អ្នក​តាម​ដាន​រិះគន់​ការ​ផ្អាក​សាលា​រៀន​នៅ​រាជធានី​ភ្នំពេញ​ នៅ​ខែវិច្ឆិកា​ ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

រូបឯកសារ៖ សិស្ស​មួយ​ក្រុម​ដើរ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ បន្ទាប់​ពី​ការ​ឆ្លងជំងឺ​រាតត្បាត កូវីដ១៩ ក្នុង​សហគមន៍​ត្រូវ​បាន​បញ្ចប់ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២១។

អ្នក​តាម​ដាន​មួយ​ចំនួន​បាន​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការផ្អាក​សកម្មភាព​សាលា​រៀន​នៅ​ទូទាំង​រាជ​ធានី​ភ្នំ​ពេញ ​នា​ខែវិច្ឆិកា​ខាង​មុខ ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​រថយន្ត​របស់​គណៈ​ប្រតិភូ ​ដែល​នឹង​មក​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​

ការ​ផ្អាក​សកម្មភាព​សាលារៀន​ទាំង​រដ្ឋ​ និង​ឯកជន​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​នេះ​មាន​រយៈ​ពេល​៣ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​១២ ​ខែវិច្ឆិកា​ ឆ្នាំ​២០២២ ​ដែល​កម្ពុជា​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល ​ដែ​ល​មាន​ថ្នាក់​ដឹកនាំ​ពិភព​លោក​ចូលរួម​ផង​ដែរ។​

ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​ លោក ​បណ្ឌិត​ ប៉ា ច័ន្ទរឿន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​អប់រំ​ឡើយ​ ហើយ​ថា​ ចំណាត់​ការ​នេះ​ហាក់​ធ្វើ​ឡើង​ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​និស្សិត។ ​ប្រធាន​វិទ្យាស្ថាន​រូប​នេះ​បាន​ផ្តល់​ជា​ដំណោះ​ស្រាយ​៣​ចំណុច ​ដែល​ទី​មួយ​ បិទ​តែ​សាលា​រៀន​ណា​ដែល​នៅ​ជិត ​ឬ​ជាប់​ផ្លូវ​កន្លែង​កម្មវិធី​ប្រជុំ។ ​ទីពីរ ​សាលា​រៀន​នៅ​ទី​តាំង​ឆ្ងាយ​ពី​កិច្ច​ប្រជុំ​អាច​ដំណើរ​ការ​ធម្មតា ​និង​ទីបី ​សិស្ស​នៅ​សាលា​ដែល​នៅ​ជិត/ជាប់​កន្លែង​ប្រជុំ​អាច​រៀន​តាម​អន​ឡាញ។​

លោក​ថ្លែង​ថា៖​ «បើ​សិន​ជា​យើង​អាច​ធ្វើ​តាម​វិធី​ទាំង​៣​នេះ​បាន​ ខ្ញុំ​គិត​ថា ​អាច​កាន់​តែ​ជួយ​សម្រួល​ដល់​ដំណើរ​ការ​នៃ​ការ​ធ្វើ​ដំណើរ ​ការ​រៀបចំ ​ការ​ប្រារព្ធ​ពិធី​ប្រជុំ​កំពូល​ហ្នឹង​ ហើយ​ក៏​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិស្ស​និស្សិត​របស់​យើង ​ខាត​ការ​សិក្សា​រៀន​សូត្រ​ច្រើន​ផង»។​

