល ហើយនឹងបណ្តាញសារព័ត៌មានហ្នឹង ត្រូវបានរឹតត្បិត ត្រូវបានរួមតូច»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃសមាគមសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ក្នុងរយៈពេល ៥ឆ្នាំនៃការដឹកនាំដោយសភាឯកបក្ស កម្ពុជារងការរិះគន់ច្រើនពីសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកបន្ថែមថា កម្ពុជាចៀសមិនផុតពីការរិះគន់ឡើយ ប្រសិនបើប្រទេសបន្តដឹកនាំដោយរដ្ឋសភាឯកបក្សរយៈពេល ៥ឆ្នាំទៅមុខទៀត។
លោកបញ្ជាក់ថា៖ «ជាធម្មតា បើសិនជាមានគណបក្សនៅក្នុងសភាហ្នឹង មានតំណាងរាស្ត្រមកពីគណបក្សច្រើន អាហ្នឹងគឺវាមានការ Check and balace (ការបែងចែកអំណាច) ហើយវាមានការជជែកវែកញែក និងការដេញដោលគ្នាបានច្រើនសម្រាប់ការអភិវឌ្ឍ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការលើកឡើងនានាគ្រាន់តែជាការយល់ឃើញរបស់បុគ្គលមួយចំនួនតែប៉ុណ្ណោះ។ លោកការពារថារដ្ឋសភាឯកបក្សមែន ប៉ុន្តែការដឹកនាំមិនផ្តាច់ការនោះទេ ហើយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសដោយចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការដែលសភាមានគណបក្សតែមួយ មានតំណាងរាស្ត្រមកពីគណបក្សតែមួយនេះ គឺថា មិនមែនមានន័យថា ដឹកនាំបែបផ្តាច់ការ ឯកបក្សដូចដែលអ្នកសារព័ត៌មានមួយចំនួនយល់ទៅតាមអ្នកវិភាគនយោបាយ ឬមួយក៏សង្គមទេ ពីព្រោះសភា ទោះបីមានគណបក្សប៉ុន្មាននៅក្នុងរដ្ឋសភាក៏ដោយ ក៏វាឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលកើតចេញពីការបោះឆ្នោតហ្នឹងឯង»។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្រប្រមាណ ១លាន ៦សែននាក់ នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២។ សំឡេងគាំទ្រនេះត្រូវបានអ្នកតាមដានទស្សន៍ទាយថា គណបក្សជំទាស់មួយនេះអាចទទួលបានអាសនៈចន្លោះពី ២០ ទៅ ៣០ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន ១២៥៕