លោក ​ប៉ា ច័ន្ទរឿន ​បន្ថែម​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ ដែល​បណ្តាល​មក​ពី​ផ្លូវ​តូច​ ចំនួន​ប្រជាជន​កើន​ឡើង​ និង​ការ​មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍។ ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​សិក្សា​ឱ្យ​បាន​លម្អិត​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ ​ដូច​ជា​កត្តា​មនុស្ស ​កត្តា​ផ្លូវ​ថ្នល់ ​កត្តា​វិស្វកម្ម​នៅ​ក្នុង​ការ​រៀបចំ​ផ្លូវ ​ក៏​ដូច​ជា​ចរាចរណ៍​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី ​ចក់ សុភាព ​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​គួរ​តែថ្លឹង​ថ្លែង​ថា​ តើ​វា​មាន​ភាព​ចាំបាច់​ខ្លាំង​ប៉ុនណា ​ដែល​ត្រូ​វផ្អាក​សាលា​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ខណៈ​ស្ថាប័ន​ដទៃ​ទៀត​មិន​មាន​ការ​ផ្អាក។ ​អ្នកស្រី​បន្ត​ថា ​ ក្រសួង​អប់រំ​គួរ​តែ​ផ្អាក​សាលារៀន​ ក៏ដូច​ជា​កន្លែង​ណាមួយ​ដែលនៅ​ជិត​កន្លែង​កម្ម​វិធី​ប្រជុំ ​ជាជាងផ្អាក​សាលា​រៀន​ទាំង​អស់។​

អ្នកស្រី​ថ្លែង​ថា៖​«ខ្ញុំ​គិត​ថា ​មិន​គួរ​យើង​ត្រូវ​ឱ្យកុមារ​ ត្រូវឱ្យ​សិស្ស​ទាំង​ឡាយ​ត្រូវ​ខាត​បង់​គ្រាន់​តែ​ដើម្បី​ឱ្យ​ ថ្នាក់​ដឹកនាំ ​មន្ត្រីរាជការ​ មាន​ឱកាស​នៅ​ក្នុង​ការ​ប្រជុំ»។​

នាយិកា​រូប​នេះ​បន្ថែម​ថា ​ការ​ផ្អាក​សាលា​រៀន​ដើម្បី​សម្រួល​ដល់​គណៈ​ប្រតិភូ​គ្រាន់​តែ​ជា​មធ្យោបាយ​ដោះ​ទ័ល​មួយ​ពេល​ប៉ុណ្ណោះ ​ខណៈ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ​អ្នក​ស្រី​អះអាង​ថា ​ការ​កក​ស្ទះ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ច្រើន​ដល់​ប្រជា​ពល​រដ្ឋ​ មិន​ថា​ ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​ទាំង​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​របស់​បុគ្គល​ទេ។​

អ្នកស្រី​បាន​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​ត្រូវ​គិតគូរ​ឱ្យ​លើស​ពី​វិធានការ​បណ្តោះ​អាសន្ន​នេះ​ថែមបានឆ្លើយ​តប​នឹង​បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍​ហ្នឹង ​ថា​តើ​យើង​នឹ​ង​មាន​ដំ​ណោះ​ស្រាយ​បែប​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង»។​

អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​លោក ​រស់ សុវាចា ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​ប្រាប់​អ្នក​យក​ព័ត៌មាន​វីអូអេឲ្យ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង។​

កាលពី​ថ្ងៃទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​ផ្អាក​ដំណើរ​ការ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ ​និង​ឯកជន​គ្រប់​កម្រិត​ជា​បណ្តោះ​អាសន្ន​ នៅ​រាជ​ធានី​ភ្នំពេញ ​ចំនួន​៣ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​១២ ​ខែ​វិច្ឆិកា​ ឆ្នាំ២០២២។ ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ ការ​ផ្អាក​នេះដើម្បី​សម្រួល​ដល់​ក្បួន​រថយន្ត​របស់​គណៈ​ប្រតិភូ​ ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ ​និង​ទី​៤១ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ។​

ក្រៅ​ពី​នេះ ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​ផ្អាក​រៀបចំ​ពិធី​បុណ្យ​អុំទូក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ព្រម​ទាំង​លើក​ពេល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ដែល​គ្រោ​ង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា ​ទៅ​ធ្វើ​នៅ​ក្នុងខែ​ធ្នូ​វិញ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១២​ នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​សមាគម​អាស៊ាន​ រដ្ឋាភិបាល​ក៏​បាន​ផ្អាក​សាលារៀន​ផង​ដែរ ​ដែល​កាល​នោះ ​អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេរិក ​លោក ​បារ៉ាក់ អូបាម៉ា​ ក៏​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​មក​ចូល​រួម​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ​ជាប់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី៕​